ខឹង​ជិះ​ម៉ូតូ​រ៉ឺម៉ក​ចូល​ផ្ទះ​មិន​បិទ​ទ្វាររបង​កាប់​រ៉ឺម៉ក​ខូច​ខ្ទេចខ្ទី​

0

​ ​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​បន្ទាប់ពី​បង្ក ហិង្សា​វាយបំផ្លាញ​ទ្រព្យសម្បត្ដិ​អ្នកដទៃ​បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ ខណៈដែល​បុរស​ទាំង​២​នាក់​នេះ​ខឹង​ជនរងគ្រោះ​ដែល ជិះ​ម៉ូតូ​រ៉ឺម៉ក​ចូលក្នុង​ផ្ទះ​ហើយ​មិន​ព្រម បិទទ្វារ​ឱ្យបាន​ត្រឹមត្រូវ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៤ នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នេះ​មានឈ្មោះ សាន់ យូ​ចិ​ត្ដ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ឈ្មោះ ឡុង វណ្ណៈ អាយុ​៣៧​ឆ្នាំ នគរ បាល​នាយកដ្ឋាន​បេ​តិក​ភ័​ណ្ឌ​ជាតិ​រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​គេចខ្លួន​) ។​

​រីឯ​ជនរងគ្រោះ​ឈ្មោះ គង់ សាវង្ស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូ រ៉ឺម៉ក មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ព្រៃ​ព្រីង ខាងជើង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ ទាំង​២​នាក់​កំពុង​អង្គុយ​ផឹកស្រា​ជាមួយ មិ​ត្ដ​ភក្ដិ ស្ថិតនៅ​ផ្ទះជួល​ចំណុច​កើត ហេតុ​ខាងលើ ។

លុះ​មួយសន្ទុះ​ក្រោយ មក​រូបគាត់​បាន​វិលត្រឡប់​ពី​រកស៊ី​រត់ ម៉ូតូ​រ៉ឺម៉ក ហើយ​បាន​ជិះ​ចូលទៅ​ផ្ទះជួល ខាងលើ​ដោយ​ភ្លេច​ចុះទៅ​បិទទ្វារ​របង​ផ្ទះ​។​ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​២​នាក់ បាន​ស្រែកជេរ​បញ្ចោរ​និង​ស្ដីបន្ទោស​ថា គាត់​ចេញចូល​ផ្ទះ​មិន​ព្រម​បិទ​ទ្វាររបង ព្រមទាំង​ឱ្យ​គាត់​ទៅ​សូមទោស​ពួកគេ​ទៀត ផង ។ ដោយ​យល់ឃើញថា កុំឱ្យ​មាន រឿង​វែងឆ្ងាយ​ក៏​ចូលទៅ​សុំទោស​ជន សង្ស័យ​ខាងលើ​រួច​ក៏​ដើរទៅ​ជជែក​គ្នា​លេង ជាមួយ​អ្នកជិតខាង​ក្បែរ​នោះ ។

មួយ សន្ទុះ​ក្រោយមក​ស្រាប់តែ​បក្ខពួក​ម្នាក់ ទៀត​បាន​កាន់​ដាវ​កែច្នៃ​មក​គំរាម​កាប់សម្លាប់​រូបគាត់​រួច​ចូលទៅ​ដេក​បាត់ទៅ ។​ ​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ជា​កូន​ម្ចាស់ផ្ទះ​បាន​យក​ដាវ​កែច្នៃ​មក​កាប់​រ៉ឺម៉ក និង​ម៉ូតូ​របស់គាត់​បណ្ដាលឱ្យ​ខូចខាត​បែក ក្បាល ចង្កៀង​ម៉ូតូ និង​បែក​ស្លាក​យីហោ​ខាងក្រោយ​រ៉ឺម៉ក​ព្រមទាំង​ចាក់​ទម្លុះ​ដំបូល រ៉ឺម៉ក​ខូច​ខ្ទេចខ្ទី​ទើប​ពួកគេ​គេចខ្លួន​បាត់ទៅ ។​ ​

ជនរងគ្រោះ​បានឱ្យដឹង​ទៀតថា បន្ទាប់ ពី​ជនសង្ស័យ​បំផ្លាញ​ទ្រព្យសម្បត្ដិ​របស់ គាត់​និង​បាននាំគ្នា​គេចខ្លួន​អស់​ទៅ ទើប រូបគាត់​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​នគរបាល ប៉ុស្ដិ៍​ហើយ​មកដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៤ រូបគាត់​បានឃើញ​ជន​សង្ស័យ ម្នាក់​ឈ្មោះ សាន់ យូ​ចិ​ត្ដ ដើរមក​បន្ទប់ ជួល​ត្រង់​កន្លែងកើតហេតុ​ក៏​ឃាត់ខ្លួន​ឱ្យ​នគរបាល​តែម្ដងទៅ​រួមទាំង​ដកហូត​បាន វត្ថុតាង​មាន​ដាវ​កែ​ចៃ​មួយ​ដើម​ផង ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នគរបាល ប៉ុស្ដិ៍​ចោមចៅ​កសាង​សំណុំរឿង​បញ្ជូនទៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ដ ៕image