ខេត្តកំពតៈ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោកជំទាវអុ៊ន-សុគន្ធា អ្នកតំណាងរាស្ត្រមណ្ឌលកំពក ឯ.ឧខូយ-ឃុនហ៊ួរអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានបេតុងមួយកន្លើង ដែលស្ថិតនៅភូមិកំពង់សំរោងខាងត្បូងឃុំកំពង់សំរោងស្រុកទឹកឈូ ខេត្តកំពត។ លោកជាវ-នាង មេឃុំកំពង់សំរោងអោយដឹងថាដោយផ្អែកលើសំណូមពរជាក់ស្តែងចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ពានដែលត្រូវសាងសង់នាពេលនេះ គឺឆ្លងកាត់ដៃព្រែកក្បាលរមាស ស្ថិតក្នុងភូមិកំពង់សំរោងខាងត្បូងឃុំសំរោងស្រុកទឹកឈូ ខេត្តកំពតមានប្រវែង ២៣ម៉ែត្រ ទទឹង៥ម៉ែត្រ កំពស់៤;៦០ម៉ែត្រត្រូវចំណាយអស់ថវិកាជាង១៦៣លានរៀល ជាថវិកា របស់រាជរដ្ឋាភិបាលផ្តល់តាមរយះមូលនិធិឃុំ និងមានការគាំទ្រពីរដ្ឋបាលខេត្តព្រមទាំងមានការចូលរួមបដិភាគថវិកាពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន២លានរៀលផងដែរ។ ស្ពាននេះក្នុងកិច្ចសន្យាចាប់ទទួលដំណើរការសាងសង់នៅថ្ងៃទី០១ខែកម្ភៈ២០១៦ និងបញ្ចប់ការសាងសង់នៅថ្ងៃទី០៤ខែមេសា២០១៦ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន សយ-សុធារីអភិវឌ្ឍន៍។ មានប្រសាសន៍សំណេះសំណាលឯ.ឧខូយ-ឃុនហ៊ួរអភិបាលខេត្តបានថ្លែងការកោតសរសើេចំពោះ អាជ្ញារគ្រប់លំដាប់ថ្នាក់មន្ត្រីជំនាញពាក់ព័ន្ធនិង ប្រជាពលរដ្ឋដែលបានសហការគ្នា ល្អនិងឈានដល់ដំណើរការសាងសង់ស្ពាននាពេលនេះ ក្នុងគោលបំណងដើម្បីបំរើប្រយោជន៍ប្រជាពលរដ្ឋទូទៅ ពិសេសជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះបានធ្វើដំណើរឆ្លងកាត់អោយបានកាន់តែមានលក្ខណៈល្អប្រសើរស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន-សែន ប្រមុខនៃរាជរដ្ឋាភិបាលតែងបានលើកឡើងថាមានស្ពាន មានផ្លូវមានក្តីសង្ឃឹមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងគ្រួសារប្រជាពលរដ្ឋ។ ឯ.ឧអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋអោយមានកិច្ចសហការបន្តទៀត ជាមួយអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធនិងក្រុមហ៊ុនទទួលការសាងសង់ដើម្បីអោយដំណើរការសាងសង់ទទួលបានជោគជ័យ។ ជាមួយគ្នាក្នុងឱកាសនោះ ឯ.ឧអភិបាលខេត្ត ក៏បានក្រើនរំលឹកផ្តាំផ្ញើដល់អាជ្ញាធរនិងប្រជាពលរដ្ឋផងដែរត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នបញ្ហាការផ្គត់គង់ទឹកប្រើប្រាស់អោយបានល្អនៅក្នុងមូលដ្ឋានស្របតាមការណែនាំពីរាជរដ្ឋាភិបាល ព្រោះឆ្នាំនេះតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម ភ្លៀងមានការអូសបន្លាយយូរ។ ឯឧត្តមអភិបាលខេត្តក៏បាន ផ្តាំផ្ញើបន្ថែមទៀតអោយប្រជាពលរដ្ឋត្រូវបង្កើនការចូលរួម អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុចរបស់រាជរដ្ឋាភិបាល ពិសេសផងដែរនោះគឺការចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានល្អគ្រប់ៗគ្នាព្រោះការគោរពច្បាប់គឺផ្តើមចេញពីប្រជាពលរដ្ឋទូទៅទាំងអស់ទើបប្រទេសជាតិក្លាយជានិតិរដ្ឋបានល្អនិងមានកិត្តិយសថ្លៃថ្នូរ។



































