ខេត្តព្រះវិហារក្រុមការងារបង្ក្រាបបទល្មើសព្រៃឈើបានចុះទៅត្រួតពិនិត្យទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឧកញ៉ាអានម៉ារឌីស្ថិតនៅក្នុងដែនស្រុករវៀងខេត្តព្រះវិហារនិងស្រុកសណ្តាន់ខេត្តកំពង់ធំជាប់តំបន់ព្រៃទ្បង់កាលពីថ្ងៃទី២៩មករា២០១៦ដោយប្រទះឃើញឈើហ៊ុបមូលប្រណីតឈើហ៊ុបមូលប្រភេទផ្តៀកនិងឈើទាលជាង១ពាន់ដើមឯណោះ។
សេចក្តីរាយការណ៍បានអោយដឹងថាជំហានដំបូងក្រុមការងារបានស្រាវជ្រាវរកឃើញទីតាំងម៉ាស៊ីនរណារ៉ៃសំរាប់អារជ្រៀកឈើហ៊ុបចំនួន៣រោងធំៗដែលក្នុង១រោងមានម៉ាស៊ីនរ៉ៃចំនួន១០គ្រឿងឯណោះលុះមកដល់ព្រឹកថ្ងៃទី៣០មករានេះត្រូវបានសាមីក្រុមហ៊ុនធ្វើការរុះរើអស់២រោងស្មើនឹង២០ម៉ាស៊ីនរ៉ៃ។
អាជ្ញាធរមានសមត្ថកិច្ចបានអោយដឹងថាក្រុមការងារបង្ក្រាបបទល្មើសព្រៃឈើបានរុករកឃើញឈើហ៊ុបមូលប្រណីតមុខធំៗប្រភេទធ្នង់ជាង៤០០កំណាត់និងប្រភេទផ្តៀករួមទាំងឈើទាលប្រមាណ១០០០កំណាត់។ឈើហ៊ុបមូលទាំងអស់នោះមិនឃើញមានមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើចុះទៅវាយត្រាបង់ពន្ធជូនរដ្ឋនោះទេសង្ស័យលោកឧកញ៉ាអានម៉ារឌីប្រធានក្រុមហ៊ុនមួយនេះមានអំណាចឥទ្ធិពលខ្លាំងនៅក្នុងស្រុកខ្មែរហើយមើលទៅ។
ប្រភពព័ត៌មានពីមន្ដ្រីរដ្ឋបាលព្រៃឈើបានអោយដឹងថាខាងក្រសួងកសិកម្មរុក្ខាប្រមាញ៉និងនេសាទអាចអនុញ្ញាតអោយក្រុមហ៊ុនដាក់ម៉ាស៊ីនរណារ៉ៃតែ២គ្រឿងប៉ុណ្ណោះគឺមិនអាចដាក់តាមទំនើងចិត្តនោះទេ។
សេចក្តីរាយការណ៍ផ្សេងទៀតបានអោយដឹងថារយះពេលច្រើនឆ្នាំមកនេះផលអនុផលព្រៃឈើច្រើនសន្ធឹកសន្ធាប់ត្រូវបានគេឃើញដឹកជញ្ជូនចេញយ៉ាងរលូនពីទីតាំងដីក្រុមហ៊ុនឧកញ៉ាអានម៉ារឌីគឺមិនមានសមត្ថកិច្ចណាម្នាក់ហ៊ានត្រួតពិនិត្យមើលច្បាប់អនុញ្ញាតនោះទ្បើយ។ចំណែកលោកឯសារ៉ូអភិបាលស្រុករវៀងបានអះអាងអោយដឹងថាគាត់មិនបានដឹងរឿងនេះទេព្រោះកន្លងមកលោកមិនដែលបានធ្លាប់ចូលទៅពិនិត្យមើលដល់ក្នុងទីតាំងដីក្រុមហ៊ុនមួយនេះទ្បើយ។
អ្នកសារព័ត៌មានមិនអាចជួបទំនាក់ទំនងសុំការបំភ្លឺពីតំណាងក្រុមហ៊ុននៅថ្ងៃនេះបានទេដើម្បីចង់ដឹងច្បាស់ថាក្រុមហ៊ុនឧកញ៉ាអានម៉ារឌីពិតជាបានប្រព្រឹត្តនិងជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើប្រភេទឈើហ៊ុបមូលជាង១៤០០កំណាត់ដូចការចោទប្រកាន់ខាងលើប្រាកដមែនឬយ៉ាងណានោះទេ។អ្នកសារព័ត៌មានរង់ចាំបំភ្លឺជូនភាគីក្រុមហ៊ុនជានិច្ច៕