ខេត្តកំពង់ឆ្នាំង៖« ប្រការដែលអ្នកបើកបរត្រូវចងចាំគឺ៖ ១កុំផ្ទុកមនុស្សឬទំនិញលើសចំណុះ ២កុំបើកបរហួសល្បឿនកំណត់ ៣កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៤កុំជែងបើកដោយប្រថុយនឹងគ្រោះថ្នាក់ ៥កុំប្រើទូរស័ព្ទក្នុងពេលបើកបរ ៥កុំប្រមាថអាយុជីវិតអ្នកដទៃ ដូចដែលយើយមិនចង់អោយអ្នកដតៃប្រមាថអាយុជីវិតយើងដែរ » លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង ក្នុងពេលក្រុមការងារនគរបាលចរាណ៍ផ្លូវគោកខេត្ត បានចុះមកបញ្ជ្រៀបច្បាប់ចរាចរណ៍ផ្លូវគោក តាមការស្នើសុំរបស់លោកប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលមានមន្ត្រីស៊ីម៉ាក់ជិត១០០នាក់បានចូលរួម។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានអោយដឹងថា៖ យោងតាមគោលការណ៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញអោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បន្តចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ទៅដល់សហគមន៍ សាលារៀន វិទ្យាស្ថាន និងតាមបណ្តារោងចក្រសហគ្រាសនានា និងតាមប្រព័ន្ធផ្សព្វផ្សាយអោយបានទូលំទូលាយ។
ដោយឡែក ថ្ងៃនេះនៅក្នុងវិទ្យាស្ថានស៊ីម៉ាក់កម្ពុជាខេត្តកំពង់ឆ្នាំង គឺជាលើកដំបូងហើយក្នុងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូនមន្ត្រីស៊ីម៉ាក់ ក្នុងគោលបំណងអោយមន្ត្រីស៊ីម៉ាក់ទាំងអស់បានយល់ជ្រួតជ្រាបនូវច្បាប់ចរាចរណ៍ផ្លូវគោក យល់ពីការបើកបរក្នុងស្ថានភាពគ្រោះថ្នាក់ ការយោគយល់អធ្យាស្រ័យក្នុងពេលបើកបរ ការប្រើប្រាស់ល្បឿនអោយបានសមស្រប យល់ដឹងពីតម្លៃនៃជីវិតនិងការស្គាល់ពីផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ។
លោក អ៊ុំ សុជាតិ ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនកម្ពុជាខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ដោយមើលឃើញនូវករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជារៀងរាល់ថ្ងៃគួរអោយព្រួយបារម្ភនេះ លោកបានស្នើសុំអោយនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះមកធ្វើការអប់រំផ្សព្វផ្សាយពីហានិភ័យ ក្នុងការបើកបរយានយន្ត កាលណាយើងបើកបរមិនគោរពច្បាប់ និងចង់អោយមន្ត្រីស៊ីម៉ាក់យល់ទាំងអស់ និងស្គាល់ពីផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ។

នៅក្នុងការផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះដែរ លោកប្រធានវិទ្យាស្ថានបានក្រើនរំលឹកដល់មន្ត្រីស៊ីម៉ាក់ទាំងអស់ ត្រូវចងចាំជានិច្ចនូវចំណុចទាំង៦ប្រការខាងលើ ដើម្បីជៀសវាងនូវករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ ជាពិសេសក៏ត្រូវតែចេះយោគយល់អធ្យាស្រ័យក្នុងពេលបើកបរផងដែរ ព្រោះថាពេលខ្លះយើងបានគោរពច្បាប់ហើយ តែបើគេមិនគោរពច្បាប់ហើយយើងមិនចេះយោគយល់ក្នុងពេលបើកបរ ក៏យើងត្រូវមានគ្រោះថ្នាក់ដែរ ៕



































