សៀមរាបៈ សិប្បកម្មដែលបានបើកដំណើរការ ដោយខុសច្បាប់អាជ្រៀកកែច្នៃដោយខុសច្បាប់ នៅភូមិខ្លាឃ្មុំគោកធ្លោកលើ ស្រុកជីក្រែង សៀមរាប ត្រូវបានលោក ទា គឹមសុទ្ធ នាយខណ្ទរដ្ឋបាលព្រៃឈើ សៀមរាប បញ្ជាឲ្យលោក ប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំកម្លាំង សហការ ជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែងនិងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ចុះបង្រ្កាបសិប្បកម្មខុសច្បាប់ និង រឹបអូសវត្ថុតាងយកមកទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង។
កិច្ចសហការប្រតិបត្តិការបង្រ្កាបនេះ ត្រូវធ្វើឡើងនៅរសៀលម៉ោង៣ ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចរដ្ឋបាលព្រៃឈើចុះទៅបង្រ្កាបសិប្បកម្ម ដែលពុំមានច្បាប់អនុញ្ញាតិ ក្នុងការប្រកបអជីវកម្ម ត្រូវបានសមត្ថកិច្ចរឹបអូសម៉ាស៊ីនក្រឡឹង និងម៉ាស៊ីនអាជ្រៀកមួយចំនួន រួមទាំងឈើជាច្រើនកំណាត់ដើម្បីដឹក យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង។
លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែង ពុំអាចធ្វើការទំនាក់ទំនង សុំការផ្តល់ព័ត៌មាន ពាក់ព័ន្ឋនឹងនិតិវិធីក្នុងការបង្រ្កាបសិប្បកម្ម បានទេ ដោយសារទូរស័ព្ទខលចូលហើយ ពុំមានការទទួល ។
លោក ប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្រ្កាបសិប្បកម្មខុសច្បាប់នេះ និងបន្តការបង្រ្កាបជាបន្តបន្ទាប់ ដើម្បីបោសសំអាតការបើកសិប្បកម្មដោយខុសច្បាប់ ដោយយោងតាមការណែនាំរបស់លោក ទា គឹមសុទ្ធ នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ក្នុងនោះនឹងជម្រុញឲ្យអ្នកប្រកបមុខរបរសិប្បកម្ម មានការសុំច្បាប់អនុញ្ញាតិត្រឹមត្រូវ ។
ដោយ អ៊ុក ផ្លុង