ចែរំដួលនាំគ្រឿងចក្រឈូសឆាយដីតំបន់ដែនអភិរក្សសត្វខ្សឹបនិងជម្រកត្រីពងកូនគឺព្រៃលិចទឹក

0

កំពង់ធំៈ កន្លងមកនេះមានសកម្មភាពឈូសឆាយដីតំបន់អភិរក្សសត្វខ្សឹប យកមកធ្វើជាកម្មសិទ្ធ របស់ចែរំដួល ដែលត្រូវបានគេដឹងថាប្រហែលជាមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ និងសមត្ថកិច្ចរដ្ឋបាលជលផល ទើបធ្វើឲ្យមានការនាំគ្រឿងចក្រទៅឈូសឆាយដីព្រៃលិចទឹក និងជាតំបន់អភិរក្សសត្វខ្សឹប ស្ថិតនៅក្នុងឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្រោយពីឈ្មួញបាននាំយកគ្រឿងចក្រ ត្រាក់ទ័រ ទៅឈូសឆាយដោយគ្មានកការញញើតច្បាប់ និងត្រូវបានបែកការ ធ្លាយព័ត៌មាន ទើបមានបទបញ្ជាពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឲ្យកម្លាំងចុះទៅឃាត់គ្រឿង ចក្រ និងឃាត់ខ្លួនតៃកុងត្រាក់ទ័រ បានម្នាក់ ដែលកំពុងធ្វើសកម្មភាពឈូសឆាយកាយព្រៃលិចទឹកនៅតំបន់បី ដោយ បានយកតៃកុងត្រាក់ទ័រមកសាកសួរពីដំណើររៀង កាលពីថ្ងៃ ទី២៤ខែមករាឆ្នាំ២០១៦កន្លងមកនេះ ស្រាប់តែនិតិវិធីរបស់សមត្ថកិច្ចជលផល បែរជាធ្វើឲ្យតៃកុងត្រាក់ទ័រម្នាក់នោះ រត់រួចដោយសុវត្តិភាព រហូតមកដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦នេះ ក៏សមត្ថកិច្ចពុំទាន់អាចវែកមុខរកមុខសញ្ញាបុរសដែលជាតៃកុងត្រាក់ទ័របាននៅឡើយទេ ដែលការរត់ រួចនេះមិនដឹងថា សមត្ថកិច្ចមានចេតនាព្រលែង ឬជាការធ្វេសប្រហែសនោះឡើយ។
លោកកែវសុខា នាយសង្កាត់ជលផលតាំងក្រសាំង បានឲ្យដឹងថាត្រាក់ទ័រមួយគ្រឿងនេះព្រមទាំងអ្នកបើកបរម្នាក់នេះ លោកធ្លាប់បានចុះចាប់ចំនួនពីរទៅបីដងរួចមកហើយ តែពេលនោះមានការអន្តរាគមន៏ពីថ្នាក់ស្រុកនិងថ្នាក់ខេត្ត ទើបលោកនាយសង្កាត់បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះមួយរយៈហើយទើបតែបានមក លួចធ្វើសកម្មភាពម្តងទៀត ក៏ត្រូវបានលោកព្រះរាជអាជ្ញាចាប់ឃាត់តែម្តង។
តៃកុងត្រាក់ទ័របានឆ្លើយសារភាពថា ថៅកែរបស់គេឈ្មោះចែ រំដួល រស់នៅក្រុងភ្នំពេញហើយចែរំដួល គាត់ទិញពីលោកអភិបាលរងស្រុកសន្ទុក និងមានចំណាពីខេត្ត លើផ្ទៃដី៣១០ហិចតានៅចំនុចបឹងព្រូល ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំព្នៅស្រុកសន្ទុក ខេត្តកំពង់ធំ ចំនែកចែរំដួល ជាអ្នកម្ចាស់ដីបានប្រាប់អ្នកសារព័ត៍មានថាដីនេះមានច្បាប់និងមានហត្ថលេខាពីលោកមេឃុំព្នៅអាជ្ញាធរស្រុកសន្ទុកនិងអាជ្ជាធរខេត្តកំពង់ធំអនុញ្ញាតិឲ្យ ឈូសឆាយដែរបានគាត់ហ៊ានឈូសឆាយ។
លោកប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ថា មុនពេលដែលតៃកុងត្រាក់ទ័ររត់រួច គឺខាងជលផលបាន ធ្វើកំណត់ហេតុប្រគល់ទទួលឲ្យសមត្ថកិច្ចប៉ូលិស នៃអធិការស្រុកសន្ទុក តែក្រោយមកត្រូវបានបញ្ជូនមកតុលាការ ខណៈពេលដែលរៀបនឹងបញ្ជូលក្នុងឡាន ហើយតែជនសង្ស័យបាន សុំទៅបទជើងតូច ក្រោយជនសង្ស័យមានឳកាសក៏ដាក់មេប្រូចបាត់ស្រមោល ក្រោយមកសមត្ថកិច្ច ប៉ូលិស និងសមត្ថកិច្ចជលផលឆ្លើយដាក់គ្នាទៅវិញទៅមក
លោកអ៊ិតសុធាព្រះរាជអាជ្ញាខេត្តកំពង់ធំ បានបញ្ជាក់ជនសង្ស័យដែលរត់បាត់នោះគឺដោយសារតែសមត្ថកិច្ចជលផលនិងប៉ូលីសស្រុកសន្ទុកមានការធ្វេសប្រហែសឆ្លើយដាក់គ្នា ចំនែកត្រាក់ទ័របញ្ជូនទៅតុលាការ ហើយអ្នកបើកបរដែលគេចខ្លួនត្រូវឲ្យសមត្ថកិច្ចពាក់ពន្ធតាមរកឲ្យឃើញវិញ។ ដោយ ប៊ុន រដ្ឋា

photo_2016-01-28_11-09-12 photo_2016-01-28_11-09-09 photo_2016-01-28_11-09-07 photo_2016-01-28_11-09-04 photo_2016-01-28_11-08-57