ខេត្តសៀមរាប នៅក្នុងពិធីអបអរសាទរ ទិវាដីសើមពិភពលោក ដើម្បីរំលឹកដល់ថ្ងៃអនុម័តអនុសញ្ញា ស្តីអំពីតំបន់ដីសើមអន្តរជាតិ ( រ៉ាមសារ ) នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៧១ បានបង្ហាញថា ៖ ពិភពលោកកំពុងស្ថិតក្នុងការព្រួយបារម្ភ ដោយសារតែចាប់តាំងពីឆ្នាំ១៩០០ រហូតមក តំបន់ដីសើមនៃពិភពលោក ប្រមាណជាពាក់កណ្តាល ត្រូវបានបាត់បង់ដោយសារតែសកម្មភាពរបស់មនុស្ស និងការអភិវឌ្ឍន៍ ។ ការប្រារព្ធទិវាដីសើមពិភពលោក គឺដើម្បីរួមចំណែកដល់ការលើកកម្ពស់ និងបង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅថែមទៀត អំពីគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន នៃតំបន់ដីសើមទាំងនោះ ។ 
ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មន្ទីរបរិស្ថានខេត្តសៀមរាប និងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ជាដៃគូរ ដែលហៅកាត់ថា ( FACT ) បានរួមសហការគ្នា ប្រារព្ធទិវានេះ ក្រោមប្រធានបទ ( ការពារតំបន់ដីសើម ដើម្បីអនាគតយើងទាំងអស់គ្នា ដើម្បីជីវិតរស់នៅ ប្រកប ដោយនិរន្តរភាព ) នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ក្រោមការឧបត្ថម្ភរបស់អង្គការហ្វ័ររ៉ុមស៊ីដ ( ForrumSyt ) ហើយអ្នកចូលរួមគាំទ្រកម្មវិធីនោះ រួមមាន អាជ្ញាធរខេត្តនិងក្រុងសៀមរាប មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរសង្កាត់ចុងឃ្នៀសនិងសង្កាត់ជ្រាវ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងសហគមន៍ ផងដែរ ។ 
ជាមួយនឹងការចូលរួមរបស់វាគ្មិន មកពីស្ថាប័នជំនាញពាក់ព័ន្ធ បានផ្តោតជាសំខាន់ចំពោះស្ថានភាពដីសើមនៅក្នុងតំបន់បឹងទន្លេសាប ។ វាគ្មិនទាំងនោះបានបង្ហាញថា ៖ ប្រទេសកម្ពុជាសម្បូរធនធានធម្មជាតិយ៉ាងច្រើន ជាពិសេសនៅបឹងទន្លេសាបដែលជាតំបន់ដីសើមនោះ គឺជាប្រភពធនធានធម្មជាតិដ៏សំខាន់ ដូចជាព្រៃលិចទឹក មច្ឆជាតិ សត្វស្លាបទឹក វារីរុក្ខជាតិជាច្រើនប្រភេទ និងវារីសត្វគ្រប់ប្រភេទផងដែរ ។
ជាមួយនោះ មតិរបស់វាគ្មិនដែលបានចូលរួម បានសង្កត់ធ្ងន់ថា ៖ មកដល់បច្ចុប្បន្ននេះ ភាពសម្បូរបែបទាំងនោះត្រូវបានបាត់បង់ជាបណ្តើរៗហើយ ដោយសារតែមានតម្រូវការខ្ពស់ ជាមួយកំណើនកើនឡើងនៃចំនួនប្រជាពលរដ្ឋ ។ សកម្មភាពកាប់រានព្រៃលិចលិចទឹកជុំវិញបឹងទន្លេសាប យកដីធ្វើកសិកម្ម ការនេសាទប្រើឧបករណ៍ខុសច្បាប់ ការបោះចោលកាកសំណល់ ការប្រើថ្នាំពុលកសិកម្ម បានធ្វើឲ្យឲ្យប៉ះពាល់ដល់ជីវភាពអ្នកនេសាទ បាត់បង់សិទ្ធក្នុងការចូលរួមគ្រប់គ្រង និង ប្រើប្រាស់ធនធានធម្មជាតិ អ្នកនេសាទក្រីក្រ បាត់បង់លទ្ធភាពនេសាទជាលក្ខណៈគ្រួសារ ។
លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ៖ កាលពី៥ឆ្នាំមុន ត្រីចិញ្ចឹមមនុស្ស តែ៥ឆ្នាំក្រោយមក មនុស្សចិញ្ចឹមត្រី ។ ជាវិធីសាស្ត្រដើម្បីជម្រុញការលើកកម្ពស់ការយល់ដឹង និងការចូលរួមការពារតំបន់ដីសើម លោកបានចោទជាសំណួរថា ៖ តើអ្នកណាជាអ្នកប្រើប្រាស់ អ្នកណាជាអ្នកទទួលផល និង អ្នកណាជាអ្នកការពារតំបន់ដីសើមរបស់យើង ។ លោកបានបញ្ជាក់ថា សំណួរទាំងនេះ គឺយើងទាំងអស់គ្នាត្រូវរួមគ្នា ស្វែងរកចម្លើយចាប់ពីពេលនេះតទៅ ដោយគ្មានថ្ងៃបញ្ចប់ ។ លោកបានសង្កត់ធ្ងន់ទៀតថា បើសិនជាយើងត្រូវបានបញ្ចប់ចម្លើយ គឺមានន័យថា យើងបានបញ្ចប់សកម្មភាពការពារនិងអភិរក្សតំបន់ដីសើមរបស់យើង ។ ដូច្នេះយើងទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅអាស្រ័យផលលើធនធានធម្មជាតិទាំងនោះត្រូវតែខិតខំខ្នះខ្នែងការពារ អភិរក្ស ដើម្បីបានទទួលផល ដែលកើតចេញពីធនធានធម្មជាតិទាំងនេះ ។
អភិបាលរងខេត្តសៀមរាប ( លោក គឹម ឆៃហៀង ) វាយតម្លៃថា ៖ ប្រធានបទនៃទិវានេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ( ការពារតំបន់ដីសើម ដើម្បីអនាគតរបស់យើងទាំងអស់គ្នា ) ហើយវិធីសាស្ត្រនៃការធ្វើឲ្យសម្រេចបាននូវប្រធានបទនេះ វាមិនលំបាកនោះទេ បើយើងគិតថា យើងធ្វើវាមិនឲ្យមានការលំបាក នោះ គឺការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ៕



































