កំពង់ធំៈ បើពុំមានភ្លើងក៏ពុំមានផ្សែងដែរ ជាក់ស្តែងបទល្មើសនេសាទដែលកំពុងតែសំរុកដាក់ពេញបន្ទុក នៅក្នុងស្រុក បារាយណ៍ ខេត្តកំពង់ធំ ពុំត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផល យកភ្នែកមើលនោះទេ បណ្តែតបណ្តោយឲ្យមានការដាក់សម្រាស់ និងរបាំងសាច់ក្រហម ពេញផ្ទៃស្ទឹងកំបុត ស្ថិតនៅក្នុងឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជាក់ស្តែងបទល្មើសដាក់សសំរាស់ កាត់ស្ទឹង និងបឹង រួមទាំងការដាក់របាំងសាច់ក្រហម ស្បៃមុង និងការដាក់ ព្រួល កាត់ព្រែក គឺជាបទល្មើសហាមដាច់ខាត មិនឲ្យមានជាដាច់ខាតរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា តាមសារាចរណែនាំលេខ០០១ តែផ្ទុយទៅវិញបែរជាលោក ជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផល បារាយណ៍ អនុវត្តផ្កើនផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថែមទាំងបើកភ្លើងខៀវឲ្យឈ្មោះ ចែឡាប នេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដាក់សាច់រ៉ូយ៉ាល់ ៤កន្លែង និងឈ្មោះ តាសោម បានដាក់សំរាស់ធំៗជាច្រើនកន្លែងប៉ៅផ្តាច់ស្ទឹងកំបុត ជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ តាមផ្លូវទូក កាណូត ដោយសារតែបាន សម្រាស់ និងរបាំងរ៉ូយ៉ាលពេញស្ទឹង។
តាមប្រភពព័ត៌មាន ដែលបានខ្សឹបប្រាប់អ្នកសារព័ត៌មាន និងសុំមិនឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងថា ឈ្មួញដែលមានសិទ្ធក្នុងការប្រព្រឹត្តបទល្មើសនេះ គឺមានមន្ត្រីសង្កាត់រដ្ឋបាលជលផល នៅពីក្រោយសម្រាប់កាង បទល្មើសនេសាទ លោកបានបញ្ជាក់ថា សម្រាប់ក្បាលឆក់ ត្រូវបង់ជូនសង្កាត់រដ្ឋបាលជលផល បារាយណ៍ ក្នុងមួយក្បាលឆក់ ១៥ម៉ឺនរៀលក្នុងមួយរដូវ ចំណែករបាំងសាច់ស្បៃមុង របាំងរ៉ូយ៉ាល់ ក្នុងមួយម្ចាស់ ៣លានរៀល សម្រាប់មួយកន្លែង តែបើមិនបង់លុយឲ្យជលផល និងសមត្ថកិច្ច គេពុំឲ្យនេសាទទេដោយប្រើប្រាស់ ឧបករណ៍ទាំងនេះបានទេ។
នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦នេះ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បន្ទាប់ពីទទួលបានព័ត៌មាន ថាទីតាំងខាងលើមានការប្រើប្រាស់ឧបករនេសាទ ដែលត្រូវបានច្បាប់ហាមឃាត់ ក៏បានបញ្ជារកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាប និងដុតកំទេចចោល នៅចំនុចស្ទឹងកំបុត ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ទាក់ទិននឹងបញ្ហាចោទថា សមត្ថកិច្ចរដ្ឋបាលជលផល ជាអ្នកបើកភ្លៀងខៀវ ឲ្យចែឡាប និងតាសោម ដែល ជាមេក្លោងក្នុងការប្រព្រឹត្តបទល្មើសនេសាទនេះ អ្នកព័ត៌មានបាន សុំការបំភ្លឺពីលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល កំពង់ធំ ដើម្បីសុំការបំភ្លឺតាមទូរស័ព្ទវេលាម៉ោង ២.៦នាទី តែទូរស័ព្ទខលចូលហើយតែ ពុំមានអ្នកទទួល ទើបពុំអាចសុំការបកស្រាយពីមូលហេតុដែលបង្ករឲ្យមាន បទល្មើសពេញស្ទឹងនេះ។