ខេត្តកំពង់ឆ្នាំង៖កុមារីអាយុ១៣ខែម្នាក់បានស្លាប់យ៉ាងអាណោចអាធម បន្ទាប់ពី រូបគេបានចាប់យកត្រីអណ្តាតឆ្កែ១ក្បាលនៅរស់យកមកខាំហូប ហើយត្រីនោះបានត្បុលចូលទៅក្នុងបំពុងកបណ្តាលអោយស្ទះខ្យល់ប្រកាច់ដាច់ខ្យល់ស្លាប់ពេលដឹកដល់មន្ទីរពេទ្យខេត្ត។ហេតុការណ៏នេះបានកើតឡើងនៅម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅនិងផ្ទះកុមារីរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រុមគ្រួសារគេបានអោយដឹងថា៖ កុមារីរងគ្រោះឈ្មោះ ឆៃ ឈិតលីយូលីន អាយុ១៣ខែ មានម្តាយឈ្មោះ ថុង សៅលី អាយុ២២ឆ្នាំ ឪពុកឈ្មោះ សឿន រ៉ាឈីត អាយុ២៦ឆ្នាំ ប្តីនិងប្រពន្ធមានមុខរបរជាកម្មករោងចក្រមាន ទីលំនៅក្នុងភូមិឃុំខាងលើ បានទុកកូនផ្ញើអោយនៅជាមួយជីដូន ឈ្មោះ ធឿន អាយុ៥៣ឆ្នាំ ជាអ្នកមើលថែចៅនៅពេលឪពុកម្តាយទៅធ្វើការបាត់។
លោក យឹម សុផល នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុករលារប្អៀរបានអោយដឹងថា៖នៅមុនពេលកើតហេតុលោកយាយ ធឿន ដែលត្រូវជាជីដូនបង្កើតរបស់កុមារីរងគ្រោះបានទិញត្រីអណ្តាតឆ្កែពីអ្នកលក់តាមម៉ូតូចំនួនកន្លះគីឡូយកមកធ្វើម្ហូប។នៅពេលទិញបានមកលោកយាយក៏បានយកត្រីនោះមកដាក់លើគ្រែ ហើយគាត់ទៅដងទឹក នៅក្រោយផ្ទះដោយទុកចៅអោយនៅលេងក្នុងផ្ទះ។ 
នៅពេលត្រឡប់មកវិញលោកយាយបានឃើញចស្រី ប្រកាច់ស្លខ្យល់ និងមានឈា មជាច្រើនបានហូរចេញពីក្នុងមាត់ ឃើញដូច្នេះគាត់ក៏បានស្រែកហៅអ្នកជិតខាងអោយ មកជួយ ហើយនៅពេលនោះដែរអ្នកស្រុកបានហែកមាត់មើលកុមារីរងគ្រោះមើលឃើញត្រីអណ្តាតឆ្កែចូលទៅជាប់ក្នុងបំពង់កកុមារីនោះ ដោយបា ឃើញតែកន្ទុយត្រីនៅកណ្តាលបំពង់ក មិនអាចជួយអីបានឡើយ ក៏បានដឹកកុមារីរងគ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង តែពេលទៅដល់ពេទ្យខេត្តកុមារីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយក្រុមគ្រួសារក៏បានយកសពកុមារីត្រឡប់មកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី៕



































