ខេត្តសៀមរាប នៅរសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០១៦សមាគមន៍គ្រូបង្រៀនភាសាជប៉ុនអង្គរបានរៀបចំការប្រឡងប្រជែងផ្នែកសមត្ថភាពរបស់សិស្សរៀនភាសាជប៉ុន ក្រោមការសហការនិងឧបត្ថម្ភពីស្ថានទូតជប៉ុនប្រចាំកម្ពុជានិងសមាគមជនជាតិជប៉ុនអង្គរ…..ក្នុងគោលបំណងធ្វើឲ្យមានអ្នករៀនភាសាជប៉ុនមានការប្រកួតប្រជែងរវាងគ្នា និងគ្នានិងជាការពញ្ញាក់អារម្មណ៍ដល់អ្នកដែលមិនបានរៀនភាសាជប៉ុន ឲ្យមានការចំណាប់អារម្មណ៏ទៅលើភាសាជប៉ុន បន្ថែមពីនេះក៍ចាត់ជាការផ្លាស់ប្តូរបទពិសោធក្នុងការបង្ហាត់
បង្រៀនឲ្យកាន់តែល្អក្នុងន័យ លើកស្ទួយនៃភាសាជប៉ុននៅកម្ពុជាផងដែរ។
បើតាមការបញ្ជាក់ពីអ្នកស្រីអូនីហ៊ីហ្វឺម៉ីគ្រូបង្រៀនភាសាជប៉ុននៃសមាគមន៏គ្រូបង្រៀនភាសាជប៉ុនអង្គរថាសិស្សចូលរួមមានចំនួន៣១នាក់គឺជាអ្នកដែលបានជាប់នៅវគ្គជំរុះកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នៅសាលាសិក្សាភាសាជប៉ុនហ៊ឺហ្ចឹមីក្នុងភាពសុក្រឹតបំផុតនៃសាលាភាសាជប៉ុនផ្សេងៗក្នុងខេត្តសៀមរាប។ចំពោះបច្ចេកទេសនៃការប្រឡងគឺជ្រើសរើសយកសមត្ថភាពភាសាមិនមែនជាការប្រឡងថ្លែងសុន្ទរកថាឡើយ។អ្នកស្រីយល់ឃើញថា៖នៅខេត្តសៀមរាមានអ្នកសិក្សាភាសាជប៉ុនជាច្រើនខ្លះជាសិស្សបឋមខ្លះជាសិស្សសាកលវិទ្យាល័យអ្នកខ្លះជាអ្នកធ្វើការ។ចំពោះសិស្សបឋមមិនអាចថ្លែងសុន្ទរកថាបានល្អនោះឡើយហើយអ្នកធ្វើការក៍មិនមានពេលទន្ទេញដែរ។ការប្រឡងបានបែងចែកតាមអាយុដូចជាការប្រឡងអំណានជាបុគ្គលនិងអំណានជាក្រុមព្រមទាំងការសម្តែងរឿងខ្លីៗជាដើម។ផ្នែកអំណានបុគ្គលកំណត់យកសិស្សកម្រិតអនុវិទ្យាល័យចំណែកអំណានជាក្រុម កំណត់យកសិស្សវិទ្យាល័យ។
ក្នុងឱកាសប្រឡងលើកទី៦នេះគេឃើញមានវត្តមានមន្ត្រីលេខាទី១នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាគឺលោកអាបេព្រមទាំងវត្តមានលោកគ្រូអ្នកសាស្ត្រចារ្យជប៉ុនជាច្រើនផងដែរក្នុងការធ្វើការវាយតម្លៃផ្តល់ពិន្ទុនិងផ្តល់វិញ្ញាបណបត្របញ្ជាក់ពីសមត្ថភាពព្រមទាំងរង្វាន់លើកទឹកចិត្តជាច្រើនផងដែរ។លោក អាបេលេខាទី១ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានចាប់អារម្មណ៍និងកោតសរសើរដល់អ្នកសិក្សាភាសាជប៉ុនរបស់ប្រជាពលរដ្ឋកម្ពុជានិងបានសម្តែងការគាំទ្រដល់សមាគមគ្រូបង្រៀនភាសាជប៉ុនអង្គរនិងសិស្សដែលចូលចិត្តរៀនភាសាជប៉ុនផងដែរ។លោកថា៖នៅកម្ពុជាបើនិយាយពីកន្លែងរៀនភាសាជប៉ុនមាននៅតែសៀមរាបនិងរាជធានីភ្នំពេញ។
នៅភ្នំពេញមានកម្មវិធីប្រឡងមានច្រើនបែបយ៉ាងនិងមានភាពប្រកួតប្រជែងយ៉ាងសម្បូរបែប។ចំណែកនៅសៀមរាបមានការលំបាកប្រសិនបើចង់ប្រឡងទាល់តែទៅភ្នំពេញដោយសារបញ្ហាបែបនេះទើបសម្រេចឱ្យមានការប្រឡងនៅខេត្តសៀមរាប។លោកអាបេសម្តែងការភ្ញាក់ផ្អើលនិងកោតសសើរចំពោះការរៀនភាសាជប៉ុនរបស់សិស្សកម្ពុជាទាំងការអាន ការសរសេរ
និងការបញ្ចេញសម្លេងបានល្អប្រសើរ។
ស្ថានទូតជប៉ុននឹងបន្តជួយគាំទ្រឱ្យមានកម្មវិធីប្រឡងផ្សេងៗទៀតដើម្បីទទួលបានអាហារូបកណ៍ទៅរៀននៅប្រទេសជប៉ុនជារៀងរាល់ឆ្នាំហើយពួកគាត់ដែលរៀនភាសាជប៉ុននៅខេត្តសៀមរាបនេះអាចនឹងមានឱកាសច្រើនសម្រាប់ប្រឡងយកអាហារូបករណ៍រៀននៅជប៉ុនក្នុងពេលខាងមុខ។ជាក់ស្តែងថ្មីៗនេះមានសិស្សកម្ពុជាចំនួន៧០នាក់មានឱកាសទៅរៀននៅប្រទេសជប៉ុន។ហើយលោកសង្ឃឹមថា៖សិស្សកំពុងប្រឡងនិងរៀនសូត្រភាសាជប៉ុននៅពេលនេះនឹងមានឱកាសទៅសិក្សានៅប្រទេសជប៉ុនក្នុងពេលអនាគតជាក់ជាមិនខាន។


































