ស្ទឹងត្រែង៖ រមណីយដ្ឋានកោះខ្សាច់សេកុង ជារមណីយដ្ឋាន នៃតំបន់អេកូទេសចរណ៍មួយ ទើបតែបង្កើតថ្មីនៅក្នុងឆ្នាំ២០១៦នេះ ស្ថិតនៅប៉ែកឥសាន្តប្រទេស ដែលបានរៀបចំឡើង ដោយមន្ទីទេសចរជាមួយដៃគូរអភិវឌ្ឍន៍ ធ្វើអោយមានភាពទាក់ទាញ មានភ្ញៀវទេសចរមកទស្សនា ជិត៥ពាន់នាក់និងមានរថយន្ត ប្រមាណ៤រយគ្រឿង ដែលអាចចុះលើកោះខ្សាច់បាន និងមានទីតាំងនៅខាងលើស្ពានសេកុងជិតមួយគីឡូម៉ែត្រមានចំម្ងាយពីខេត្តស្ទឹងត្រែង តែ៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
រមណីយដ្ឋានកោះខ្សាច់សេកុង ត្រូវបានមន្ទីទេសចរខេត្ត ជាមួយដៃគូរអភិវឌ្ឍន៍ និងបងប្អូនប្រជាសហគមន៍រួមគ្នាធ្វើផ្លូវចុះទៅកាន់កោះខ្សាច់ តម្លៃរថយន្តមួយគ្រឿង៨ពាន់រៀល ម៉ូតូមួយគ្រឿង១ពាន់និងមនុស្សម្នាក់១ពាន់រៀល ហើយក៏មានសង់រោងប្រក់ស្បូវ ដាក់ឆ័ត្រជាជួរៗ នៅតាមឆ្នេរខ្សាច់ កន្លែងលក់អាហារ កន្លែងចតរថយន្ត ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ ដែលបានចូលមកកម្សាន្តលំហែកាយ។ជាងនេះទៅទៀត ភ្ញៀវទេសចរអាចងូតទឹកលេង និងមានម្ហូបអាហារដែលមានតម្លៃថោកសមរម្យផងដែរ។
លោកអ៊ន់ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖ ដោយសារខេត្តមានសក្តានុពលធម្មជាតិ អំណោយផលស្រាប់ ហើយមន្ទីរបានបង្កើតទីកន្លែងកំសាន្ត នៅឆ្នេរខ្សាច់ក្នុងខេត្ត ដើម្បីបំរើអោយប្រជាពលរដ្ឋរៀបចំអោយមានសមធមិ៍ ហើយអ្នកដែលចូលមកធ្វើនៅកន្លែងហ្នឹង អោយមានសមភាពស្មើគ្នា អ្នកដែលធ្វើបានច្រើនទទួលបានច្រើន អ្នកដែលធ្វើបានតិចទទួបានតិច លោកបានសំណូមពរដល់អ្នកមានទន់ អោយមករៀបចំកន្លែងនឹងអោយមានលខណក្ខស្តង់ដាអោយក្លាយទៅជាតំបន់ទេសចរបៃតង។
លោកប្រធានមន្ទីរទេសចរអះអាងថា៖អ្នកភូមិរស់នៅជិតតំបន់នេះ និងទទួលបានផលប្រយោជន៍ពីវិស័យទេសចរណ៍មួយនេះ តាមរយៈការលក់ដូរចំណីអាហា និងផលិតផលផ្សេងៗ ហើយមន្ទីរនិងសហការជាមួយ សមាជិកសហគមន៏រៀបចំកន្លែងកំសាន្ត ទឹកឆ្នេរខ្សាច់ឲ្យមានសុវត្ថិភាព សំរាប់ភ្ញៀវយើងនិងមានបោះ ខ្សែទៅបញ្ជាក់តំបន់ដែលបង្ហាញពីទឹកជ្រៅ សំរាប់រក្សាសុវត្ថិភាពជូនភ្ញៀវទេសចរណ៏ ដែលមកលេងកំសាន្ត អញ្ចឹងតំបន់ដែលមានលក្ខណៈទឹកជ្រៅយើងបានបង្ហាញជូនភ្ញៀវ រក្សាសុវត្ថិភាពជូនភ្ញៀវទេសចរណ៏ នៅក្នុងតំបន់នេះ យើងហ្នឹងរៀបចំ ខ្សែនិងបោះប៉ោង ដើម្បីចូលរួមរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរណ៏ដែលមកលេងកំសាន្តនៅកន្លែងរមណីយដ្ឋានកោះខ្សាច់សេកុងនេះផងដែរ។
លោកសុខ សាវឿន ប្រធានប្រជាការពារភូមិស្រែពោធិជាអ្នករៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅទីនេះបានណូមពរដល់ភ្ញៀវដែលមកកន្សាន្តត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន ចំពោះកូនតូចៗចុះលេងទឹក ត្រូវពិនិត្យមើលទីតាំងដែលមានទឹកជ្រៅ ទឹករាក់ដែលបានបោះពោងជាសញ្ញាសម្គាល់ ដើម្បីបញ្ជៀសហេតុការដែលកើតឡើងដោយយថាហេតុ។ម្យ៉ាងទៀតបងប្អូនត្រូវរួមគ្នាថែរក្សាបរិស្ថានអោយបានល្អប្រសើរ ពេលហូបរួចត្រូវវេចខ្ចប់ យកទៅដាក់នៅទីតាំងដែលមន្ទីរទេសចរ បានកំណត់សម្រាប់ធ្វើការដឹកជញ្ជូនចេញ។
លោកស្រីលួន ឡាទីអាយុ២៧ឆ្នាំរស់ក្នុងភូមិស្រែពោធិបានរៀបរាប់ថា រមណីយដ្ឋានមួយនេះ គឺទើបតែបង្កើតថ្មីសោះ នឹងបើកទទួលភ្ញៀវបានប្រហែលមួយអាទិត្យថ្ងៃប៉ុណ្ណោះ នៅថ្ងៃចូលឆ្នាំចិនទី១នេះ មានភ្ញៀវទេសចរមកលេងកម្សាន្តមានចំនួនច្រើន ទីកន្លែងចតរថយន្តស្ទើតែរកកន្លែងចតគ្មាន ខ្យូសស្បូវជាច្រើនពេញរកកន្លែងអង្គុយស្ទើមិនបាន តែទោះជាយ៉ាងណាឆ្នេរខ្សាច់ដ៏ធំនេះ អាចទទួលភ្ញៀវបានច្រើនទៀត ដោយភ្ញៀវខ្លះបានយកកន្ទេលមកក្រាលអង្គុយ ដោយមិនបាច់ចំណាយប្រាក់ឡើយ។
លោកស្រីបញ្ជាក់ថា ដោយនៅក្នុងឆ្នាំនេះ រមណីដ្ឋាននេះទើបតែបង្កើតថ្មី មិននឹកស្មានថាអាចទាក់ទាញភ្ញៀវមកកម្សាន្តលេងច្រើនបែបនេះ ធ្វើអោយខ្វះកន្លែងអង្គុយលេង។បងប្អូនប្រជាសហគមន៍និងធ្វើរោងខ្យូសស្បូវបន្ថែមទៀត ដើម្បីសម្រាប់ត្រៀមទទួលភ្ញៀវមកលេងលំហែកាយនៅក្នុងឱកាសបុណ្យទាន ពិសេសនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរយើងនៅថ្ងៃខាងមុខនេះ អោយបានកាន់តែច្រើនជាងនេះទៀត។
នៅថ្ងៃចូលឆ្នាំចិនទី១នេះគេសង្កេតឃើញថា ភ្ញៀវទេសចរដែលមកកម្សាន្តតំបន់រមណីយដ្ឋាននេះ មានភ្ញៀវមួយចំនួនធំបានវេចខ្ចប់ ម្ហូបអាហារនំចំណីមកពីផ្ទះយកមកទទួលទានជាលក្ខណគ្រួសារ និងភ្ញៀវខ្លះបានសម្រេចមកទិញម្ហូបអាហារទទួលទាននៅក្នុងរមណីយដ្ឋាននេះ ដែរមានតម្លៃសមរម្យដែលអាចទទួលយកបាន។
លោក ស្រី មិនាជាភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្តនៅ រមណីយដ្ឋានមួយនេះបានសំដែងនូវភាពទាក់ទាញ សប្បាយរីករាយ បន្ទាប់ពីបានឃើញមានទីតាំងស្អាត ឆ្នេរខ្សាច់ពណិ៍មាស ទឹកហូរអាចងូតលេងបាន មានម្ហូបអាហារសម្រាប់ទទួលទានជាលក្ខណៈគ្រួសារ ឬមានមិត្តភ័ក្ដិអាចមកលេងកម្សាន្តបានដោយរីករាយផងដែរ។តែអ្នកស្រីក៏បានលើកឡើងនៅបញ្ហាមួយចំនួន ដែលធ្វើអោយភ្ញៀវថាតម្លៃសេវារថយន្តនៅខ្ពស់៨ពាន់រៀល មនុស្សក្នុងរថយន្តត្រូវបង់ម្នាក់១ពាន់រៀលបន្ថែមទៀត ខុសពីរមណីដ្ឋាននៅតាមបណ្តាខេត្តនានាតម្លៃរថយន្តនិងមនុស្សតែ៥ពាន់រៀលតែប៉ុណ្ណោះ។
សូមបញ្ជាក់ថារមណីយដ្ឋានកោះខ្សាច់សេកុងទើបតែបង្កើតថ្មីនៅក្នុងឆ្នាំ២០១៦នេះ នៅថ្ងៃចូលឆ្នាំចិនថ្ងៃទី១ នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជិត៥ពាន់នាក់មកទស្សនា និងរថយន្ត៤រយគ្រឿង ចុះម៉ូតូមកលើកោះខ្សាច់សេកុង ដែលមិនពិបាកចុះដើរអាចធ្វើដំណើរមកដល់កន្លែងទស្សនាតែម្តង៕