ភ្នំពេញៈ តាមការឱ្យដឹងពីលោកប៊ន សំអាត ជនសង្ស័យចំនួន៤២នាក់ និងវត្ថុតាងគ្រឿងញៀនចំនួន១០០កញ្ចប់ ម៉ូតូ១០គ្រឿង ដាវសាម៉ូរៃ៤ដើម និងវត្ថុតាមសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ដែលកម្លាំងរបស់លោកបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ត្រូវបានបញ្ចូនទៅកាន់តុលាការ និងមជ្ឍមណ្ឌលឱកាសខ្ញុំ ដើម្បីធ្វើការអប់រំ ។ ការលើកឡើងបែបនេះ នៅក្នុងសន្និសិទសារពត៌មានបង្ហាញមុខជនសង្ស័យជាសាធារណៈ នៅព្រឹកថ្ងៃទី១ ខែកម្ភះ ដោយកន្លងមកក្រុមជនសង្ស័យទាំងនេះតែងតែធ្វើសកម្មភាព លួច ឆក់ ប្លន់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប៉ុន្តែលោកបានបន្តថា បើយើងមិនបានបង្ក្រាបទាន់ពេលវេលាទេនោះ ក្រុមជនសង្ស័យទាំងនេះអាចធ្វើអំពើ លួច ឆក់ ប្លន់ មុនពេលចូលឆ្នាំចិនខាងមុខនេះ ហើយលោកក៏បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ហាងកាហ្វេ ឱ្យចូលរួមសហការជាមួយសមត្ថកិច្ច តែបើមិនចូលរួមសហការទេ នៅពេលសមត្ថកិច្ចចុះបង្ក្រាប ម្ចាស់ទីតាំងទាំងនេះនិងទទួលខុសត្រូវចំពោះមុខច្បាប់ ។
លោកវរសេនីយ៍ឯក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនគ្រឿងញៀន បានបញ្ជាក់ថា មុខសញ្ញាចោរប្លន់ ចំនួន ៤២នាក់ មានស្រី៤នាក់ ត្រូវបានបង្ក្រាប កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ដោយដកហូតបានគ្រឿងញៀន ១០០កញ្ចប់ ម៉ូតូ១០គ្រឿង ដាវសាម៉ូរៃ៤ដើម និងវត្ថុតាមសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ក្នុងការបង្ហាញមុខជនសង្ស័យខាងលើនេះ លោកវរសេនីយ៍ឯក ប៊ន សំអាត បានឱ្យដឹងថាបន្ទាប់ពីឯ,ឧ ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងឯ,ឧ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ បង្ក្រាបឱ្យបាននៅការជួញដូរគ្រឿងញៀន និងជនប្រើប្រាស់ថ្នាំញៀន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសរួមចំណែកក្នុងការអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពផងដែរ ។
លោកបានបន្តថា រាល់ថ្ងៃនេះ បទល្មើសចោរឆក់ ចោរប្លន់ គឺភាគច្រើនកើតចេញពីក្រុមញៀនថ្នាំតែម្តង ដូច្នេះមួយរយះពេលកន្លងមកនេះ រូបលោកផ្ទាល់បានដឹកនាំបង្ក្រាបក្រុមចែកចាយ និងក្រុមប្រើប្រាស់គ្រឿងញៀន ជាពិសេសក្នុងប្រតិបត្តិបង្ក្រាបក្រុមញៀនថ្នាំ គឺកម្លាំងយើងក៏ធ្លាប់បង្ក្រាបចំមុខសញ្ញាចោរប្លន់ និងចោរឆក់ រួមទាំងចោរលួចជាបន្តបន្ទាប់ ៕
ដោយ ប៊ុន ធី