សៀមរាប : ករណីគ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ខែឩសភាឆ្នាំ២០១៤នេះនៅត្រង់ចំណុចខាងកើតស្ពានថ្មព្រះរាជដំណាក់ក្រុងសៀមរាប។ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងអំឡុងម៉ោងកើតហេតុខាងលើរថយន្តបង្កហេតុម៉ាកកាម៉ារី ពណ៍ ស សេរីឆ្នាំ៨៥ ចង្កូតស្តាំ មួយគ្រឿងនេះបានបើកបញ្ចាសទិសឆ្លងស្ពានថ្មពីលិចទៅកើតលុះឆ្លងមកដល់ចុងស្ពានស្រាប់តែរថយន្តល្មើសនេះបានបើក
ទៅបុកជាម៉ូតូរងគ្រោះមួយគ្រឿងទៀតដែលបើកផ្ទុយទិសគ្នារួចរថយន្តក៏បានរេចង្កូតទៅបុកជាមួយនិងឃើនថ្មបណ្តាលឲ្យបែកកង់ខាងឆ្វេងទៅមុខមិនរួចបន្តមកសមត្ថកិច្ចដែលប្រចាំការគោលដៅចំណុចកើតហេតុខាងលើទៅជួយធ្វើអន្តរាគមន៍ឲ្យម្ចាស់ម៉ូតូរងគ្រោះក៏ស្រាប់តែអ្នកបើករថយន្តបានបើកទ្វាឡានរត់គេចបាត់ស្រមោលតែម្តង ។ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក
បានបន្តឲ្យដឹងទៀតថាបន្ទាប់ពីសមត្ថកិច្ចយើងបានទៅដល់ត្រង់ចំណុចកើតហេតុក៏បានធ្វើការត្រួតពិនិត្យមើលនៅក្នុងរថយន្តបង្កហេតុក៏បានឃើញឈើគ្រញូងជាច្រើនដុំនៅខាងក្រោយគូថឡានទើបកម្លាំងនគរបាលចរាចរណ៍បានទំនាក់ទំនងមកកាន់កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ជំនាញរដ្ឋបាលព្រៃឈើមកធ្វើការត្រួតពិនិត្យនិងចំណាត់ការទៅតាមនិតិវិធីជាបន្ត ៕ ដោយ លោក ខេង ខេមរា