មណ្ឌលគិរី បន្ទាប់ពីឃាត់ខ្លួនអស់រយៈពេលប្រមាណជាង៣ម៉ោង សហការីទូរទស្សន៏ខ្មែរប៉ុស្តិ៍លេខ៩ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោះលែងឲ្យមានសេរីភាពវិញ នៅវេលាម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃទី១១ កុម្ភៈ ២០១៦ ក្រោមការចោតប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត នឹងបរិហាកេរ្តិ៍ លោកសាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្ត ថាបានជាប់ពាក់ព័ន្ឋការជួញដូរឈើ។
ប្រភពបានឲ្យដឹងថា លោក វ៉ាន់ ទិត្យ សហការីទូរទស្សន៏ខ្មែរប៉ុស្តិ៍លេខ៩ ត្រូវបានកងរាជអាវុធហត្ថស្រុកកែវសីមា ឃាត់ខ្លួននៅផ្ទះរបស់គាត់ដែលស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា នាព្រឹកថ្ងៃ១១ កុម្ភៈ រួចបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីសួរនាំក្នុងរឿង ដែលលោកវ៉ាន់ ទិត្យ បានផ្សាយតាមកញ្ចក់ទូរទស្សន៏ថា លោក សាក់ សារ៉ាង មេប៉េអឹមខេត្តជាអ្នករកស៊ីឈើធំជាងគេក្នុងខេត្ត។ប្រភពបន្តថា ព័ត៌មានដែលបាន ផ្សព្វផ្សាយថា មេប៉េអឹមខេត្តជាអ្នករកស៊ីបទល្មើសព្រៃឈើនោះ គឺការចេញផ្សាយនៅថ្ងៃទី១០ កុម្ភៈ ហើយត្រូវប្រតិកម្មភ្លាមៗពីមេបញ្ជាការខេត្ត បញ្ជាឲ្យកូនចៅនាំខ្លួនលោកវ៉ាន់ ទិត្យ មកទីបញ្ជាការដើម្បីសាកសួរនាព្រឹកថ្ងៃទី១២កុម្ភះនេះតែម្តង។
លោក វ៉ាន់ ទិត្យ សហការីទូរទស្សន៏ខ្មែរប៉ុស្តិ៍លេខ៩បានឲ្យដឹងថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញ មានកម្លាំងអាវុធហត្ថចំនួនពីររថយន្តបានឈប់នៅមុខផ្ទះរបស់លោក ហើយបានហៅលោកឲ្យឡើងរថយន្ត ហើយបានដកទូរស័ព្ទរបស់លោកមិនឲ្យទាក់ទងទៅនរណាទាំងអស់ រួចដឹកមកទីបញ្ជាការអាវុធហត្ថខេត្តនៅឯក្រុងសែនមនោរម្យ ។លោកបានបន្តថា ក្រោយពីនាំខ្លួនលោកមកដល់កន្លែងប៉េអឹមខេត្ត គេបានសួរ នាំលោកនៅបន្ទប់សួរចម្លើយ នឹងបានសួរនាំពីករណីដែលលោក បានផ្សាយថា មេបញ្ជាការប៉េអឹមខេត្តរកស៊ីឈើនៅខេត្តមណ្ឌលគិរី ហើយខាង កម្លាំង កូនចៅរបស់លោកសាក់ សារ៉ាង បានឲ្យលោកធ្វើកំណត់ហេតុបំភ្លឺថា មូលហេតុអ្វីបានជាផ្សាយព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់មេបញ្ជាការខេត្ត។ លោកបន្តថា ក្រោយសាកសួរពីសំណាក់ប៉េអឹមបានបន្តិច ដោយមានការប្រតិកម្មពីស្ថាប័នជំនាញពាក់ព័ន្ឋ ខាងវិស័យ ព័ត៌មាននានា លោកមេបញ្ជាការប៉េអឹមខេត្ត ក៏សម្រេចដោះលែងលោកឲ្យមានសេរីភាពវិញ។
លោកឧត្តមសេនីយ៏ត្រី សាក់ សារ៉ាង មេបញ្ជាការខេត្តមណ្ឌលគិរីបានមានប្រសាសន៏ថា មិនមែនជាការឃាត់ខ្លួនអីទេ គ្រាន់តែហៅមកឆ្លើយបំភ្លឺ ក្នុងករណីលោក វ៉ាន់ ទិត្យ ផ្សាយព័ត៌មានបរិហាកេរ្តិ៍លោក ទាំងដែលលោកមិនបានដឹងរឿងទេ។
លោក អែម ប៊ុនធឿន ប្រធានគ្រប់គ្រងព័ត៌មានកម្មវិធីបច្ចុប្បន្នភាពរបស់ស្ថានីយ៏ទូរស្សន៏ខ្មែរប៉ុស្តិ៍លេខ៩ បានឲ្យដឹងថា យោងតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា គឺនៅពេលដែលមានការផ្សព្វផ្សាយព័ត៌មានណាមួយដែលមានការខុសឆ្គង ដែលសាម៉ីខ្លួនមិនសុខចិត្ត សាម៉ីខ្លួនអាចមានជម្រើសពីរយ៉ាង ទី១សាម៉ីខ្លួនអាចធ្វើលិខិតបញ្ជូនមកកាន់ប្រធានអង្គភាពព័ត៌មាន ដែលផ្សាយនោះដើម្បីបកស្រាយបំភ្លឺ នឹងទី២សាម៉ីខ្លួនដែលគិតថា ខ្លួនមិនជាប់ពាក់ព័ន្ឋក្នុងការផ្សាយនោះ សាម៉ីខ្លួនអាចដាក់ពាក្យបណ្តឹងទៅតុលាការ ក៏បាន។លោកអែម ប៊ុនធឿន បានបន្តថា ក្នុងករណីនេះលោកមេប៉េអឹមមណ្ឌលគិរី ធ្វើមិនត្រូវឡើយ ព្រោះលោកបានបញ្ជាឲ្យកម្លាំងរបស់លោក ដែលសុទ្ឋតែមានអាវុធគ្រប់ដៃ ឲ្យនាំខ្លួនសហការីរបស់លោកចូលឡានរួចដឹកមកសួរចម្លើយ ដូចអ្នកទោសឧក្រិដ្ឋបែបនេះ មិនអាចទទួលយកបានឡើយ។ហើយបច្ចុប្បន្នលោកកំពុងពិភាក្សាជាមួយក្រុមអ្នកច្បាប់ថា គួរធ្វើបែបណាចំពោះ ករណីដែលលោកមេបញ្ជាការអាវុធហត្ថ ដែលបានធ្វើសកម្មភាពបែបច្បាប់ព្រៃនេះចំពោះ សហការីរបស់លោក។
ក្រុមអ្នកកាសែត ដែលបំពេញការងារក្នុងខេត្តមណ្ឌលគិរី មានប្រតិកម្មយ៉ាងខ្លាំង និងសម្តែងការសោកស្តាយ ជាមួយនិងទង្វើរ របស់លោកមេបញ្ជា ការអាវុធហត្ថខេត្តរូបនេះ ហើយក្រុមអ្នកកាសែតទាំងអស់គ្នា បាននិងកំពុងពិភាក្សាគ្នា រៀបចំញាត្តិមួយ ដើម្បីដាក់ជួន ទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួង ព័ត៍មាន ស្ថាប័ណអង្គការសិទ្ធមនុស្ស ក្លឹបអ្នកកាសែតកម្ពុជា និងស្ថាប័ណដទៃទៀត ដែលពាក់ព័ន្ធជាមួយនិងវិស័យព័ត៍មាន៕