កំពង់ធំ៖ មានការភ្ញាក់ផ្អើល ដល់ប៉ូលិសនិងអ្នកភូមិទាំងយប់ ដោយសារតែមាន ឈ្មួញលួចអាឈើគ្រញូង ពីគោកអ្នកតា ត្រូវបាន លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោងដឹកនាំមន្ត្រី ក្រោមឳវាទ ក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ចុះឃាត់ ស្ទាក់ការដឹកឈើគ្រញូងចេញរបស់ឈ្មួញ បន្ទាប់ពីបានលួចអារនៅគោកអ្នកតា ដែលអ្នកភូមិរក្សាទុកមកយូរ ហើយ។
តាមការរៀបរាប់ របស់លោក វរៈសេនីយ៍ត្រី ឃុន ប៊ុនហូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង បានឲ្យដឹងថា មុនឈានដល់ការបង្ក្រាប លោកបានទទួលសេចក្តីរាយការណ៍ ពីសំណាក់ប្រជាពលរដ្ឋថា មានឈ្មួញ ៥ទៅ៦នាក់ បានកំពុងតែលួចអាឈើគ្រញូង ស្ថិតនៅព្រំប្រទល់ស្រុកស្ទោង ក្រោយមកលោកបានដឹកនាំកម្លាំងចុះទៅពិនិត្យស្ថានភាពជាក់ស្តែង លុះមកដល់ទីតាំងប្រព្រឹត្តបទល្មើសទើបដឹងថា សកម្មភាពដែលឈ្មួញបានលួចអារដើមគ្រញូងនោះ គឺស្ថិតនៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ ទើប លោកបានសុំយោបល់ព្រះរាជអាជ្ញាដោយសារខុសដែនដីដែលខ្លួនគ្រប់គ្រង ទើបលោក អ៊ិត សុធា ព្រះរាជ អាជ្ញាបានបញ្ជាឲ្យធ្វើការបង្ក្រាបដឹកឈើគ្រញូងចេញ ។
លោក ឃុន ប៊ុនហូ បានបញ្ជាក់ថា ក្រោយមកកម្មករ និងឈ្មួញបាននាំគ្នារត់អស់ ហើយបានរកឃើញឈើ គ្រញូងដែលឈ្មួញបានលួចយកទៅលាក់ នៅតាមដំបូក និងតាមគុម្ពោតព្រៃ ព្រមទាំងបានប្រមូលបានចំនួន ១៦ដុំ ព្រមទាំងបានលើកដាក់រថយន្តមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង ដើម្បីប្រគល់ ឲ្យសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីរក្សាទុក។
( សូមបញ្ជាក់ផងដែរថា ខណៈពេលដែលសមត្ថកិច្ចកងរាជអាវុធ ហត្ថកំពុងតែអនុវត្តតួនាទី បង្ក្រាបលារលួចអារឈើគ្រញូង ស្រាប់តែមានសមត្ថកិច្ចប៉ូលិស ស្រុកប្រាសាទបាល្ល័ង្គនាំគ្នាមកហុំព័ទ្ធ រថយន្តរបស់កងរាជអាវុធហត្ថនិងសួរនាំ ដោយចោទថាជាក្រុមមកលួចដឹកឈើគ្រញូង រហូតឈានដល់ការឡើងសរសៃកដាក់គ្នា ប្រុងនឹងប្រកាសសង្គ្រាមបង្ហូរឈាមរវាងប៉ូលិស និងកងរាជអាវុធហត្ថ )។
មហាជនបានអស់សំណើចយ៉ាងខ្លាំង ចំពោះសមត្ថកិច្ចប៉ូលិស មូលដ្ឋានស្រុកប្រាសាទបាល្ល័ង្គ ខណៈពេលដែលឈ្មួញលួចអាឈើសំលេងលឺលាន់រំពងពេញភូមិ បែរជាមិនភ្ញាក់ផ្អើលមិនខ្ចីបង្ក្រាប ចំណែកកងរាជអាវុធហត្ថចុះបង្ក្រាប បែរជាផ្អើលពេញអស់សមត្ថកិច្ច វាមិនខុសពី( រឿងចោរលូចទ្រព្យសេដ្ឋី សេដ្ឋីមិនតាមចាប់ចោរ បែរជាចាប់ឆ្កែរវាយងាប់អស់ ) ។
ដោយ ប៊ុន រដ្ឋា