បន្ទាយមានជ័យ ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការព្រោះថ្នាក់ចរាចររថយន្តតូរីដឹកស្រាបៀរ LEO បើកបុកម៉ូតូ កាលពីថ្ងៃទី១៣ កុម្ភះ ២០១៦ តាមបណ្តោយផ្លួវលេខ២ ក្នុងសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកស៊ាំយ៉ុង ពណ៌កណ្តុរប្រមះ ពាក់ស្លាកលេខ ភ្នំពេញ 2O 5404 និងផលទុកទៅដោយស្រាបៀរ LEO ពេញរថយន្ត បើកបរក្នុងទិសដៅពីលិចទៅលើកើត លុះមកដល់់ចំនុចកើតហេតុ ជាផ្លូវបំបែកជា៤ ក៏ទៅបុកជាមួយនិងម៉ូតូមួយគ្រឿងម៉ាក់ហុងដាឃ្លីកគ្មានស្លាកលេខ ក្នុងទិដៅស្របគ្នា បណ្តាលអោយបុរសជាអ្នកបើកម៉ូតូម្នាក់រងរបួសធ្ងន់ត្រង់ក្បាល់ និងជើង ត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកតៃកុងរថយន្តក្រោយបង្ករហេតុបានធ្វើការរត់គេចខ្លួនបាត់ស្រមោល ។
លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា គ្រោះថ្នាក់ចរាចរខាងលើគឺបណ្តាលមកពី ការបើកបររថយន្តមិនប្រយ័ត្ន ជាពិសេសនៅត្រង់ចំណុចផ្លូវបំបែកជា៤នេះតែម្តង ។ លោកបន្តថា មកទល់រសៀលថ្ងៃនេះសមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវរកឃើញតៃកុងរថយន្តបង្ករ ឬម្នាស់រថយន្តអោយមកចូលខ្លួនដោះស្រាយបញ្ហានៅឡើយទេ ។ ដោយឡែកទាំងរថយន្តនិងម៉ូតូត្រូវបាននាំយកមករក្សាទុកនៅស្នងការនគរបាលខេត្តដើម្បីបន្តស្រាវជ្រាវរកម្ចាស់ដើម្បីរថយន្តដោះស្រាយតាមផ្លវច្បាប់ ។
គួររំលឹងថា ក្នុងខែកុម្ភះនេះគ្រោះថ្នាក់ចរាចរ តែងកើតមានឡើងជាញឹកញាប់ និងបណ្តាលអោយមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ តួយ៉ាងប៉ុន្មានថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំចិនវៀតណាម គ្រោះថ្នាក់ចរាចរបានធ្វើអោយមនុស្សស្លាប់ និងរបួសជាច្រើនាក់នៅខេត្តបន្ទាយមានជ័យ ៕



































