ខេត្តសៀមរាប នៅល្ងាច ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ២០១៦ម្សិលមិញនេះ នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប មានធ្វើការបើកសម្ពោធការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ថៃស្មាយ ជាលើកដំបូង ពីទីក្រុងបាងកក មកខេត្តសៀមរាប។ពិធីសម្ពោធនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោកបណ្ឌិតថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរនិងលោកឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជានិង ឯកឧត្តមគណៈអភិបាលខេត្តសៀមរាបនិងអស់លោកលោស្រីជាថ្នាក់ដឹកនាំបុគ្គលិកក្រុមហ៊ុន ពាណិជ្ជករជនជាតិថៃជាច្រើនដែលបានចូលរួម ។
ក្នុងកិច្ចស្វាគមន៍របស់លោកនាយកប្រតិបត្តិស្តីទី នៃក្រុមហ៊ុនអាកាសចរណ៍ ថៃស្មាយ បានបញ្ជាក់ថា ដោយប្រទេសកម្ពុជា បន្តបើកទូលាយ ហើយក្រុមហ៊ុនក៏បានឃើញពីសក្តានុពលសំខាន់ ក្នុងការធ្វើដំណើរតាម ផ្លូវអាកាស គឺមានតម្រូវការកើនឡើងសម្រាប់វិស័យទេសចរណ៍មកកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏ជាការបង្កើតទីផ្សារថ្មីទៀត ដោយតភ្ជាប់មកកម្ពុជា ពីក្រុងបាងកក មកខេត្តសៀមរាប ។ ម្យ៉ាងទៀតក្រុម ហ៊ុនអាកាសចរណ៍ ថៃស្មាយ បានគ្របដណ្តប់លើទីក្រុងចំនួន ៦០ ហើយការហោះហើរមកកាន់ខេត្តសៀមរាប ក្នុងមួយសប្តាហ៍ មានចំនួន៤ជើង ដែលនឹងដំណើរការហោះហើរចាប់ពីថ្ងៃទី០១ កុម្ភះ ឆ្នាំ២០១៦នេះ ។
មានប្រសាសន៍នោះដែរលោកឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ក៏បានគូសបញ្ជាក់ថានេះជាចំណងមិត្តភាពថ្មីមួយរវាងប្រទេសយើងទាំងពីរ ក្នុងការពង្រីកនូវសេវាកម្មទេសចរណ៍ ហើយ ការសម្ពោធបើកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ថៃស្មាយ ពីក្រុងបាងកកមកកម្ពុជា សំខាន់ខេត្ត សៀមរាប ដែលជាទីក្រុងប្រវត្តិសាស្ត្រ សម្បូរទៅដោយសម្បត្តិវប្បធម៌ បេតិកភណ្ឌពិភពលោក ។ ក្រុងបាងកក ជារាជធានី ទឹកដីនៃស្នាមញញឹម ផ្តល់ជូនភាពទាក់ទាញ មានភាពរួសរាយរាក់ទាក់ ដែលជាទីកន្លែងកម្សាន្តលំដាប់ថ្នាក់ពិភពលោកទៀតផង ។
មានប្រសាសន៍ក្នុងឱកាសនោះលោកបណ្ឌិតថោងខុនក៏បានសម្តែងនូវការរំភើព ជាមួយក្រុមហ៊ុនអាកាសចរណ៍ថៃស្មាយដែលមានវត្តមានទៅលើទឹកដីអង្គរ.សៀមរាប ព្រមទាំងបានគាំទ្រចំពោះអាកាសចរណ៍ របស់ថៃ ដែលបានចាប់យកឱកាសហោះហើរចេញពីក្រុងបាងកក មកព្រះរាជាណាចក្រកម្ពុជាហើយវាក៏ជាសរសៃឈាមថ្មីមួយសម្រាប់ខេត្តសៀមរាប ដែលជាខេត្តប្រវត្តិសាស្ត្រនេះគឺផ្ទុកទៅដោយសម្បត្តិបេតិកភណ្ឌពិភពលោកនិង ពោពេញទៅដោយភាពមនុស្សធម៌ ភាពល្បីល្បាញបំផុត ខាងទេសចរណ៍លើពិភពលោក ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើង ពីកិច្ចដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកំពុងស្ថិតនៅក្នុងភាពសុខដុមរមនា ពោពេញទៅដោយសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពនៅពេញផ្ទៃប្រទេសនាពេលបច្ចុប្បន្ននេះ ។ លោកបណ្ឌិត ថោង ខុន បានបន្តទៀតថា ដោយកម្ពុជាមានសុខសន្តិភាពនេះហើយ បានកំពុងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើន និង បានកំពុង ទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត នៅគ្រប់តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ។ ទាំង នេះក៏សបញ្ជាក់ពីអទិភាពមួយសម្រាប់គាំទ្រដល់វិស័យសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនជាមួយការលើកកម្ពស់វិស័យវិនិយោគមកពីក្រៅប្រទេស ដើម្បីកាត់បន្ថយភាពក្រីក្រ និង ជាគោលនយោបាយថ្មីមួយ គឺបង្កើននូវ ការអភិវឌ្ឍន៍វិស័យបៃតងទៀតផង ។ លោកក៏បានគូសបញ្ជាក់ថា កម្ពុជាយើងមានបទពិសោធន៍និងមានការរីកចម្រើននៅឆ្នាំ២០១៥មកនេះ ដោយទទួលភ្ញៀវទេសចរណ៍បរទេស ៤,៨លាននាក់ គឺកើនឡើង ៦,១% ដែល បានចូលមកតាមរយៈជើងហោះហើរ មាន ៥៣% បូកនឹង ៣០% ចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។ ក្នុងនោះដែរលោក រដ្ឋមន្ត្រី ក៏បានរំពឹងផងដែរ ទៅតាមទស្សនវិស័យ ដោយរំពឹងថា កម្ពុជាអាច និងទទួលកំណើនភ្ញៀវទេសចរបរទេស ប្រមាណ ៧លាន៥សែននាក់ ទៅ៨លាននាក់ នៅឆ្នាំ២០២០ខាងមុខ៕