ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ឋ និង ម្តាយបង្តើត ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ គំរាមគំហែងហែកកេរ្តិ៍ មេធាវីវ័យក្មេងម្នាក់ រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាម នីតិវិធី ។
នៅចន្លោះពេលចៅក្រមស៊ើបសួរ កំពុងចាត់ការសំណុំរឿងនេះ ប្រភពព័ត៌មាន បានលួចបង្ហើបឲ្យដឹងថា ជនត្រូវចោទ ណុប បាយ៉ារិទ្ឋ និង ដើមបណ្តឹង បានធ្វើការសម្របសម្រួល គ្នាដើម្បីបញ្ចប់រឿង ។ ប៉ុន្តែការចរចារនេះបានបរាជ័យ ដែលធ្វើឲ្យនីតិវិធីតុលាការ នៅតែបន្តទៀត ។ តាមច្បាប់ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងបញ្ជូនសំណុំរឿង ទៅឲ្យតំណាង អយ្យការ ដើម្បីធ្វើការសន្និដ្ឋានស្ថាពរ រក្សាបទចោទប្រកាន់ទៅលើលោក ណុប បាយ៉ារិទ្ឋ និង ម្តាយបង្កើត ពីបទគំរាមគំហែងហែកកេរ្តិ៍ រួចបញ្ជូនទៅបើកសវនាការជំនុំជម្រះ ឬក៏ ទម្លាក់ចោលការ ចោទប្រកាន់នេះ ។
ពាក់ព័ន្ឋសំណុំរឿងនេះ ប្រភពព័ត៌មានពីមន្ត្រីតុលាការបានបង្ហើបឲ្យដឹងថា លោក ណុប បាយ៉ារិទ្ឋ បានជួលសំអាងការផ្ទាល់ខ្លួនមួយកន្លែងទៅឲ្យលោក មេធាវី ចេង រស្មីសេរីវង្ស ក្នុងតម្លៃ១៧០០ដុល្លារ ដោយបានបង់ប្រាក់កក់ចំនួន៥០០ដុល្លារ ។ ក្នុងនោះលោក ណុប បាយ៉ារិទ្ឋ បានសន្យាថានឹងទៅច្រៀងនៅក្នុងកម្មវិធីមង្គលការ របស់ឈ្មោះ ចេង រស្មីសេរីវង្ស ដែលប្រារព្ឋក្នុងសំអាងការដែលបានជួលនោះ តែដល់ថ្ងៃកំណត់ លោក ណុប បាយ៉ារិទ្ឋ ពុំបានទៅតាមការសន្យានោះទេ ។ ក្រោយមក ឈ្មោះ ចេង រស្មីសេរីវង្ស បានកាត់ប្រាក់ចំនួន៥០០ដុល្លារ ជាថ្លៃដែល លោក ណុប បាយ៉ារិទ្ឋ មិនបានទៅចូលរួមក្នុងកម្មវិធី ។
ផ្តើមចេញពីការកាត់ ប្រាក់ជំពាក់នេះ ធ្វើឲ្យលោក ណុប បាយ៉ារិទ្ឋ និងម្តាយបង្កើតឈ្មោះ សម សុកលសុធាវី មានការខឹងសម្បាជាខ្លាំង ទើបធ្វើការ គំរាមគំហែង និង បរិហារកេរ្តិ៍ តាម FaceBook តែម្តង ។ ពាក់ព័ន្ឋការចោទប្រកាន់នេះ លោក ណុប ប៉ាយ៉ារិទ្ឋ បានបញ្ជាក់តាមប្រព័ន្ឋផ្សព្វ ផ្សាយ ថា លោកបានសរសេរសារមួយនៅក្នុង FaceBook ដោយបញ្ជាក់ពីជនម្នាក់ ដែលបានជួល សំអាងការរបស់លោកហើយមិនឲ្យប្រាក់ តែលោកមិនបានប្រាប់ អត្តសញ្ញាណជនម្នាក់នោះឡើយ ។
លោក ណុប ប៉ាយ៉ារិទ្ឋ បន្ថែមថា ការបរិហារកេរ្តិ៍ទាល់តែ បញ្ចេញឈ្មោះនិងរូបថតអ្នកនោះ តែនៅក្នុងសារហ្វេសប៊ុករបស់លោកមិនបាន ដាក់ឈ្មោះ និងរូបថត នរណាម្នាក់ឡើយ ។ មូលហេតុដែលនាំឲ្យលោក ណុប បាយ៉ារិទ្ឋ ខនខានមិនបានចូលរួមក្នុងកម្មវិធីតាមការសន្យា នោះ គឺព្រោះនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣ លោកជាប់រវល់ទៅច្រៀងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ៕