ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរមួយដែលបណ្តាលឲ្យមានការកក់ស្ទះចរាចរណ៍រាប់ម៉ោងនៅចំណុច គល់ស្ពានព្រះមុនីវង្សថ្មី ត្រើយខាងលិច ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយសាររថយន្តវីស្តូ បុកជាគូទរថយន្តមែកសឺដេស ហើយត្រូវបុរសម្នាក់ជិះម៉ូតូសេ១០០ បុករថយន្តវីស្តូពី
ក្រោយបណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២នឹង ៣០នាទី រសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៤ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តមែកសឺដេស ពណ៌ខ្មៅ មួយគ្រឿងបើកបរតាមបណ្តោយផ្លូវលេខ ២៧១ ឆ្ពោះឡើងស្ពានព្រះមុនីវង្សថ្មីឆ្លងទៅផ្លូវជាតិលេខ ១ ប៉ុន្តែពេលបើកមិនទាន់ដល់ពាក់កណ្តាលស្ពានផង ស្រាប់តែមានរថយន្តវីស្តូ ពណ៌ស្ករ មួយគ្រឿងកំពុងបើកបរ ស្របគ្នា បានជ្រុលល្បឿនបុកគូទរថយន្តមែកសឺដេសពីក្រោយយ៉ាងពេញទំហឹង រងការខូចខាតទាំងសងខាង នឹងបង្កការកក់ស្ទះចរាចរណ៍អស់រយះពេលជាច្រើនម៉ោង ។ ប្រភពដដែលបន្តថាក្រោយកើតហេតុក៏មានបុរស ម្នាក់ជិះម៉ូតូសេ ១០០ ពណ៌ក្រហម មួយគ្រឿងលឿនជ្រុលបុកគូទរថយន្តវីស្តូពីក្រោយបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ ។
សមត្ថកិច្ចបញ្ជាក់ថាក្រោយកើតហេតុរថយន្តទាំង ២គ្រឿង នឹងម៉ូតូ ត្រូវបាននគរបាលមូលដ្ឋាន សហការ ជាមួយនគរបាលជំនាញចុះវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកអ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យភ្លាមៗ ៕