សៀមរាប៖ រសៀលថ្ងៃទី១៦ ខែកុម្ភៈនេះ អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបពិភាក្សាគ្នាស្តីពីការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៥៩ ឈានចូល២៥៦០។ ជំនួបពិភាក្សានេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប។
មិនខុសពីឆ្នាំមុន ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនឹងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរមណីយដ្ឋានអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ។ យោងតាមបទបង្ហាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំនេះនឹងមានរៀបចំជា២៤កម្មវិធីធំៗ ដូចជា ពិធីសាសនា កម្មវិធីភូមិខ្ញុំ និម្មិតភូមិ របាំប្រពៃណីបុរាណ កម្មវិធីល្បែងប្រជាប្រិយ គុនល្បុក្កតោ ពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ជាដើម។ អ្វីដែលថ្មីសម្រាប់កម្មវិធីអង្គរសង្ក្រាន្តឆ្នាំថ្មីនេះមានដូចជា ការសម្តែងល្ខោនបាសាក់រឿងនាងទិព្វសង្វារ កម្មវិធីវិចិត្រករឯក ដែលតាំងពិព័រណ៍រូបគំនូរ ដើម្បីប្រកួតប្រជែងជាលក្ខណៈមិត្តភាព និងសួនកុមារជាដើម។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្មវិធីអង្គរសង្ក្រាន្តដែលបានទទួលជោគជ័យជាបន្តបន្ទាប់មកនេះ ពិតណាស់ គឺបានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមបន្ថែមថា “គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តគឺ ស្នាមញញឹម និងស្មារតីរួបរួមនៃមហាគ្រួសារខ្មែរ។ ដូច្នេះហើយ យើងពិតជាត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិអប្សរា ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយភាពសប្បាយរីករាយផង ឆ្លុះបញ្ចាំងអំពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដូនតាខ្មែរផង”។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ បានលើកឡើងថា “អាជ្ញាធរជាតិអប្សរារីករាយនឹងគាំទ្រ និងសហការយ៉ាងពេញទំហឹង ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ព្រោះនេះជាព្រឹត្តិការណ៍មានលក្ខណៈវប្បធម៌និងប្រពៃណី ដែលស្របនឹងគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស។ ម្យ៉ាងវិញទៀតនោះ ព្រឹត្តិការណ៍នេះ នឹងជំរុញឲ្យកិត្តិសព្ទរបស់អង្គរកាន់តែល្បីល្បាញ ដែលនេះជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានអង្គរ”។ ឯកឧត្តមអគ្គនាយកក៏បានជម្រាបជូនអង្គប្រជុំ អំពីការត្រៀមខ្លួនរួចជាស្រេចរបស់អាជ្ញាធរជាតិអប្សរា ដូចជា បានបង្កើតក្រុមការងារដើម្បីសហការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងមូល ទទួលបន្ទុករ៉ាប់រងទាំងស្រុងក្នុងការរៀបចំកម្មវិធីនិមិ្មតភូមិ រៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយបានជួសជុលផ្លូវកៅស៊ូពីមុខប្រាសាទអង្គរវត្តដល់ប្រាសាទបាយ័ន រៀបចំទីលានចំណតថ្មីនៅមុខប្រាសាទអង្គរវត្តនិងផ្លូវវាងនៅមុខប្រាសាទអង្គរវត្តពីស្នងការនគរបាលការពារបេតិកភណ្ឌដល់ត្រពាំងសេះ ការដាំស្មៅនៅមុខព្រះលានជល់ដំរី កាត់ក្រីមែកឈើបង្ការគ្រោះថ្នាក់ បន្ថែមធុងសំរាមតាមទីកន្លែងនានាក្នុងបរិវេណព្រឹត្តិការណ៍ និងប្រាង្គប្រាសាទ ព្រមទាំងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរាក៏បានស្នើសុំសហភាពសហព័ន្ធយុវជនកម្ពុជា សហការបញ្ជ្រាបការយល់ដឹងឲ្យបានកាន់តែទូលំទូលាយ អំពីក្រមប្រតិបត្តិអង្គរ ជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលនោះ៕
វេហាស៍