រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ បាក់ឆ្អឹងដងកាំបិតខាងស្តាំ និងបាក់កំពួនជើងខាងឆ្វេង ខណៈដែលកំពុងជិះម៉ូតូលើផ្លូវបញ្ច្រាសទិស បានជ្រុលទៅបុកទ្វាររថយន្ត និងផ្លោងទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងទៀត ម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ស្ត្រីរងគ្រោះឈ្មោះ នេត សោភា អាយុ៣៤ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិត្រពាំងថ្នោយ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសធ្ងន់ធ្ងរ។
ប្រភពបន្តទៀតថា មុនកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូ មួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CG-1618 ជិះម្នាក់ឯងក្នុងទិសដៅ ពីលិចមកកើត លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍។ លុះទៅដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តដឹកទំនិញពណ៌ស មិនចាំម៉ាកបានបើកទ្វាររថយន្ត ក៍ទៅប៉ះម៉ូតូខាងលើ ដែលកំពុងតែបើកបរ បណ្តាលឲ្យផ្លោងខ្ទាត ម៉ូតូជ្រុលទៅបុក រ៉ឺម៉កម៉ូតូមួយគ្រឿងទៀត ដែលបើកក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យម៉ូតូដួលម្ចាក់ឯងបាក់កំពួនជើងខាងឆ្វេង និង បាក់ឆ្អឹងដងកាំបិតខាងស្តាំ។
ក្រោយកើតហេតុរថយន្ត និងម៉ូតូរឺុម៉ក នាំគ្នាបើករត់គេចបាត់អស់ សល់តែស្ត្រីរងរបួស យ៉ាងអាណោចអាធមនៅកន្លែងកើតហេតុតែម្នាក់ឯង បន្សល់ទុកតែស្លាកលេខរ៉ឺម៉កម៉ូតូ ជ្រុះនៅកន្លែងកើតហេតុ (ភ្នំពេញ 1AC-3495)។ ស្ត្រីរងគ្រោះ ត្រូវរថយន្តសង្គ្រោះ ដឹកទៅកាន់មន្ទីរព្រះកុសុមៈ ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៕