ខេត្តសៀមរាប៖ ក្រោយពីការបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាពនិយាយភាសាបារាំង ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នា ព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៦ នៅសណ្ឋាគារអង្គរផាលែសរីសោត្ស៍ ខេត្តសៀមរាប រួចមក នៅព្រឹកនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកជំទាវ អមដំណើរដោយលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវ នៃខុទ្ទកាល័យរដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត បាន អញ្ជើញធ្វើពិធីដាំកូនឈើក្រញូង នៅទីសួនកូនឈើអនុស្សាវរីយ៍ ស្ថិតនៅភូមិ ខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន និង មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើផងដែរ ។
តាមការបញ្ជាក់របស់លោក ទា គឹមសុទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ថ្វីត្បិតតែតំបន់នេះនៅឆ្ងាយពីទីរួមខេត្តបន្តិចក៏ពិតមែន ប៉ុន្តែវាអាចធ្វើឲ្យអ្នកទេសចរដែលបានមកដល់តំបន់នេះមានការពេញចិត្តពីព្រោះក្រៅពីការបានឃើញដើមឈើប្រណិតៗនៅក្នុងផ្ទៃដី១ពាន់៨៨៨ហិកតា ភ្ញៀវទេសចរក៍អាចមើលឃើញសត្វព្រៃមានជ្រូកព្រៃទន្សោងនិង សត្វមួយចំនួនទៀតដែលចុះមកផឹកទឹកដោយផ្ទាល់ផងដែរ។លោកក៏បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះខ័ណ្ឌរដ្ឋបាលព្រៃឈើបានកំពុងធ្វើការអភិរក្សនូវឈើពូជនិង ការចុះធ្វើសារពើភ័ណ្ឌប្រភេទឈើក្រញូង នៅលើផ្ទៃដី ៥០ហិចតា មានចំនួន ៥៧២ដើម ដែលមានមុខចាប់ពី ០,២ម៉ែត្រឡើងទៅ ព្រមទាំងបានធ្វើការដាំដុះកូនឈើឡើងវិញនៅតាមតំបន់ដីព្រៃរីករឹល នូវកូនឈើគ្រប់ប្រភេទ បានចំនួន ១៤ពាន់ដើម ។
តាមការបញ្ជាក់របស់លោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ បានឲ្យដឹងថានោះជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកនូវតំបន់ធម្មជាតិ ប្រកបដោយទៅពណ៌ប៉ៃតង ក្នុងការរក្សា នូវបរិស្ថាន បរិយាកាសបរិសុទ្ធ ក្នុងការបម្រើដល់វិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទេសចរណ៍មួយនាក់ ដើមឈើមួយដើម ។ ម្យ៉ាងទៀតទីតាំងនេះ គឺជាសួនកូនឈើអនុស្សាវរីយ៍ ក្នុងការបម្រើដល់ ភ្ញៀវទេសចរដែលមានបំណងចង់ដាំកូនឈើ ក៏ដូចជាសួនឈើអាពាហ៍ពិពាហ៍ ជូនដល់គូរស្រករថ្មីថ្មោងទៀតផង ។ កន្លងមកនេះ ក៏មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង ថ្នាក់ដឹកនាំក៏បានចូលមកដាំកូនឈើនៅទីនេះផងដែរ ។
ក្នុងដំណើរទស្សនានូវឈើពូជក្រញូងនោះ សម្តេចពញាចក្រី ហេង សំរិន ក៏បានធ្វើការកោតសរសើរ ពីការខិតខំរបស់មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តនូវគោលការណ៍របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការអភិរក្ស និង អភិវឌ្ឍន៍ នូវអំបូរពូជឈើដែលជិតនឹងវិនាសផុតពូជនៅកម្ពុជា ដើម្បីជាមរតកសម្រាប់ក្មេងៗជំនាន់ក្រោយបានស្គាល់ ។ ក្នុងនោះសម្តេចពញាចក្រីក៏បាន បញ្ជាក់ផងដែរថា ការរៀបចំទីសួនដាំ កូនឈើអនុស្សាវរីយ៍នេះ គឺជាយន្តការមួយដ៏ល្អបំផុតរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីក និង ស្តារឡើងវិញលើវិស័យព្រៃឈើ ហើយក៏ជាការពង្រីកនៃវង់ទស្សនារបស់អ្នកទេសចរ មកកាន់តំបន់ព្រៃធម្មជាតិទៀតផង ។ ម្យ៉ាងទៀតខេត្ត សៀមរាប គឺជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្រៅពីការទស្សនាកម្សាន្តនៅតាមប្រាសាទ ភ្ញៀវត្រូវការ ចាំបាច់ស្វែងរកនូវតំបន់ធម្មជាតិ ដែលគ្រាប់ដណ្តប់ទៅដោយប៉ៃតង មានបរិស្ថានបរិសុទ្ធទៀតផង ។ក្នុងដំណើរទស្សនាដើមឈើមេពូជក្រញូងនោះ សម្តេចពញាចក្រី ក៏បានធ្វើការណែនាំមួយចំនួន ព្រមទាំងផ្តាំផ្ញើដល់មន្ត្រីអភិរក្សក្នុងតំបន់ព្រៃឈើពូជក្រញូងរបស់ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក៏ដូចរដ្ឋបាលសង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សាព្រៃឈើទាំងនេះឲ្យបានគង់វង្ស ដែលជាទីជម្រកសត្វព្រៃគ្រប់ប្រភេទហើយទីនេះក៏ជាទីកន្លែងទាក់ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តនិង មើលសត្វព្រៃនៅក្នុងតំបន់នេះព្រមទាំងត្រូបមានកិច្ចសហការគ្នាឲ្យបានល្អជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ក្នុងការទប់ស្កាត់ចំពោះជនខិលខូចដែលចូលលបលួចកាប់ព្រៃឈើនិង បបាញ់សត្វព្រៃនៅក្នុងតំបន់នេះឡើយពីព្រោះថាអំបូរសត្វព្រៃទាំងនេះ គឺជាប្រភពទាក់ទាញដល់ភ្ញៀវទេសចរចូលមកទស្សនាកម្សាន្ត ដែលជាប្រភពចំណូលរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះផងដែរ៕