ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថៃ្ងទី០៨ ខែកុម្ភះ ឆ្នាំ២០ ១៦ និងក្រុការងារខេត្ត មានលោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត និងមន្ត្រីមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ លោក ហុង គីន ជនជាតិចិន នៅក្នុងមន្ទីរពេទ្យពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលរងគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង៥ល្ងាច ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ ដោយសូមចូលរួមសោកស្តាយនិងចូលរួមរំលែកទុក្ខដល់ជនជាតិចិន២នាក់ដែលបានស្លាប់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ។ ឯកឧត្តមបានជំរុញអោយលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលរបួសជនរងគ្រោះអោយបានល្អ។ ទន្ទឹមនេះដែរឯកឧត្តមបានជំរុញអោយសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត និងនគរបាលមូលដ្ឋានកសាងសំណុំរឿងគ្រោះថ្នាក់ចរា ចរណ៍នេះបញ្ជូនតុលាការខេត្ត ដើម្បីដោះស្រាយអោយបានត្រឹមត្រូវតាមច្បាប់។
ដោយឡែកនៅវេលាម៉ោង១០និ៤៥នាទីព្រឹកថៃ្ងទី០៨ ខែកុម្ភះ ដោយមានការស្នើសុំពីលោក HuangYuYung ជាអ្នកទទួលខុសត្រូវលើជនរងគ្រោះ បានធ្វើលិខិតធានាសុំយកលោកហុងគីន ទៅព្យាបាលនៅមន្ទីរម៉ារីយ៉ានៅទីក្រុងភ្នំពេញវិញ ក្នុងនោះដែរ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានជួយសំរួលតាមសំណូមពររបស់លោកHuangYuYungដោយអោយរថយន្តសាម៉ុយរបស់មន្ទីពេទ្យខេត្តដឹកជនរងគ្រោះពីមន្ទីពេទ្យខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង១០និ៥៥នាទី ទៅបន្តព្យាបាលនៅមន្ទីរពេទ្យទីក្រុងភ្នំពេញ។
សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថា៖ ជនជាតិចិនទាំង៣នាក់នេះ ធ្វើការនៅក្នុងការ ដ្ឋានទំនប់ទឹកអាចាំងស្រុកបរិបូណ៌ បានបើករថយន្តចេញពីការដ្ឋាន ហើយបានឈប់លើចិញ្ចើមផ្លូវចាំមិត្តភ័ក្រមកពីខេត្តពោធិសាត់។ ខណៈនោះមានរថយន្តបែនដឹកដី១គ្រឿង ស្លាកលេខកំពង់ឆ្នាំង 3A-0605 បានបើកជែងគ្នាជ្រុលទៅបុកជនរងគ្រោះទាំង៣នាក់បណ្តាលអោយជនរងគ្រោះម្នាក់ស្លា ប់នៅកន្លែងកើតហេតុ ម្នាក់ទៀតបានស្លាប់ពេលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងឈ្មោះលោក ហុង គីន របួសធ្ងន់។
ចំណែកអ្នកបើករថយន្តបែនក្រោយពេលកើតហេតុបានគេចខ្លួនបាត់ ប៉ុន្តែពេលនេះសមត្ថកិ ច្ចបានស្គាល់អត្តសញ្ញាណហើយកំពុងស្រាវជ្រាវតាមចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមផ្លូវច្បាប់៕