សៀមរាបៈ មឆ្ឆាជាតិកំពុងតែរលាយ និងគ្មានការកើនឡើង ដោយសារតែការនាំគ្នា ប្រើប្រាស់ឧបករណ៍នេសាទត្រី ដោយខុសច្បាប់ ក្នុងការនេសាទត្រីក្នុងបឹងទន្លេសាប ទើបបណ្តាលឲ្យមឆ្ឆាជាតិមានការថយចុះគួរអោយកត់សម្គាល់ ដែលសកម្មភាពរុញស៊ីប បានធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ត្រូវបានគេប្រទះឃើញក្នុងដែនដីភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រ និគមន៍ ខេត្តសៀមរាប។
សកម្មភាពការរុញស៊ីបត្រូវបានគេប្រទះឃើញ នៅចំនុចចាប់ពី ព្រំប្រទល់ខេត្តកំពង់ធំ មកទល់និងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ចាប់ពីម៉ោង២រសៀល ដល់ម៉ោង១២យប់ ជារៀងរាល់ថ្ងៃ ដែលមានកាណូត រុញស៊ីបចាប់ពី ៥០ ទៅ៧០គ្រឿង បានធ្វើសកម្មភាពរុញស៊ីបដោយសុទ្ធតែជាឧបករណ៍នេសាទខុសច្បាប់ និងត្រូវបានហាមឃាត់ពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឲ្យលុបបំបាត់ចោលទាំងស្រុង។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទោះជាមានការហាមឃាត់ ពីសំណាក់មន្ត្រីជំនាញ រដ្ឋបាលជលផលក៏ដោយ ក៏នៅមានការនេសាទដោយ ខុសច្បាប់ដោយពុំមានការថយចុះ ផ្ទុយទៅវិញគឺមានតែការកើនឡើង ដោយគេសង្កេតឃើញសកម្មភាពទាំងនេះ គឺជាជនជាតិវៀតណាម មួយចំនួនធំ និងមួយចំនួនតូចជាប្រជាពលរដ្ឋខ្មែរ ដែលមានទីលំនៅឃុំកំពង់ឃ្លាំង ទទឹមគ្នានោះដែរ សកម្មភាពការនេសាទត្រី ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេះ បានធ្វើឲ្យមានការព្រួយបារម្ភណ៍យ៉ាងខ្លាំង ចំពោះធនធានមឆ្ឆាជាតិ ដែលកំពុងតែបាត់បង់និងផុតពូជ។
ក្នុងនោះប្រជាពលរដ្ឋ បានសំណូមពរ យ៉ាងទទូច ដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ ជួយមានវិធានការទប់ស្កាត់ និងបង្ក្រាបការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់នេះ ដោយសាររំពឹងតែសមត្ថកិច្ចរដ្ឋបាលជលផល នៅក្នុងមូលដ្ឋានបង្ក្រាបនោះ គឺពុំសូវមានប្រសិទ្ធិភាព និងមិនអាចលុបបំបាត់ចោលទាំងស្រុងនោះទេ ។
លោក រឹម សំអ៊ុន នាយផ្នែករដ្ឋបាលជលផលដំដែក ពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺជុំវិញករណី ប្រើប្រាស់ឧបករណ៍រុញនេសាទស៊ីបនៅក្នុងដែកគ្រប់គ្រងបានទេ ដោយសារតែទូរស័ព្ទចូលហើយតែពុំមានអ្នកលើក កាលពីព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ ។
ដោយ ប៊ុន រដ្ឋា