VIDEO ព្រៃឈើខេត្តមណ្ឌលគិរីវិនាសហិនហោច​នូវ​ព្រៃឈើ​ដ៏​មានតម្លៃ​របស់​ប្រទេស​កម្ពុជា

0

​ ​ ​មណ្ឌលគិរី​៖ មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​សម្ដែង​ភាព​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការវិនាសហិនហោច​នូវ​ព្រៃឈើ​ដ៏​មានតម្លៃ​របស់​ប្រទេស​កម្ពុជា ខណៈ​មន្ត្រី​បរិ​ដ្ឋា​ន​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ បាន​សហការ​ជាមួយនិង​កម្លាំង​សមត្ថកិច្ច​ព្រំដែន ព្រមទាំង​មន្ត្រី​អាវុធហត្ថ​បើក​ប្រតិបត្តិ​ការរុករក​ប្រទះឃើញ​ឈើប្រណិត និង​ឈើ​ប្រភេទ​លេខ​១ ដែលមាន​មុខកាត់​ធំៗ​ជិត​៧០០​កំណាត់ នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រង់ចំណុច​ប៉ុស្តិ៍នគរបាល និង​ប៉ុស្តិ៍​យោធា​ដាក់​ចូរ ហៅ​ប៉ុស្តិ៍​ប្រាំមួយ ដែល​ស្ថិត​ក្នុងភូមិ​ឡឥដ្ឋ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។ ដោយ​ប្រតិបត្តិ​ការណ៍​នេះ​បានធ្វើ ឡើង​តាំងពី​អំឡុង​ចុងខែ​មករា ២០១៦ រហូតមកដល់​ពេលនេះ នៅ​ពុំទាន់​បញ្ចប់​នៅឡើយ ។​

​លោក ឌិន ប៊ុនធឿន នាយរង​ដែនជម្រកសត្វព្រៃ​ណាំ​លៀ​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការរុករក​ជាច្រើន​ថ្ងៃ​មន្ត្រី​ជំនា ញ បាន​រកឃើញ​ឈើប្រណិត​ប្រភេទ​បេង ឈើខ្មៅ ផ្ចឹក គគីរ ឈើទាល សុ​ក្រម ខ្វាវ និង​ឈើ​ស្រឡៅ សរុប​ចំនួន​៦៨៨​កំណាត់ នៅត្រង់ចំណុច​ប៉ុស្តិ៍​ដាក់​ចូរ ហៅ​ប៉ុស្តិ៍​ប្រាំមួយ​នោះ ។ លោក​បន្តថា បច្ចុប្បន្ន​មន្ត្រី​បរិស្ថាន​រួម និង​កម្លាំង​អាវុធហត្ថ​កំពុង​យាម​នៅ​ទីតាំង​គំនរ​ឈើ​នោះ​រងចាំ​បទបញ្ជា​ពី​ថ្នាក់លើ​ថា​ត្រូវធ្វើ​យ៉ាងណា និង​កំពុង​បន្ត​ស្វែងរក​ទីតាំង​លាក់​ឈើ​ផ្សេង ទៀត ។​

​សូមបញ្ជាក់ថា បើ​យោងតាម​ប្រភពពី​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ឃុំ​ប៊ូ​ស្រា​បាន​ឲ្យ​ដឹងថា មុនពេល កម្លាំង​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​ទីតាំង​លាក់​ឈើ​នៅ​តំបន់​ច្រករបៀង​ប៉ុស្តិ៍​ប្រាំមួយ​នោះ គឺ​តំបន់​នោះបាន​កើតមាន​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក ដោយ​ជនជាតិ​វៀតណាម​បាន​នាំយក​ត្រាក់ទ័រ​រាប់សិប​គ្រឿង ព្រមទាំង​រណា​យន្ត ចូលមក​អារ​រលំ​ដើមឈើ​យ៉ាង​រង្គាល​ពេញ​ព្រៃ និង​ដឹកជញ្ជូន​ទៅ​ប្រទេស​ពួកគេ​វិញ​យ៉ាង​រលូន​តាម​ច្រករបៀង​ដាក់​ចូរ​ហៅ ប៉ុស្តិ៍​ប្រាំមួយ ដែល​គ្រប់គ្រង​ដោយ​លោក យិន ចាន់ទី មេបញ្ជាការ​យោធា​វរៈ​ការពារ​ព្រំដែន​លេខ​១០៣ និង​លោក សៀង ស៊ី​វន មេ​ប​ញ្ជេ​ការ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣០៣ ។​

​ប្រភព​ដដែល​បន្តថា ឈើ​ខុសច្បាប់​យ៉ាងច្រើន​សន្ធឹក​ស​ន្ទា​ប់ ដែល​មន្ត្រី​ជំនាញ​បង្ក្រាបបាន​ទាំងនេះ ត្រូវបាន​គេ​ដឹ​ថា ជា​របស់លោក សារិន គឹម​អាត មេបញ្ជាការ​យោធា​ស្រុក​ពេ​ជ្រា​ដា និង​លោក ខន សុខ​ខឿន នាយ​ស៊ើប​ការ​នៃ​វរៈ​នគរ បាល​ការពារ​ព្រំដែន​គោក​លេខ​៣០៣ ហើយ​ក្រោម​ការសម្របសម្រួល​ពី​មន្ត្រី​យោធា និង​នគ​បាល​នៅ​តំបន់​នោះ ទើប​ឈើ​អាច​ចរាចរណ៍​ចូល​ដី​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រករបៀង​ដាក់​ចូរ ហៅ​ប៉ុស្តិ៍​ប្រាំមួយ​នេះ ។​

​ទាក់ទិន​និង​បញ្ហា​នេះ លោក សារិន គឹម​អាត មេបញ្ជាការ​យោធា​ស្រុក​ពេ​ជ្រា​ដា និង​លោក ខន សុខ​ខឿន នាយ​ស៊ើប​ការ​នៃ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៣០៣ ព្រមទាំង​មន្ត្រី​យោធា និង​នគរបាល​នៅ​ប៉ុស្តិ៍​ព្រំដែន​ដាក់​ចូរ ហៅ​ប៉ុស្តិ៍​ប្រាំមួយ យើង​ពុំ​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ។​

​ចំណែក​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី អ្នកព័ត៌មាន​យើង​បាន​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ តាម​ទូរស័ព្ទ​ជាច្រើនលើក តែ​ពុំមាន​អ្នកទទួល ។ រីឯ​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ថា នៅ​ច្រករបៀង​ដាក់​ចូរ ហៅ​ប៉ុស្តិ៍​៦ គឺ​មិនមាន​ការនាំ​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​នោះទេ ហើយ​ឈើ​ដែល​កម្លាំង​សមត្ថ​រួមមាន​ការសហការ​ពី​មន្ត្រី​យោធា​បង្ក្រាបបាន​នោះ គឺ​មិនមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​លោក សារិន គឹម​អាត មេបញ្ជាការ​យោធា​ស្រុក​ពេ​ជ្រា​ដា​នោះទេ ។ លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ​មន្ត្រី​ជំនាញ ក៏​កំពុង​ស៊ើបអង្កេត​រក​ម្ចាស់​ឈើ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ខាងលើនេះ មក​ចាត់ការ​តាមផ្លូវ​ច្បាប់​ផងដែរ ៕ ម៉ារ៉េត​