ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុស២នាក់ ជិះម៉ូតូធុនធំបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តដឹកថ្មបានបុកហើយកិនពីលើក្នុងទិសច្រាស់គ្នា ហើយរថយន្តបានបើករត់គេចបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង០៥នាទីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកចូលព្រលានយន្តហោះតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកវរៈសេនីយ៍ត្រី ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ជនរងគ្រោះទាំង២នាក់មាន ១.ឈ្មោះ សៀន ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកCBR ពណ៌ក្រហម ពាក់ផ្លាកលេខ 1CV-7707, និង២.ឈ្មោះ វ៉ាន់នី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកជិះពីក្រោយ ពួកគេរស់នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ត្រូវបានរថយន្តបុកហើយកិនពីលើស្លាប់ភ្លាមៗទាំង២នាក់នៅកន្លែងកើតហេតុចំ ណែកម៉ូតូជនរងគ្រោះបានខូចខ្ទេចទាំងស្រុង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូក្នុងទិសដៅពីជើងមកត្បូងមានល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុជាផ្លូវបត់កោង ត្រូវបានរថយន្តដឹកថ្មភ្នំរបស់ក្រុមហ៊ុនមួយមិនស្គាល់ឈ្មោះមួយបើកពីក្នុងទិសដៅច្រាស់ទិសគ្នា និងបានបុកម៉ូតូចំពេញទំហឹងតែម្តង បណ្តាលអោយជងរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុភ្លាម អ្នកបើកបររថយន្តបានបើករថយន្តរត់គេចទៅការដ្ឋានវាយថ្មរបស់ខ្លួន នៅក្នុងហេតុការខាងលើនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពុងស្វែងរករថយន្ត និងអ្នកបើករថយន្ត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រេពៃណីនៅក្នុងលំនៅដ្ឋាន៕