ខេត្តសៀមរាប៖ រាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ គឺជារាត្រីទី១នៃការបើកដំណើរការមហោស្រពដន្ត្រីជួបមិត្តការបើកដំណើរការមហោស្រពនេះក្នុងរាត្រីដំបូងរបស់ខ្លួន ត្រូវបានធ្វើឡើងនៅភូមិម្ហូបអាហារឃីងរ៉ូដ នៃក្រុងទេសចរណ៍សៀមរាប-អង្គរ នឹងមានការចូលរួមជាចំណែកគាំទ្រដោយភោជនីយ៍ដ្ឋាន The Brothers ក្នុងចំណោមបណ្តាអ្នកគាំទ្រជាច្រើនទៀត ។ មហោស្រពដន្ត្រីជួបមិត្ត គឺមានសិល្បករ សិល្បការិនីខ្មែរនិងបរទេសជាច្រើននាក់ មកពីបណ្តាក្រុមផ្សេងៗគ្នា បាននាំមកនូវការចូលរួមប្រមាណជា២០ទម្រង់សិល្បៈចម្រុះ ក្នុងនោះរួមមានក្រុមសិល្បៈបូរាណខ្មែរ ក្រុមដន្ត្រីសម័យជាតិនិងបរទេស ហើយអ្វីដែលគួរកត់សម្គាល់ក្នុងរាត្រីដំបូងនោះ គឺវត្តមានរបស់លោកតា កោសល្យវោហា ព្រឹទ្ធាចារ្យសង្ហារ គង់ ណៃ បាននាំយកសិល្បៈវប្បធម៌ខ្មែរ ចាប៉ីដងវែង ចូលរួមក្នុងមហោស្រពដន្ត្រីជួបមិត្តនោះផងដែរ ។
លោកអ៊ាន ក្រាហ្វត៍ ( IAN Craft ) ប្រធានក្រុមហ៊ុនថតសម្លេង ស្ទូតឌីយោ ៦០ម៉ែត្រ ដែលជាអ្នកផ្តើមគំនិតរៀបចំមហោស្រពនេះ និយាយថា៖ ដន្ត្រីជួបមិត្ត ស្តាប់ទៅគួរឲ្យរីករាយណាស់ ជាមួយនឹងការជួបជុំភ្ញៀវជាតិ-អន្តរជាតិ បានកំសាន្តជាមួយដន្ត្រីសិល្បៈចម្រុះ ជាពិសេសនោះគឺការជួបជាមួយ ទម្រង់សិល្បៈខ្មែរ ដែលមានអាយុកាលដ៏យូរលង់មកហើយនោះ ។ មហោស្រពដែលមិនធ្លាប់មាននេះ គឺ មានរយៈពេលដំណើរការចំនួន៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៦ ។ លក្ខណៈពិសេសនៃការរៀបចំមហោស្រពដន្ត្រីជួបមិត្ត គឺគ្រប់បណ្តាទម្រង់សិល្បៈចម្រុះខ្មែរនិងអន្តរជាតិ ដែលបានចូលរួមនោះ គឺត្រូវបាននាំការសម្តែង ដោយការជ្រើសរើសទីតាំងផ្សេងៗគ្នា ចំនួន១២កន្លែង។ យប់ដំបូងនេះ គឺត្រូវបានសម្តែងសិល្បៈបូរាណខ្មែរនៅភូមិម្ហូបអាហារឃីងរ៉ូដ និងបានសម្តែងសិល្បៈដន្ត្រីចម្រៀងសម័យអន្តរជាតិនៅ Hard Rock Café Angkor ។
លោកបន្តឲ្យដឹងថា ៖ កន្លងមកគេធ្លាប់បានដឹង បានឃើញការរៀបចំមហោស្រពភាពយន្ត មហោស្រពប្រឡងប្រជែងរូបថត ជាដើម ដូច្នេះយើងគួរតែបង្កើតឲ្យមានមហោស្រពដន្ត្រីជួបមិត្ត ដើម្បីប្រមូលផ្តុំទម្រង់សិល្បៈបូរាណ សម័យ របស់ជាតិនិងអន្តរជាតិ រួមសម្តែងជាមួយគ្នា ក្នុងគោលបំណង ប្រែក្លាយមហោស្រពនេះ ឲ្យទៅជាព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំ ជាមួយនឹងការអភិរក្សលើកស្ទួយសិល្បៈបូរាណខ្មែរ បង្ហាញនូវភាពសម្បូរបែបសេវាកម្មកំសាន្តដ៏ទាក់ទាញ ក្នុងសម័យកាលសមាហរណកម្មអាស៊ាននៃតំបន់ទេសចរណ៍វប្បធម៌( កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ) និងជាការបង្ហាញនូវបទពិសោធន៍ថ្មី ក្នុងការរៀបចំសម្តែងសិល្បៈ និងការប្រគុំដន្ត្រីចម្រុះ ផងដែរ ៕