រាជធានីភ្នំពេញៈ លោកឃួង ស្រេងអភិបាលរងរាជធានីភ្នំពេញនៅថ្ងៃសុក្រទី០៥ កុម្ភៈ២០១៦នេះ បានក្រើនរំឭក និងណែនាំដល់អង្គភាពនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១២ ពីការត្រៀមរៀបចំពង្រាយរថយន្តពន្លត់អគ្គិភ័យ និងចុះអប់រំប្រជាពលរដ្ឋពីកត្តាហានិភ័យនៃភ្លើងធូប ទៀន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមនេះ ។លោកឃួង ស្រេង បានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំពីការត្រៀម បង្ការ និងពន្លត់អគ្គិសនីក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក នេត វន្ថា ប្រធាននាយកដ្ឋាន បង្កា និងពន្លត់អគ្គីភ័យ នៃក្រសួងមហាផ្ទៃមន្ត្រីរាជការពាក់ពន្ធ័ក្រោមឱវាតសាលារាជធានីភ្នំពេញ និងតំណាងអាជ្ញាធរទាំង១២ខណ្ឌផងដែរ ។
លោកឃួង ស្រេង បានណែនាំឲ្យអង្គភា
ពនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១២ អនុវត្តសកម្មភាពត្រៀមបង្ការប្រកបដោយស្មារតីខ្ពស់ ដើម្បីបម្រើដល់សុវត្ថិភាព និងជំនឿទុកចិត្តដល់ប្រជាពលរដ្ឋជាពិសេសត្រូវចុះអប់រំ និងផ្សព្វផ្សាយនៅតាមផ្សារ និងកន្លែងកម្សាន្ដសប្បាយពីការបង្ការអគ្គិភ័យ និងរក្សាសន្តិសុខសុវត្ថិភាពត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន និងចរន្ដអគ្គិសនីដែលអាចបង្កឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុ។

បើតាមតំណាងអង្គភាពនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ
អង្គភាពត្រៀមពង្រាយរថយន្តចំនួន៤៨គ្រឿងដោយពង្រាយ៨គោលដៅធំៗនៅទូទាំងរាជធានី។ នៅតាមគោលដៅនីមួយៗមានរថយន្ត២គ្រឿងនៅប្រចាំការ ហើយគោលដៅទាំងនោះមានដូចជា៖ សាលាខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ នាយកដ្ឋានអង្គរក្ស និងអធិការដ្ឋានខណ្ឌទួលគោក។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខដែរ សាលារាជធានីភ្នំពេញ ក៏បានចេញលិខិត ហាមមិនឲ្យសាធារណជនដុតផាវ និងកាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ។ ជាមួយគ្នានេះ ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត និងហាមដាច់ខាតមិនឲ្យដុតនៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ។
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៤-២០១៥ នៅទូទាំងប្រទេសបានកើតគ្រោះអគ្គិភ័យចំនួន៥៩០លើក ក្នុងនោះបានបណ្តាលឲ្យស្លាប់មនុស្សចំនួន៣៧នាក់។ ដោយឡែក នៅទូទាំងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែដើមឆ្នាំ២០១៦នេះ មានអគ្គិភ័យ៩លើកបានកើតឡើង៕



































