ភ្នំពេញ៖រោងចិញ្ចឹមមាន់មួយកន្លែងទំហំប្រហែល៥០ម៉ែត្រគុណនឹង៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស្បូវត្រូវបានអណ្តាលភ្លើងឆាបឆេះសល់តែផេះផង់ បើទោះបីជាមានរថយន្តសង្គ្រោះអគ្គីភ័យប្រចាំសាលាខណ្ឌដង្កោចេញជួយអន្តរាគមន៍ ក៏ជួយមិនបានដែរ។ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៤០នាទី រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចក្នុងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែកម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នោះត្រូវបានគេស្គាល់ឈ្មោះ ជៀក ម៉ារីយ៉ា ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញអ្នកធ្វើការងារនៅ ក្នុងកសិដ្ឋានចិញ្ចឹមមាន់នោះ បានកាប់ឆ្ការស្មៅ និងដើមឈើតូចៗ និងសំរាមផ្សេងៗនៅក្នុង កសិដ្ឋាន ហើយប្រមូលដុត ដែលមានចំងាយពីរោងចិញ្ចឹមមាន់ដែលឆេះនោះប្រហែល១០ ម៉ែត្រ ខណៈពេលភ្លើងកំពុងសំរាមនោះ ស្រាប់តែមានកំទេចភ្លើងបានហើរទៅប៉ះដំបូលស្បូវរោងចិញ្ចឹមមាន់ខាងលើ បង្កជាអណ្តាតភ្លើងឆាបឆេះ តែមួយប្រប្រិចភ្នែក សល់តែផេះផង់ បើទោះបីជាសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង ជួយអន្តរាគមន៍ ក៏មិនអាចជួយបានឡើយ។
សាក្សីខាងលើប្រាប់បន្តថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះរោងចិញ្ចឹមមាន់ របស់ចែ ជៀក ម៉ារីយ៉ា នេះ គឺបណ្តាលឲ្យបុរសម្នាក់រងរបួសជើងបន្តិច ហើយត្រូវបានដឹក តាមម៉ូតូយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យក្បែរកន្លែងកើហេតុ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ បានប្រើប្រាស់រថយន្តសង្គ្រោះអគ្គីភ័យប្រចាំសាលាខណ្ឌដង្កោចំនួន ០២គ្រឿង ដោយបានបាញ់ទឹកអស់ចំនួន តែ ០២ រថយន្តប៉ុណ្ណោះ ភ្លើងត្រូវរលត់ទាំងស្រុង ដោយមិនអាចរាលដាលដល់ផ្ទះម្ចាស់កសិដ្ឋានខាងលើនោះឡើយ។
ជាមួយនេះដែរលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោដែលចុះដល់កន្លែងកើតហេតុក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ គ្រោះអគ្គីភ័យ ។ ឲ្យតែវាកើតឡើងហើយ គឺទ្រព្យសម្បត្តិទាំងឡាយរបស់យើងត្រូវវិនាសហិន ហោច ដែលយើងខំប្រឹងប្រែងរកស៊ីសន្សំទំរាំបាន ។ នៅក្នុងហេតុការណ៍នេះ គឺសំណាលល្អហើយ ដោយគ្រាន់តែឆេះរោងចិញ្ចឹមមាន់ ចុះបើរាលដល់ផ្ទះសម្បែង តើត្រូវខាតបង់អស់ទ្រព្យ សម្បត្តិអស់ចំនួនប៉ុន្មាន? ៕