ខេត្តសៀមរាប៖ មេក្លោងលក់ថ្នាំញៀនយ៉ាងសកម្មនៅក្នុងក្រុងសៀមរាបម្នាក់ រួមនឹងបក្ខពួក២៥នាក់ផ្សេងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការចាប់ខ្លួនបញ្ជូនទៅតុលាការ។
នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប លោកអនុសេនីយឯកធាវ ច័ន្ទតារា បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រុមជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងក្រុងសៀមរាប ក្នុងនោះមានម្នាក់ឈ្មោះ សួស ភីរម្យ អាយុ៣១ឆ្នាំ ជាមេក្លោងធំ។ លោកបន្តថា ក្រុមនេះភាគច្រើនគេធ្វើសកម្មភាពលក់ថ្នាំ ញៀនទៅឲ្យអ្នករត់ម៉ូតូឌុប រ៉ឺម៉ក នារីបម្រើការនៅខារ៉ាអូខេ និងភ្ញៀវបរទេស។
លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនបន្តទៀតថា ក្រោយពីការសាកសួរអ្នកទាំង២៦នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០១៦នេះ៕
វេហាស៍