ខេត្តកណ្តាល៖ លោកវរសេនីយ៍ត្រី ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូហុងដាឌ្រីម បុកជាមួយម៉ូតូកង់បី នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ
មួយខ្សែ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ឈ្មោះសុខ ធី អាយុ២៦ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S-2416 មានទីលំនៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួយ២នាក់ឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ,ឈ្មោះ សុខរី ភេទប្រុស អាយុ២៧ឆ្នាំ ដែលមានទៅលំនៅជាមួយគ្នារងរបួសធ្ងន់ស្រាល ។
លោកអធិការបានបន្តថា បុរសរងគ្រោះទាំង៣នាក់ខាងលើនេះបានជិះម៉ូតូឌុបគ្នាយ៉ាងលឿនក្នុងសភាពស្រវឹងស្រា តាមបណ្តោយផ្លូវក្រាលកៅស៊ូក្នុងទិសដៅពីកើតទៅលិច ដោយពុំមានភ្លើងបំភ្លឺមើលផ្លូវនោះទេ ក៍បានជ្រុលទៅបុកជាមួយម៉ូតូកង់បីមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើតដោយ ឈ្មោះ ណន ស្រស់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូកង់បី(ពុំរងរបួសអ្វីទេ) មានទីលំនៅក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
លោក ស៊ឹម ប៊ុតបណ្ឌិត បានបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងតាខ្មៅ បានទៅអន្តរាគមន៍ហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមធ្យោបាយទាំង២គ្រឿង ត្រូវបាននគរបាលជំនាញចរាចរណ៍នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ៕