ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនិង អាជ្ញាធរស្រុកបរិបូរណ៌ បានឃាត់ខ្លួនបុរសម្នាក់តាំងខ្លួនជាតាបស្សផង និងជាសង្ឃផង ដែលបានដើរបិណ្ឌបាតប្រាក់ពីប្រជាពលរដ្ឋតាមដងផ្លូវ។ក្រោយពីបានធ្វើការសួរនាំទើបដឹងថា ជាសង្ឃក្លែងក្លាយ ហើយបានចាប់ដោះស្បង់ជីវរចេញ និងបានធ្វើកិច្ចសន្យាអោយបញ្ឈប់ធ្វើសក ម្មភាពប៉ះពាល់ដល់វិស័យព្រះពុទ្ឋសាសនាតទៅ ទើបអោយត្រឡប់ទៅលំនៅដ្ឋានវិញ ។ ការចាប់បុរស ក្លែងក្លាយជាសង្ឃនេះបានធ្វើឡើងនៅវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី ២៨ខែ មករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំបន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
លោក ថោង មាឃ ប្រធានការិយាល័យធម្មការស្រុកបរិបូរណ៌ បានអោយដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានលោកសង្ឃមួយអង្គគ្រងស្បង់ជីវរ តែគ្មានកោសក់ទេ បានដើរបិណ្ឌបាតបច្ច័យតាមផ្លូវ លោកក៏បានរាយការណ៍ ហើយលោក ឃួន សៅរុំ អភិបាលស្រុកបរិបូរ ណ៌ និងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក ក៏បានទៅនាំខ្លួនសង្ឃអង្គនោះមកវត្តពន្លៃ ដោយអោយព្រះគ្រូចៅអធិការវត្តពន្លៃ និងជាមន្ត្រីសង្ឃស្រុក ព្រះនាម កង សារ៉ុន ធ្វើការសាកសួររកលិខិតស្នាម។
ក្រោយពីលោកគ្រូចៅអធិការធ្វើសាកសួរ គឺសង្ឃអង្គនេះគ្មានលិខិតសំគាល់អ្វីទាំងអស់ ហើយបានប្រាប់ថា រូបគេមានឈ្មោះ ឈុំ សូរិយពល្លៈ អាយុ៣៧ឆ្នាំ មានម្តាយឈ្មោះ វណ្ណា នៅភូមិអណ្តូងស្នាយឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ។ សង្ឃនោះម្តងថា និមន្តបិណ្ឌបាតយកបច្ច័យកសាងវត្ត ម្តងថាយកបច្ច័យអោយម្តាយ និងម្តងទៀតថាខ្លួនជាតាបស្ស ធ្លាប់ដើរពេញស្រុកខ្មែរ គ្មានអ្នកណាចាប់ឡើយ ។
លោកគ្រូចៅអធិការវត្តពន្លៃ និងជាមន្ត្រីសង្ឃស្រុក ព្រះនាម កង សារ៉ុន មានសង្ឃដីការថា៖ បើជាសង្ឃពិតប្រាកដ គេមិននិមន្តបិណ្ឌបាតបច្ច័យតាមទីសាធារណៈបែបនេះទេ បើមើលតាមលក្ខណៈ គឺគ្មានត្រង់ណា ជាសង្ឃសោះឡើយ សូម្បីគ្រងស្បង់ក៏មិនមែនជាស្បង់ជីវរ របស់សង្ឃដែរ គ្មានសំពត់ងូត គ្មានស្បង់ជីវរត្រឹមត្រូវ គឺគ្របតណ្តប់ដោយក្រណាត់ជ្រលក់ពណ៌លឿងទៅវិញ ថែមទាំងទុកសក់វែងទៀត ហើយនេះបើហៅថាតាបស្សក៏មិនត្រូវដែរ ព្រោះតាបស្ស ស្លៀកស ពាក់ស ។
ដោយសារយល់ថា ជាមនុស្សក្លែងធ្វើជាសង្ឃបែបនេះ ហើយ ទើបព្រះគ្រួចៅអធិការវត្ត បានប្រ គល់បុរសក្លែងធ្វើសង្ឃរូបនេះទៅអោយសមត្ថកិច្ច ដោះស្បង់ក្លែងក្លាយនោះចេញ ហើយអោយស្លៀកខោអាវធម្មតា ដោយមិនយកទោសពៃអ្វីឡើយ តែបានតម្រូវអោយធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាព ដែលធ្វើអោយប៉ះពាល់ វិស័យ ព្រះពុទ្ឋសាសនានេះតទៅទៀត ទើបអោយវិលត្រឡប់ទៅវិញ៕