ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលពិធីនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ និងទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ
ក្នុងសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ សរុបចំនួន១៥១នាក់។ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ គ្រប់បណ្តាភូមិឃុំ ប៉ុស្តិ៍រដ្ឋបាលទាំង៦៩ឃុំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់អនុវត្តតាមផែនការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អជាបន្តទៀត ដើម្បីផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀតអោយមានការរីកចំរើន ស្របតាមកម្មវិធីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់ប្រមុខរាជរដ្ឋាភិបាល។ ដែលក្នុងនោះត្រូវយកចិត្តទុកដាក់បង្កា ទប់ស្កាត់ និងលុបបំបាត់ចំពោះបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសនេសាទ បទល្មើសព្រៃឈើ ល្បែងស៊ីសង បញ្ហាក្មេងទំនើង ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសផ្សេងៗទៀត។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានរំលឹកថា៖ ថ្មីៗកន្លងមកនេះនៅក្នុងភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគីរីមានករណីឃាតកម្មកាប់សម្លាប់គ្នាមួយដែលមកដល់ពេលនេះ មិនទាន់ចាប់បានឃាតករនៅឡើយទេ ដូចនេះអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាល ត្រូវសហការជាមួយសមត្ថកិច្ចជំនាញបន្តការស្រាវជ្រាវចាប់ឃាតករមកផ្តន្ទាទោសអោយបានឆាប់ៗគឺមិនត្រូវបណ្តែតបណ្តោយមិនអើពើនោះឡើយ ហើយកត្តាមានបទល្មើសបែបនេះ ឃុំនោះត្រូវធ្លាក់ចំណាត់ថ្នាក់ក្នុងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពមិនខានឡើយ។ឯកឧត្តមបានផ្តាំផ្ញើថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកសាងផែនការសំរាប់ចាត់តាំងអនុវត្តដោយបានរៀបចំគណៈបញ្ជាការដឹកនាំ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយបានបង្កើតក្រុមលេខាធិការដ្ឋាន ក្រុមសេនាធិការប្រចាំនៅសាលាខេត្ត ក្រុមការងារដឹកនាំត្រួតពិនិត្យ តាមបណ្តាស្រុកក្រុងទាំង៨ ដើម្បីបង្កើននូវសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋទូទៅ អ្នកវិនិយោគ អ្នកទេសចរណ៍ ធ្វើអោយពួកគាត់កាន់តែជឿទុកចិត្តមកលើអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសយើងអោយមានការរីកចំរើនលើគ្រប់វិស័យ។ដូច្នេះហើយទើប
« កត្តាសំខាន់ក្នុងការអភិវឌ្ឍន៍ខេត្ត ស្រុកអោយរីកចំរើន គឺផ្តើមចេញពីភូមិឃុំមានសុវត្ថិភាព »៕



































