បន្ទាយមានជ័យ ៖ បន្ទាប់ពីជួបគ្រោះរាំងស្ងួតមួយរយៈធំដែលធ្វើអោយកង្វះទឹកស្រោចស្របដំណាំកសិកម្ម ស្រាប់តែកាលពីយប់ថ្ងៃទី១៩ មករា ២០១៦ មានភ្លៀងមួយមេស្រោចស្រប គ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ ធ្វើអោយប្រជាពលរដ្ឋជាពិសេសកសិករមានភាពរីករាយត្រេកអរក្រៃលែង ដែលធ្វើអោយដំណាំរបស់ពួកគាត់អាចទទួលផលបាន ។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ត្រូវបានជួបបញ្ហាកង្វះទឹក ទាំងការស្រោចស្រប និងការប្រើប្រាស់ ធ្វើអោយអាជ្ញាធរខេត្តដែលដឹកនាំដោយលោក លី សារី ជាអភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ តែងប្រើគ្រប់វិធី ក្នុងការទប់ទឹកស្ទឹងសិរីសោភ័ណ រកប្រភពទឹក ដើម្បីត្រៀមផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ និងស្រោចស្របស្រូវប្រាំង ក្នុងនោះឃើញថា ស្រុកមង្គលជួបបញ្ហា គ្មានទឹកប្រើប្រាស់ និងស្រោចស្រប ដោយសារតែស្ទឹងបឹងបួររីងស្ងួត ត្រូវបានយកទឹកពីក្រុងសិរីសោភ័ណ ។ ដោយសារតែកង្វះទឹកនេះ ធ្វើអោយប្រជាពលរដ្ឋ រវាងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ថ្នាំងថ្នាក់និងគ្នា ដោយមួយត្រូវបាន
ស្រោចស្របដំណាំកសិកម្ម និងមួយទៀតត្រូវការទឹកសម្រាប់ប្រើប្រាស់ ។ បញ្ហាទាំងអស់នេះត្រូវបានរំសាយមួយភាគធំបែរមកជារីករាយវិញ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្ទឺពេញមួយយប់ទូទាំងខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ តាមរយៈភ្លៀងមួយមេនេះ គឺបានជួយស្រោចស្រប ដំណាំស្រូវ និងដំឡូង ហើយពួកគាត់សង្ឃឹមថា នឹងការភ្លៀងធ្លាក់បន្តបន្ទាប់ទៀត ហើយវានឹងដោះស្រាយបញ្ហាកង្វះទឹកបាន ៕


































