ខេត្តកំពង់ឆ្នាំង៖ លោក សូរិន្ទទីរ៉ាវុឌ្ឍី ប្រធាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានថ្លែងថា « ការបរិច្ចាកឈាមមានសារៈសំខាន់ និងបានបុណ្យច្រើនណាស់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស » លោកបានថ្លែងបែបនេះ ក្នុងពេលលោក ដឹកនាំក្រុមគ្រូពេទ្យខេត្តប្រមាណ១០នាក់ទៅទទួលយកឈាមពីប្រជាពលរដ្ឋខ្មែរឥស្លាម នៅក្នុងភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅពេលបងប្អូនធ្វើសន្និបាទប្រចាំឆ្នាំក្នុនៅងសមាគមន៍។ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តបានបន្តថា៖ សពថ្ងៃនេះមន្ទីរពេទ្យត្រូវការឈាមមកស្តុកទុកគឺជាការចាំបាច់ណាស់ ដើម្បីរង់ចាំជួយសង្គ្រោះជីវិតអ្នកជម្ងឺទូរទៅព្រោះថា ឈាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកជម្ងឺដែលត្រូវការឈាម ។ចំពោះអ្នកជម្ងឺត្រូវការឈាមភាគច្រើនគឺជាស្ត្រី សម្រាលកូន ធ្លាក់ឈាមច្រើន និងស្ត្រីឆ្លងទន្លេ ដោយការវះកាត់ និងអ្នកជម្ងឺដែលត្រូវវះកាត់ គ្រោះថ្នាក់ចរាចរណ៏ និងគ្រោះថ្នាក់ផ្សេងៗ។ កន្លងទៅមន្ទីរពេទ្យខេត្តតែងទទួលបានការផ្តល់ឈាមពីកងកម្លាំងយោធា នគរបាល ជាដើម ចំណែកសាសនិកឥស្លាមនៅពេលនេះ ក្នុងភូមិខ្នាយកកោះ ក៏ធ្លាប់បានផ្តល់ឈាមដល់មន្ទីរពេទ្យខេត្តចំនួន៤លើកហើយគិតទាំងលើកនេះ២៣កំប្លោកផង សរុបទាំង៤លើកមានចំនួន១៣៦កំប្លោក។
លោកបានបន្តថា៖ សម្រាប់ការផ្តល់ឈាមជួយសង្គ្រោះជីវិតអ្នកជម្ងឺក្នុងមន្ទីរពេទ្យខេត្ត គឺមិនតម្រូវអោយបង់ប្រាក់ទេ តែពេលគ្រូពេទ្យបានបញ្ចូលឈាមសង្គ្រោះអ្នកជម្ងឺហើយ តម្រូវអោយបងប្អូនអ្នកជម្ងឺត្រូវបូមឈាមសងមន្ទីរពេទ្យខេត្តវិញ ព្រោះបើមិនធ្វើដូច្នេះទេមន្ទីរពេទ្យខេត្ត មិនអាចរកឈាមបានសំរាប់ជួយសង្គ្រោះជីវិតមនុស្សថ្ងៃក្រោយបានទៀត ។ប៉ុន្តែមិនច្បាស់ថាបានទាំងអស់គ្នាទេ អ្នកជម្ងឺខ្លះគ្មានសាច់ញាត្តិក៏អត់ឈាមសងពេទ្យវិញឥញ្ចឹងទៅ ។
នៅក្នុងមន្ទីរពេទ្យខេត្តសព្វថ្ងៃមានឈាមក្នុងស្តុកនៅសល់តិចតូចប៉ុណ្ណោះ គឺដល់ពេលប្រកាសអាសន្នរកឈាមមករក្សាទុកនៅក្នុងមន្ទីរពេទ្យទៀតហើយ គឺត្រូវស្នើសុំទៅ មន្ត្រីយោធា នគរបាល ឬមន្ត្រីតាមមន្ទីរ អង្គភាពនានា ក្នុងខេត្តដើម្បីយកឈាមមករក្សាទុកសង្គ្រោះអ្នកជម្ងឺ ។ លោកក៏សួមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋផងដែរ សូមជួយបរិច្ចាកឈាមដើម្បីសង្គ្រោះជីវិតមនុស្ស និងសូមមកទំនាក់ទំនងនៅមន្ទីរពេទ្យខេត្ត ដើម្បីផ្តល់ឈាម ។ ចំណែកអ្នកមកផ្តល់ឈាមក្នុងម្នាក់ៗបានទទួលអំណោយពីមន្ទីរពេទ្យខេត្តវិញ បានឃីត១កញ្ចាប់ក្នុងនោះមានទឹកផ្លែឈើ អាវយឺតផ្តល់ឈាម មី ទឹកដោះគោ និងទឹកសុទ្ធផងដែរ។
ដោយឡែក ក្នុងពីធីផ្តល់ឈាមនោះដែរ លោក ជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តបានថ្លែងអំណរគុណផងដែរ ដល់បងប្អូនជាសាសនិកម៉ូស្លីមក្នុងសមាគមន៍ ដែលបានជួយបរិចា្ចគឈាមដ៏ថ្លៃថ្លានៅក្នុងថ្ងៃនេះ និងសូមជូនពរដល់បងប្អូន ក្រុមគ្រួសារ និងសាសនិកម៉ូស្លីមទាំងអស់ជួបប្រទះតែសេចក្តីសុខ គ្រ ប់ប្រការ ៕




































