ខេត្តមណ្ឌុលគិរីៈ ក្រោយយុទ្ឋាការបង្ក្រាបឈើទូទាំងប្រទេស ផ្អើលកក្រើកអស់អារុក្ខអារក្សអ្នកតា ជាពិសេសអស់លោកឧកញ៉ាដែលជាប់ខ្លួនក្នុងការរកស៊ីបទល្មើសព្រៃឈើនាពេលកន្លងមកនោះ ឮថា ខ្លះបានរត់ចោលស្រុកអស់មួយចំនួន ហើយខ្លះទៀតកំពុងភ័យ បាយ មិននឹក ទឹក ក៏មិនស្រេក។ក្នុងរយៈពេល៣ទៅ៤ថ្ងៃនេះក្រុមហ៊ុនធំៗមួយចំនួនដែលធ្លាប់កាក់កបក្នុងជំនួញឈើ ត្រូវបានគណៈកម្មការចម្រុះថ្នាក់ជាតិបង្ក្រាបបទល្មើសព្រៃឈើ ដែលដឹកនាំដោយឧត្តសេនីយ៏នាយឧត្តមសេនីយ៍ឯក សៅ សុខា ចុះពិនិត្យនឹងបង្ក្រាបលើទីតាំងនានាដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង…ជាដើម ហើយបានរកឃើញឈើ ខុសប្រក្រតីរាប់ពាន់ម៉ែត្រគូប។
ដោយសារតែមានការចាប់បង្ក្រាបខាងលើនេះ បានធ្វើឲ្យក្រុមហ៊ុនមួយចំនួននៅខេត្តមណ្ឌលគីរី កំពុងរមាស់ខ្នង នឹងបានដុតបំផ្លាញឈើទាំងអស់ដែលក្រុមឈ្មួញ បានដឹកមកទុកគរក្នុងដីក្រុមហ៊ុនរាប់រយម៉ែត្រគូមុនពេលមានសកម្មភាពចាប់បង្ក្រាបដ៏ធំ ហើយខ្លះទៀតត្រូវបានប្រភពរាយការណ៏ថាគេដឹកយកទៅកប់ក្នុងដី។ក្រុមហ៊ុនដែលបានដុតនឹងកប់ឈើហ៊ុបខាងលើ គឺមានឈ្មោះ ប៊ិញភ្វឿក នឹងប៊ិញភ្វឿក១ ដែលស្ថិតនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាប់ព្រំុប្រទល់ស្រុកស្នូល ខេត្តក្រចេះ ។ ការរកឃើញសកម្មភាពដុតឈើនេះ នៅរសៀលថ្ងៃទី២១ មករា ២០១៦ លើទីតាំងដីក្រុមហ៊ុនតែម្តង។ឈើដែលត្រូវគេដុតបំផ្លាញនោះជាប្រភេទ.សុក្រំ. ផ្ចឹក. ឈើទាល. ជាដើម ឈើទាំងអស់នេះត្រូវគេប្រទះឃើញនៅក្នុងក្រុមហ៊ុនប៊ិញភឿក២ ដែលជាក្រុមហ៊ុនទទួលបានសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលវិនិយោគណាំកៅស៊ូនៅក្នុងស្រុក កែវ សីមា ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាឈើប្រណីតជាច្រើនទៀតបានត្រូវគេដុតបំផ្លាញ និងកប់ក្នុងដីបំបាត់ភស្តុតាង មុនពេលក្រុមមន្ត្រីគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយឧនាយឧត្តមសេនីយ៍ សៅ សុខា ។ប្រភពបានបញ្ជាក់បន្ថែមថា ឈើប្រណីតដែលគរទុកនិងមួយចំនួនកំពុងដុតនោះជារបស់មន្ត្រីកងរាជអាវុធហត្ថម្នាក់នៅក្នុងខេត្តមណ្ឌលគិរី ដោយមានលោកឧកញ៉ា សឹង សំអុល ជាអ្នករត់ការដឹកជញ្ជូន ។
យ៉ាងណាក៍ដោយនៅរសៀលថ្ងៃទី ២១ មករា ២០១៦ នេះគេមិនទាន់ដឹងពីចំណាត់ការរបស់ សមត្ថកិច្ចនៅឡើយទេ ហើយក៍មិនទាន់ដឹងថាមន្ត្រីគណៈកម្មការជាតិទប់ស្កាត់និង បង្ក្រាបបទល្មើសព្រៃឈើចុះមកត្រួតពិនិត្យនៅពេលណានោះដែរ ។មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង បានមានប្រសាសន៍តាមទូរស័ព្ទប្រាប់អ្នកសារពត៌មានយើងថា លោកមិនមានការពាក់ព័ន្ឋនឹងឈើខាងលើនេះទេ ហើយថាលោកនឹងចាប់អ្នកណាដែលនិយាយថា ឈើនេះជារបស់លោក ដោយលោកកំពុងតាមអ្នកដែលបញ្ចេញព័ត៌មានចោទប្រកាន់នេះ ។ បើតាមលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅពេលនេះ ខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កំពុងចុះពិនិត្យផ្ទៀងផ្ទាត់ឈើនៅក្នុងក្រុមហ៊ុនប៊ិញភឿក២។
លោកវង់ សុកសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី នឹងលោកជុយ សុខឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមាបានឲ្យដឹងថាករណីនេះលោកបានទទួលព័ត៌មានហើយ នឹងកំពុងចាត់កម្លាំងចុះធ្វើការ។សកម្មភាពដុតបំផ្លាញឈើខាងលើនេះ ត្រូវបានក្រុមអ្នកតាមដានចាំឃ្លាំមើលការបង្ក្រាបបទល្មើសព្រៃឈើទាំងនេះទៅជាយ៉ាងណាទៅវិញបើទង្វើរបំផ្លាញវត្ថុតាងនឹង ជាសកម្មភាពប្រឆាំងទៅនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ។
ម្យ៉ាងវិញទៀត សកម្មភាពចុះបង្ក្រាបរបស់មន្ត្រីជំនាញ ហាក់យឺត ពេលមួយជំហានទៅហើយ ព្រោះតែឈើនៅតាមក្រុមហ៊ុនមួយចំនួន ត្រូវបានគេដឹកជម្លៀសចេញ ខ្លះយកទៅកប់ ខ្លះយកទៅដុតបំផ្លាញចោលគួរឲ្យសង្វេគជាពន់ពេកចំពោះព្រៃឈើស្រុកខ្មែរ ខណៈដែលគេដឹកយកទៅលក់ឲ្យជនជាតិ យួនរាប់ខែរាប់ឆ្នាំ ធ្វើមានធ្វើបាន រហូតដល់មនុស្សមួយចំនួនតូច បានទទួលងារជាឧកញ៉ាថែមទៀត ហើយនៅពេលគេដឹកយកទៅលក់មិនបាន គេដុតចោលដោយគ្មានអាសូរសូម្បីបន្តិច៕ ពលៈ មណ្ឌលគិរី