សៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៤ នៅក្នុងបរិវេណវត្តស្លាត ឃុំស្វាយចេក ស្រុកអង្គរធំខេត្តសៀមរាប មានបើកវេទិកាសាធារណៈស្ដីពីការពិគ្រោះយោបល់ និងការពិភាក្សារាល់បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយ ជូនបងប្អូនយើងឲ្យបានសមស្រប
ទៅតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានកំណត់ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯ.ឧ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះស្រុកអង្គរធំ ដោយមានការអញ្ជើញចូលរួមៈ ឯកឧត្តមជា អនុរដ្ឋលេខា ធិការ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ រួមទាំងប្រជាពលរដ្ឋដែលមក ៦ភូមិ ក្នុងឃុំស្វាយចេក ដែលមានចំនួនសរុប២០១នាក់ ចូលរួម ។
បន្ទាប់ពីមតិស្វាគមរបស់លោក ឡុង រដ្ឋាតក្ស អភិបាលស្រុកអង្គរធំរួចមក ឯ.ឧ ឃុន វុធ បានមានមតិបើកអង្គវេទិការដោយបានបញ្ជាក់ថា វេទិកានេះនឹងពិគ្រោះយោបល់ផ្តល់ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នូវឱកាសដើម្បីធ្វើការ ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាមួយប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល វិស័យឯកជន និង ជំនាញនានា ដើម្បីធ្វើការ ផ្លាស់ប្តូរ ព័ត៌មាន បទពិសោធន៍ និង ផ្តល់ប្រឹក្សាយោបល់ អំពីអាទិភាពនៃការអភិវឌ្ឍន៍មូលដ្ឋាន និង ការងារនៅមូលដ្ឋាន ដោយសម្តែងចេញនូវបំណងប្រាថ្នា និង ការព្រួយបារម្ភរបស់ខ្លួន ព្រមទាំងលើកឡើងនូវអនុសាសន៍សម្រាប់កែលម្អ ។
ឯកឧត្តមក៏បានបន្តទៀតថា វេទិកានេះ គឺជាមធ្យោបាយដ៏ប្រសើរ ដើម្បីជម្រុញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមាន តម្លាភាពគណនេយ្យភាព លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហានៅក្នុងមូលដ្ឋាន និង គាំទ្រ ដល់ ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ព្រមទាំងឲ្យមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ក្នុងការផ្ដល់អាទិភាពឲ្យបញ្ចេញមតិយោបល់អំពីបញ្ហាទុក្ខលំបាករបស់បងប្អូនរស់នៅពេលបច្ចុប្បន្ន ក្នុងអង្គវេទិកានេះផងដែរ។
ស្ថិតក្នុងឱកាសនោះ ការពិភាក្សាសំណួរចម្លើយ រវាងប្រជាពលរដ្ឋ និងវាគ្មិន ត្រូវបានប្រជាពលរដ្ឋចោទសួរសំណួរជាច្រើនដោយផ្ទាល់ ដែលទាក់ទងទៅនឹងបញ្ហាទុក្ខកង្វល់ ប្រឈម និង សំណូមពរ ទៅលើបញ្ហា វិវាទដីធ្លី ផ្លូវថ្នល់ ប្រព័ន្ធ ធារាសាស្ត្រ ការធ្វើចំណាកស្រុក បញ្ហាសុំតភ្ជាប់អគ្គិសនី ក្រុមក្មេងទំនើង និង បង្គន់អនាម័យ ។ ក្នុងនោះដែរបណ្តាអស់ លោកជាវាគ្មិន នៃមន្ទីរដែលមានការពាក់ព័ន្ធ ក៏បានធ្វើការឆ្លើយបកស្រាយ នូវរាល់ចម្ងល់បញ្ហាដែលបងប្អូនប្រជាពលរដ្ឋ បានលើកឡើង ។
ឆ្លងតាមការបកស្រាយរបស់វាគ្មិននៃមន្ទីរ ស្ថាប័ន អង្គភាពដែលមានការពាក់ព័ន្ធ្ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការបាត់នូវមន្ទឹលសង្ស័យ នូវរាល់ទុក្ខកង្វល់ ដែលបានបង្កប់ទុកនៅតាមមូលដ្ឋានខ្លួនជាយូរ ដែលធ្វើឲ្យបងប្អូនមានការ ជឿជាក់ក្នុងកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
មានមតិបូកសរុបលទ្ធផលការងាររបស់អង្គវេទិកាសាធារណៈថ្នាក់ជាតិនាពេលនេះ ឯ.ឧ ឃុន វុធ បានគូសបញ្ជាក់ថា អង្គវេទិកា សាធារណៈនេះ មានសារៈសំខាន់ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងការសម្ដែងមតិយោបល់ ពីបញ្ហាទុកកង្វល់ដែលតែងកើត មានឡើងនៅក្នុងមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយប្រកបដោយភាពជឿជាក់ពីប្រជាពលរដ្ឋ ជាមួយក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ។
ក្នុងនោះឯកឧត្តមក៏បាន បញ្ជាក់ឲ្យបងប្អូនផងដែរ នូវរាល់សំណួរមួយចំនួន ដែលក្រុមការងារនៅមិនទាន់បកស្រាយនោះ និង ធ្វើការបកស្រាយបន្ត ហើយរាល់បញ្ហាមួយចំនួន ក្រុមការងារនឹងពាំនាំ យកទៅថ្នាក់ជាតិធ្វើការដោះស្រាយផងដែរ ។ អង្គវេទិកានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលជាជំហានរីកចម្រើនថ្មីមួយ សម្រាប់រាជរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ និង
គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា សម្ខាន់ការពង្រឹងខឿនលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានឲ្យកាន់តែមានភាពរឹងមាំ សំដៅលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋានឈានទៅការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ៕