កំពត ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួននាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ដោយរងការប្តឹងចោទប្រកាន់ថា បានប៉ុនប៉ងរំលោភកូនស្រីចុងរបស់ខ្លួនកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត
ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ កន្លងមកនេះ នៅផ្ទះរបស់ខ្លួនស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ។តាមសំដីស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថាបុរសឈ្មោះ ជិន សេងថុល អាយុ៤៩ឆ្នាំ ដែលត្រូវជាប្តីក្រោយរបស់ខ្លួន កាលពីព្រលប់មានបងប្រុសបង្កើតរបស់ខ្លួនមកលេងផ្ទះ រួចបានហូបចុក និងផឹកស្រាបៀរអស់២កេះគ្នា៣នាក់ ។ បន្ទាប់ពីឈប់ហូប បងៗក៏បើករថយន្តចេញទៅដេកផ្ទះសំណាក់អស់ទៅ ដោយឡែកប្តីរបស់ខ្លួនដែលប៉ុន្មានថ្ងៃមុននេះបានទាស់សំដីគ្នាជាមួយខ្លួនក៏បានចូលទៅដេកក្នុងបន្ទប់មួយជាកូនស្រីពៅបង្កើតអាយុ៣ឆ្នាំ ឯខ្លួនដេកក្នុងបន្ទប់ផ្សេង ។ ស្រាប់តែនៅវេលាកើតហេតុប្តីខ្លួនបានលួចចេញពីបន្ទប់ដេក ទៅគោះទ្វាបន្ទប់កូនស្រី ។ ដោយស្មានថាបងស្រីវាគោះទ្វា កូនស្រីដែលទើបតែមានអាយុ១៤ឆ្នាំក៏បើកទ្វាឲ្យ ស្រាប់តែឪពុកចុងស្ទុះចូលទៅក្នុងបន្ទប់រួចចាប់ឱបបម្រុងរំលោភ តែកូនស្រីរើបម្រះ រួចស្រែកប្រាប់ខ្លួនជាម្តាយ ពេលខ្លួនទៅជួយកូនហើយបានស្តីបន្ទោសឲ្យប្តី ពេលនោះត្រូវប្តីរូបនេះទះចំកណ្តាលមុខខ្លួន២-៣ដៃទៀតផង មិនតែប៉ុណ្ណោះថែមទាំងពន្យុះឲ្យខ្លួនទៅប្តឹងសមត្ថកិច្ចទៀតផង ។ស្ត្រីជាប្រពន្ឋបានបន្តថា ខ្លួនមិនចង់ប្តឹងឲ្យវែងឆ្ងាយទេ គិតថាប្តីប្រពន្ឋមានរឿងផ្ទៃក្នុងគ្រួសារអាចនិយាយអប់រំគ្នាឲ្យឈប់ប្រព្រឹត្តអំពើមិនគប្បីនេះទៅលើកូន និងប្រពន្ឋតទៅទៀតបានហើយ បើប្តឹងទៅនាំតែគេដឹងខ្មាស់គេ ប៉ុន្តែនៅយប់នោះក្រោយពេលរូបគាត់ប្រព្រឹត្តហើយ គាត់មិនត្រឹមតែវាយខ្លួនជាប្រពន្ឋនោះទេ គាត់ថែមទាំងជំរុញឲ្យខ្លួនប្តឹងសមត្ថកិច្ចឲ្យមកចាប់គាត់ទៀតផង ដោយជំរុញញឹកញាប់ពេកខ្លួនទ្រាំលែងបានក៏ទូរស័ព្ទប្តឹងនគរបាលព្រហ្មទណ្ឌក្រុង ប៉ុន្តែត្រូវបាននគរបាលក្រុងប្រាប់វិញថា ថ្មើនេះនគរបាលដេកអស់ហើយ គ្មានកម្លាំងមកធ្វើការឲ្យទេ ។ មួយសន្ទុះក្រោយមកបានឃើញអនុប្រធានប៉ុស្តិ៍សង្កាត់ក្រាំងអំពិលមកដល់ផ្ទះ ។ ប៉ុន្តែមិនបានណែនាំអ្វីដល់ប្តីខ្លួនទេ ឃើញអង្គុយនិយាយគ្នាជាធម្មតា រួចហើយប្តីខ្លួនបានជំរុញខ្លួនទៀតថា ម៉េចមិនឃើញអាណាមកចាប់អញទៅ ? ឮពាក្យប្តីដុតកំដៅថែមដូច្នេះ ខ្លួនក៏ទូរស័ព្ទប្តឹងទៅកងរាជអាវុធហត្ថខេត្តតែម្តង ។ក្រោយមកកម្លាំងមន្ទីរស្រាវជ្រាវកងរាជអាវុធហត្ថខេត្ត ដោយបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាលោកវរសេនីយ៍ឯក សៀក អាង បញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាង
សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕



































