ខេត្តកំពង់ឆ្នាំង៖ ឈើដើមម្រះព្រៅភ្នំមានមុខធំៗជា១ម៉ែត្រ ដឹកតាមរថយន្តតាកូម៉ា១គ្រឿងរបស់មន្ត្រីយោធាសក្ត័៥ម្នាក់ ត្រូវបានសមត្ថកិច្ចចំរុះសហការគ្នាស្ទាក់ចាប់បាន នៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាគំរូជ្រៃបាក់ ក្នុង
ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ស្រុករលាប្អៀរ ហើយត្រូវបានសមត្ថកិច្ចយករថយន្ត និងឈើមករក្សាទុកកសាងសំណុំរឿងតាមផ្លូវច្បាប់នៅក្នុងខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង។លោក ហោ ដារា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានអោយដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ សមត្ថកិច្ចក្នុងផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានស្ទាក់ចាប់បានរថយន្តម៉ាកតាកូម៉ាពណ៌ឈាមជ្រូក១គ្រឿងពាក់ផ្លាកលេខភ្នំពេញ 2I- 1418ដឹកឈើម្រះព្រៅភ្នំមានមុខធំគ្របតង់ខៀវជិត ប៉ុន្តែបានធំក្លិនម្រះព្រៅភាយមកក្រៅដែលមិនអាចលាក់បាំងបានឡើយ។ ក្រោយពីទទួលបានបញ្ជារពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង រថយន្តនិងឈើម្រះព្រៅភ្នំនេះត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកទាំងយប់នៅក្នុងខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ចំណែកអ្នកបើកបររថយន្តនិងម្ចាស់ឈើជិះក្នុងរថយន្តនេះចំនួន២នាក់ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឡើយ។នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានដឹកនាំសមត្ថកិច្ចធ្វើការឆែកឆេរសម្ភារៈនៅក្នុងរថយន្ត ឃើញមានអាវយោធាមួយរបស់ម្ចាស់រថយន្តមានឈ្មោះ វរៈសេនីយឯក ទេព ហុង អត្តលេខ ០៥៤៥៨៣ និងនៅលើកញ្ចក់រថយន្តមានផ្លាកសំគាល់ក្រសួងមហាផ្ទៃ និងកងយោធពលខេមរភូមិន្ទ ចំនួន២សន្លឹកផងដែរ និងបានប្រគល់អោយយសមត្ថកិច្ចជំនាញវាស់វែងឈើជាវត្ថុតាងកសាងសំណុំរឿងតាមនិតិវិធី។លោក ហោ ដារា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានអោយដឹងថា៖ ក្រោយពីការវាស់វែងរួចទិន្ន័យឈើទាំងអស់នៅលើរថយន្តនេះមានចំនួន ២,៧០៣ម៉ែត្រគូប ក្នុងនោះមានប្រភេទឈើម្រះព្រៅភ្នំមុខធំៗចំនួន៩ដុំ ឈើបេង៥ដុំ និងឈើជ្រៀករួចជាគ្រឿងសង្ហារឹមតូចៗមួយចំនួនទៀត។សមត្ថកិច្ចបានអោយដឹងទៀតថា៖ ឈើម្រះព្រៅភ្នំមានអាយុរាប់រយឆ្នាំដែលជនល្មើសបានដឹកនៅលើរថយន្តចេញពីព្រៃភ្នំខេត្តពោធិសាត់ ជាក្តារធំៗមានកម្រាស់ពី១តឹតកន្លះ ទៅ១តឹក៧ហ៊ុន ទទឹងពី១ម៉ែត្រ ទៅ១ម៉ែត្រ៣តឹក និងបណ្តោយ៣ម៉ែត្រ សរុបមានចំនួន៤សន្លឹក ចំណែកឈើម្រះព្រៅមូល១ដុំធំមានមុខកាត់ប្រមាណ១ម៉ែត្រកន្លះ ដែលឈើដ៏កម្រនេះទំរាំមានទំហំប៉ុណ្ណឹងគឺមានអាយុប្រមាន៣ទៅ៤រយឆ្នាំ និងមានតម្លៃរាប់ម៉ឺនដុល្លាមិនគួរអោយគេកាប់បំផ្លាញបានដូច្នេះឡើយ។ប្រជាពលរដ្ឋស្នើសុំសមត្ថកិច្ច និងលោកព្រះអាជ្ញាសាលាដំបូងខេត្តស្រាវជ្រាវរកមុខម្ចាស់ឈើ និងអ្នកកាប់បំផ្លាញឈើម្រះព្រៅភ្នំនេះអោយឃើញ ដើម្បីផ្តន្ទាទោសពួកគេអោយម៉ឺងម៉ាត់
ទៅតាមច្បាប់ស្តីពីព្រៃឈើ កុំអោយអ្នកផ្សេងទៀតយកគំរូតាម៕



































