ខេត្តកំពង់ឆ្នាំង៖ ដោយមានការយល់ច្បាស់ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវស្របតាមមាត់ទន្លេប្រវែង៥០០ម៉ែត្រនៅចំណុចអក្សរតេនៅតំបន់ទេសចរណ៍មាត់ទន្លេចុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ខែមករា២០១៦ប្រជាពលរដ្ឋចំនួន៧គ្រួសារដែលមានផ្ទះប៉ះពាល់
ក្នុងការកសាងផ្លូវខាងលើនេះបានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅរបស់ខ្លួនទៅទីតាំងថ្មីដោយមានចូលរួមយ៉ាងស្មោះស័គ្ម្រជួយរុះរើផ្ទះពីកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹងរងខេត្តកំពង់ឆ្នាំង តាមសំណើរបស់ប្រជាពលរដ្ឋ។នៅព្រឹកថៃ្ងទី២៧ខែមករាឆ្នាំ២០១៦ឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលរងខេត្តនិងជាប្រធានក្រុមការងារចំរុះខេត្តនិងលោកម៉មឈឿមប្រធានមន្ទីរព័ត៌មានខេត្តដែលបានដឹកនាំក្រុមចំរុះរបស់ខេត្តនិងមន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តចុះជួយរុះរើផ្ទះជូនប្រជាពលរដ្ឋបានអោយដឹងថា៖គម្រោងកសាងផ្លូវលំគ្រួសក្រហមស្របតាមមាត់ទន្លេនៅចំណុចខាងលើនេះមានប្រវែង៥០០ម៉ែត្រមានកំពស់ជាមធ្យម២,៨០ម៉ែត្រ និងខ្នងផ្លូវខាងលើមានទទឹង៦ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនផលនេសាទ និងកសិផលផ្សេងៗ នៅពេលអាជ្ញាធរខេត្ត ផ្លាស់ប្តូរផែលក់ត្រី និងទីតាំងលក់ឈើពីងពុងស្លឹកពីថ្នល់ដាច់ក្នុងភូមិចុងកោះយកមកអោយលក់ដូរនៅចំណុចនេះក្រោយពេលកសាងផ្លូវនេះរួចដើម្បីអភិវឌ្ឍន៍តំបន់មាត់ទន្លេផ្សារក្រោមក្លាយជាតំបន់ទេសចរណ៍ក្នុងពេល៤ឆ្នាំខាងមុខនេះ។លោកតាស្វាយសុម៉ាលីជាម្ចាស់ផ្ទះបាននិយាយអោយដឹងថា៖គាត់មានក្តីរីករាយណាស់ដោយបានការយកចិត្តទុកដាក់ពីក្រុមការងារចំរុះរបស់ខេត្តនិងកម្លាំងយោធាខេត្តដែលបានចុះមកជួយរុះរើផ្ទះតាមការស័គ្ម្រចិត្តរបស់គាត់ដើម្បីចូលរួមការអភិវឌ្ឍន៍តំបន់ទេចរណ៍របស់ខេត្តហើយក៏ជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋអាចបង្កើនមុខរបររកចំណូលប្រចាំថៃ្ងពីភ្ញៀវទេសចរណ៍ផងដែរ។លោកវរៈសេនីយ៍ត្រី ភោគសុខាតំណាងអោយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបានអោយដឹងថា៖អនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអនុសាសន៍ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកន្លងមកក្រៅពីការងារស្នូលរបស់កងទ័ព គឺកងកម្លាំងបានចុះជួយការងារប្រជាពលរដ្ឋគ្រប់ទីកន្លែងដូចជាជួយដកស្ទូងច្រូតកាត់ប្រផលស្រូវ សាងសង់ផ្ទះនិងការងារសង្គមផ្សេងៗទៀតដើម្បីជួយសំរាលការលំបាកជូនប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយប្រកាន់ទស្សនៈថា កងទ័ពគឺជាកូនចៅប្រជាជន ធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជន និងមាតុភូមិ។ឯកឧត្តមស៊ុនសុវណ្ណរិទ្ធបានកោតសរសើរដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្តនិងប្រជាពលរដ្ឋទាំង៧គ្រួសារដែលបានសហការផ្លាស់ប្តូរផ្ទះទៅនៅទីតាំងថ្មីដោយស្ម័គ្រចិត្តចូលរួមក្នុងផែនការអភិវឌ្ឍន៍តំបន់មាត់ទន្លេផ្សារក្រោមអោយមានសោភ័ណ្ឌភាពល្អដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាខេត្តកំពង់ឆ្នាំងនិងដើម្បីបង្កើនចំណូលប្រចាំថៃ្ងជូនប្រជាពលរដ្ឋយើងដែលអាចកាត់បន្ថយបាននូវភាពក្រីក្រស្របតាមគោលនយោបាយរបស់
ប្រមុខរាជរដ្ឋាភិបាល៕



































