ភ្នំពេញ ៖ បុរសម្នាក់ព្យាយាមបើកម៉ូតូវ៉ារថយន្តកុងតឺន័រដែលជិះស្របគ្នាហើយជ្រុលទៅបុករថយន្តស្ទូចកុងតឺន័រពេញទំហឹង បណ្តាលឱ្យម៉ូតូគាបជាប់ទៅនិងរថយន្តចំណែកមនុស្សបោកក្បាលទៅនិងក្បាលរថយន្តស្ទូចកុងតឺន័ររងរបួសធ្ងន់។ហេតុការណ៏កើតឡើងនៅវេលាម៉ោង១និង៤០នាទី
រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ឧសភា ២០១៤ នៅចំណុចមុខវិទ្យាស្ថានសាលាអន្តរជាតិអាមេរិកកាំងប្រ៊ីក តាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានដោយយោងតាមសម្តីសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ជិះម៉ូតូសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខស៊េរីចាស់ ឃ.៤២៩២កណ១ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុក៏បានព្យាយាមវ៉ារថយន្តកុងតឺន័រមួយគ្រឿងជិះស្របទិសគ្នា ហើយក៏បានជ្រុលចង្កូតទៅបុករថយន្តស្ទូចកុងតឺន័រ ពណ៌លឿងចាស់ ពាក់ស្លាកលេខស៊េរីចាស់ ក.០១៣៤ភព៥ បើកក្នុងទិសដៅច្រាសគ្នា ចំពីមុខពេញទំហឹងបណ្តាលឱ្យម៉ូតូគាបជាប់ពីមុខរថយន្តចំណែកឯមនុស្សបោកក្បាលទៅនិងក្បាលរថយន្តស្ទូចកុងតឺន័រ រងរបួសធ្ងន់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោករាជធានីរងចាំដោះស្រាយតាមផ្លូវច្បាប់៕