ខេត្តកំពង់ឆ្នាំង៖ យុវជន២នាក់បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្ទួនគ្នាដោយជិះម៉ូតូបុករថយន្តផ្សេងគ្នា នៅលើទីតាំងតែមួយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ចំណុច ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ មុនពេលកើតហេតុ មានជនរងគ្រោះ ឈ្មោះ យាំ អាយុប្រមាណ ២៥ឆ្នាំ មុខរបរជាជាងផ្សារដែក មានទីលំនៅ ក្នុងឃុំពង្រ ស្រុករលាប្អៀរ បានជិះម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងដំណើរពីត្បូងមកជើងតាមផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M.8240 បើកបរក្នុងដំណើរស្របទិសគ្នា បានបត់ឆ្វេងកាត់មុខបណ្តាលអោយម៉ូតូបុករថយន្តនោះពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ឯម៉ូតូនិងរថយន្តខូចខាតផ្នែក ខាងមុខដូចគ្នា ហើ យអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានបន្តអោយដឹងទៀតថា៖ នៅពេលដែលសមត្ថកិច្ចកំពុងធ្វើការវាស់វែងកន្លែងគ្រោះថ្នាក់ និងកំពុងមានមនុស្សចោមរោមមើលផង ក៏ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព.0925 ភព.2 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D.3620 បើកបរដោយឈ្មោះ ខែម សុខា អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានបើកយ៉ាងលឿនក្នុងដំណើរពីត្បូងមកជើង ច្រាសទិសគ្នាក៏បានបុករថយន្តពេញទំហឹ ង បណ្តាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរ ចំណែកអ្នកបើកបររថយន្តបានបើករត់ជាង១គីឡូម៉ែត្រទើបឈប់ ហើយបានចុះរត់គេចខ្លួនបាត់ដោយទុករថយន្តចោលលើផ្លូវជាតិ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ត ដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្ត និងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកសាងសំណុំរឿងតាមផ្លូវច្បាប់ រង់ចាំការដោះស្រាយតាមនិតិវិធី៕



































