ខេត្តកំពង់ឆ្នាំង៖ ពិធីក្រុងពាលីគឺជាទំនៀមទំលាប់ប្រពៃណីរបស់ដូនតាពីបូរាណដែលយើងត្រូវធ្វើឡើងសែនព្រែនដល់អ្នកតា លោកយាយជាអ្នកថែរក្សាទឹកដីព្រៃព្រឹក្សា និងស្តេចក្រុងពាលីជាម្ចាស់ទឹកដីព្រៃភ្នំ ដើម្បីសុំសេចក្តីសុខដល់កូនចៅ និងប្រជាពលរដ្ឋក្នុងការកសាងសមិទិ្ធផលអ្វីមួយ » លោក ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ នៅក្នុងពិធីក្រុងពាលីក្រោ មដើមពោធិផ្សារក្រោមមាត់ទន្លេក្រុងកំពង់ឆ្នាំង ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ផែដែក២គ្រឿង គឺ១.ដាក់នៅកំពង់ផែទេសចរណ៍ផ្សារក្រោម និង២ដាក់នៅកំពង់ផែក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ទៅកាន់មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងពិធិសម្ភោធដាក់អោយប្រើប្រាស់កំពង់ផែទាំង២នេះថា៖ ការរៀបចំធ្វើពិធីក្រុងពាលីតាមទំនៀមទំលាប់នេះ លោកមានជំនឿថា ត្រូវសែនព្រែនអោយអរុកអរក្សអ្នក និងលោកយាយ ម្ចាស់ទឹកម្ចាស់ដី តាមប្រពៃណីបុរាណដើម្បីសុំសេចក្តីសុខជូនប្រជាពលរដ្ឋជាទូទៅនៅក្នុងខេត្តកំពង់ឆ្នាំង ដែលជាអ្នប្រើប្រាស់ផែដែកនេះ ព្រោះថានៅរដូវចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌម្តងៗមានប្រជាពលរដ្ឋយើងឡើងចុះឆ្លងកាត់ច្រើនណាស់ មានពេលខ្លះបើយើងមិនជឿ និងមិនបន់ស្រន់សែនព្រែនអោយដូនតា ក៏យើងមិនសូវបានសេចក្តីសុខដែរ។
ចំណែកផែដែកនេះមានសារៈប្រយោជន៍សំខាន់ណាស់សំរាប់ភ្ញៀងទេចចរណ៍ មន្ត្រីរាជការនិងប្រជាពលរដ្ឋយើង សំណតទូកកាណូតពេលឡើងគោក ឬចុះពីលើគោកមកជិះកាណូតក្នុងទឹក ដែលកំ ពង់ផែមួយនេះមិនអាចខ្វះបានឡើយ។ ដោយឡែកកំពង់ផែ១គ្រឿងទៀតដូចគ្នានេះផងដែរ ក៍ត្រូវបានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានកសាងឡើងដាក់អោយប្រើប្រាស់ នៅកំពង់ផែឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដូចជាចតកាណូតដរ កាណូតដឹកផលនេសាទ កាណូតដឹកកសិផលពីចំការមកទីរួមស្រុក និងក៏មានសារៈប្រយោជន៍យ៉ាងសំខាន់ផងដែរសំរាប់ប្រជាពលរដ្ឋដឹករបស់ប្រើប្រាស់ផ្សេងៗនិងគ្រឿងសំណង់ ពីលើគោកចុះមកលើកាណូតក្នុងទឹក បើគ្មានំពង់ផែដែកនេះប្រជាពលរដ្ឋពិតជាជួបការលំបាកជាមិនខានឡើយ។
លោកអភិបាលខេត្តក៏បានផ្តាំផ្ញើផងដែរ ដល់អាជ្ញាធរក្រុង ស្រុក សមត្ថកិច្ច និងរប្រជាពលរដ្ឋយើងសូមរួមគ្នាជួយថែរក្សាផែដែកទាំង២គ្រឿងនេះអោយបានល្អ រឹងមាំយូរអង្វែរដើម្បីជួយសម្រួលដល់ការឈប់សំចតរបស់យើងពេលធ្វើដំណើរតាមផ្លូវទឹក។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានអោយដឹងថា៖ ផែដែកទាំង២គ្រឿងនេះ ក្នុង១គ្រឿងៗមានបណ្តោយប្រវែង១២ម៉ែត្រ និងទទឹង៦ម៉ែត្រ កសាងឡើងដោយថវិការរបស់ក្រសួងសាធារណៈការ ឧបត្ថម្ភជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ចំណែកកំពង់ផែចាស់បានពុកខូតអស់ទៅហើយមិនអាចជួសជុលប្រើប្រាស់បានឡើយ៕