ខេត្តបាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារ ឆ្នាំ២០១៦ របស់ រដ្ឋបាលខេត្តបាត់ដំបង ដោយផ្អែកទៅតាមលទ្ធផលសម្រេចបាន របស់ រដ្ឋបាលខេត្ត ហើយដែលត្រូវឆ្លុះបញ្ចាំង ឲ្យឃើញពីសមិទ្ធផលរួម អនុវត្តឆ្នាំកន្លងទៅ និងដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងការអនុវត្តនូវតួនាទី ភារកិច្ច និងបំពេញបន្ថែម កែលម្អចំណុចខ្វះខាត សម្រាប់ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ដោយផ្អែកលើគោលការណ៍រួមគ្នា ដោយប្រមូលផ្តុំនូវមតិយោបល់ បទពិសោធន៍ល្អៗក្នុងការពិនិត្យ ពិភាក្សា ផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារ របស់ រដ្ឋបាលខេត្តបាត់ដំបង ឲ្យកាន់តែមានភាពសុក្រឹត្យថែមទៀត និងធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តនៅក្នុងឆ្នាំបន្ទាប់ទៀត។
នេះជាប្រសាសន៍របស់ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ដែលបានថ្លែងនៅក្នុងឳកាសបើកអង្គសន្និបាតបូកសរុបសទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារបន្តឆ្នាំ២០១៦របស់ខ្លួន ដែលមានរយៈពេលមួយថ្ងៃកន្លះ នារសៀលថ្ងៃទីថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០១៦ នៅសាលាខេត្តបាត់ដំបង។
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តបាត់ដំបងគឺចាប់ពីថ្ងៃទី០៤ដល់ទី០៥ ខែកុម្ភៈឆ្នាំ ២០១៦និងវត្តមានភ្ញៀវកិត្តិយស សមាជិក សមាជិកាអង្គសន្និបាតទាំងមូលសរុបជិត៦០០នាក់។
នៅក្នុងអំណាន នៃ សេចក្តីព្រាងរបាយការណ៍សង្ខេបបូកសរុបការងារឆ្នាំ២០១៥និងលើកទិសដៅការងារឆ្នាំ២០១៦របស់រដ្ឋបាលខេត្តបាត់ដំបង ដោយលោកស្រី កែវ ដាណា នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត គឺបរិយាយអំពីសមិទ្ធផលការងារប្រចាំឆ្នាំទី២នៃអាណត្តិទី២របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងដើម្បីឆ្លើយតបនូវគោលដៅអភិវឌ្ឍរយៈពេល០៥ឆ្នាំ(២០១៥-២០១៩)តាមរយៈការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៥-២០១៧)ជារបាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តការងាររដ្ឋបាលខេត្ត មាន៦ផ្នែកដែលក្នុងនោះរួមមាន៖ផ្នែកទី១.បរិយាយអំពីការគ្រប់គ្រងរដ្ឋបាលខេត្ត, ផ្នែកទី២. ការងាររដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់, ផ្នែកទី៣. ការងាររបស់មន្ទីរ អង្គភាពជំនាញ, ផ្នែកទី៤. បញ្ហាប្រឈម និងសំណើរ ដំណោះស្រាយ, ផ្នែកទី៥. ទិសដៅការងារឆ្នាំបន្ទាប់ និង ផ្នែកទី៦. អំពីសេចក្តីសន្និដ្ឋាន។
នៅក្នុងឳកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំ បង បានមានប្រសាសន៍ថា ផ្អែកលើគោលការណ៍នេះ អង្គសន្និបាតខេត្តបានរៀបចំបែងចែកជាក្រុមពិភាក្សាតាមប្រធានបទវិស័យនិមួយៗដើម្បីលើកឡើងជាបទអន្តរាគមន៍ក្នុងអង្គសន្និបាត ដោយបានផ្តោតលើប្រធានបទសំខាន់ៗចំនួន៩ប្រធានបទ ក្នុងនោះ៖ប្រធានបទទី១. ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវតតច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការនានាការបង្ក្រាបបទល្មើសនានា ការបង្ក្រាបបទល្មើសគ្រឿងញៀន ការលុបបំបាត់កុងត្រូលអនាធិបតេយ្យ ការជួញដូរស្ត្រី និងកុមារ។ ប្រធានបទទី២. ការងារគ្រប់គ្រងបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងជលផល។ ប្រធានបទទី៣. ការងារវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការងាររៀបចំនិងអនុវត្តផែនការនិងថវិកាការងារគាំទ្រថវិការបស់រដ្ឋបាលក្រុងស្រុក និងឃុំ សង្កាត់ ការអនុវត្តចំណូល-ចំណាយ បញ្ជីសារពើភ័ណ្ឌ។ ប្រធានបទទី៤. ការងារផ្តល់សេវាសុខាភិបាល ដល់ប្រជាពលរដ្ឋ ការចែកចាយឪសថ ការធ្វើអាជីវកម្មឪសថ។ ប្រធានបទទី៥. ការងារវិស័យអប់រំ យុវជននិងកីឡា ការផ្ទេរមុខងារវិស័យអប់រំ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ការងារជួយជនអនាថា និងជនងាយរងគ្រោះ ការគ្រប់គ្រងស្លាក យីហោ ស្លាកផ្សាយពាណិជ្ជកម្ម ការងារផ្សព្វផ្សាយព័ត៌មាន ការប្រតិបត្តិវិន័យ និងសីលធម៌ក្នុងវិស័យសាសនា។ ប្រធានបទទី៦. ការរៀបចំសោភ័ណភាព ការគ្រប់គ្រង ការងារប្រមូលសម្រាម សំអាតបរិស្ថានអនាម័យក្នុងទីក្រុងទីប្រជុំជនក្នុងខេត្ត ការអនុវត្តសារាចរអន្តរក្រសួង ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។ ប្រធានបទទី៧. ការងារការផ្តល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ នៅសាលាក្រុងបាត់ដំបង និង សាលាស្រុកបវេល។ ប្រធានបទទី៨. ការងារផ្តល់សេវារដ្ឋបាល នៅតាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត។ ប្រធានបទទី៩. ការងារផ្តល់សេវារដ្ឋបាលនៅសាលាខេត្ត និងនៅតាមបណ្តាស្រុក ដែលពុំទាន់មានការិយាល័យច្រកចេញ-ចូលតែមួយ។
សូមបញ្ជាក់ថាសន្និបាតប្រចាំឆ្នាំដែលរដ្ឋបាលខេត្តបាត់ដំបង បានប្រារព្វធ្វើ០២ថ្ងៃនេះ ក៏មានការអញ្ជើញ ជាអ ធីបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឳកាសបិទអង្គសន្និបាតប្រចាំឆ្នាំនៃរដ្ឋបាលខេត្តបាត់ដំបង នៅវេលាល្ងាច ថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០១៦ នេះផងដែរ៕/.


































