ខេត្តកំពង់ឆ្នាំង៖ នៅក្នុងពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្ត ជូនដល់នាយនគរបាលនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរង បានជំរុញអោយកងកម្លាំងនគរបាលនៅក្នុងខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រកបដោយប្រសិទ្ធិភាព ដោយត្រូវតែអនុវត្តអោយបាននូវលក្ខណៈសម្បត្តិទាំង៩យ៉ាង និងកំចាត់អោយបាននូវឬសគល់ពួកលួច ចោរប្លន់ប្រដាប់អាវុធ ដើម្បីផ្តល់ក្តីសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា៖ គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវធ្វើជាស្នូលក្នុងការអនុវត្តច្បាប់ និងពង្រឹងក្រុមប្រជាការពារតាមមូលដ្ឋានដែលមានយុវជនក្នុងភូមិឃុំធ្វើសកម្មភាពជួយដល់កម្លាំងនគរបាល ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ជាមួយគ្នានេះដែរ ត្រូវជុំរុញបន្ថែមទៀតក្នុងការធ្វើវេទិការសាធារណៈ ដើម្បីដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ទាក់ទងដល់សន្តិសុខនៅមូលដ្ឋាន ដោយបង្កើនការផ្សព្វផ្សាយអំពីច្បាប់រដ្ឋ និងគោលនយោបាយនានា អោយបានជ្រួតជ្រាបទូលំទូលាយដល់មហាជន និងប្រជាជន។
ឯកឧត្តមនាយឧត្តមសេនីយ៍បានណែនាំបន្ថែមទៀតថា៖ សូមកមន្ត្រីនគរបាលទាំងអស់ស្រាវជ្រាវ និងកំណត់មុខសញ្ញាអោយបានច្បាស់ចំពោះអ្នកចំណូលថ្មី មានមុខសញ្ញាចែកចាយប្រើប្រាស់ថ្នាំញៀន មុខសញ្ញាចោរលួច និងប្លន់ប្រដាប់អាវុធ ហើយត្រូវបង្ការទប់ស្កាត់ និងបញ្ឈប់អោយបានរាល់សកម្មភាពដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋាន និងសង្គមជាតិ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ផ្តាំផ្ញើរដល់មន្ត្រីនគរបាលក្នុងខេត្តទាំងអស់ថា៖ ត្រូវស្រាវជ្រាវរកពីអ្នកចែកចាយប្រើប្រាស់ថ្នាំញៀននៅគ្រប់មូលដ្ឋានទូទាំងខេត្ត ព្រោះឬសគល់នៃគ្រឿងញៀននេះហើយ ដែលបានបង្ករអោយមានបទល្មើសគ្រប់បែបយ៉ាង រាប់ទាំងការលួច និងប្លន់ប្រដាប់អាវុធ និងជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ឯកឧត្តមលើកឡើងថា៖ កន្លងមកឯកឧត្តមបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋ រាយការណ៍ពីការចរាចរណ៍គ្រឿងញៀន ហើយពេលឯកឧត្តមបញ្ជារអោយចុះទៅស្រាវជ្រាវទើបចាប់បាន។ ឯកឧត្តមអភិបាលខេត្តឆ្ងល់ថា តើអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានសព្វថ្ងៃកំពុងធ្វើអី និងហេតុអីបានជាប្រជាពលរដ្ឋដឹងរឿងទាំងនេះច្រើ
ន ជាងអាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋាន។
នៅក្នុងពិធីនេះដែរ មន្ត្រីនគរបាលខេត្ត ក្រុង និងស្រុក ចំនួន៣២នាក់ ត្រូវបានតំលើងឋានន្តរស័ក្តិនិងមុខតំណែងទៅតាមតួនាទីភារកិច្ច។ ដោយឡែក លោកវរៈសេនីយ៍ទោ អៀ ប៊ុនធឿន ត្រូវបានតែងតាំងមុខតំណែង ជាស្នងការរងនគរបាលខេត្ត ទទួលជាប្រធានសេនាធិការ ចំណែកលោកស្រីវរៈសេនីយ៍ត្រីមាស សុម៉ាលី ត្រូវបានតំលើងឋានន្តរស័ក្តិ ជាវរៈសេនីយទោ និងជាស្នងការរងនគរបាលខេត្ត ទទួលផ្នែកយេនដ័រ ជាប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន៕



































