VIDEO មានការ​ឃុបឃិត​គ្នា​ឲ្យ​ឈ្មួញ​បូម​ខ្សាច់​នៅ​ទន្លេចតុមុខ គ្មាន​ការដេញថ្លៃ ក្រោមលេស​ស្ដារ​ដី​ចុង​កោះ​ជ្រោយចង្វារ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ​រាប់លាន​ដុល្លារ​

0

(​ភ្នំពេញ​)៖ តាម​ប្រភពព័ត៌មាន​ដែល​បង្ហើប​ដោយ​មន្ត្រី​មួយចំនួន រួមទាំង​ក្រុមហ៊ុន​រកស៊ី​ខ្សាច់​ផងដែរ​បាន​អះអាងថា ប៉ុន្មាន​ថ្ងៃនេះ​មាន​ក្រុមហ៊ុន​មួយ​ត្រូវបាន​មន្ត្រី​អាជ្ញាធរ ឃុបឃិត​គ្នា​ប្រគល់​សិទ្ធិ​ឲ្យ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​ទន្លេចតុមុខ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​រាជរដ្ឋាភិបាល​បានធ្វើការ​ហាមឃាត់​នាពេល​កន្លងមក ដោយ​មិនមាន​ការដាក់អោយ​ដេញថ្លៃ​ជា​សាធារណៈ ដែល​ករណីនេះ​បាន​នាំ​ឲ្យ​មានប្រតិកម្ម​យ៉ាងខ្លាំង​ពី​មន្ត្រី​ភាគច្រើន រួមទាំង​ក្រុមហ៊ុន​រកស៊ី​បូម​ខ្សាច់​ដែល​បាន​ច្បាប់ តាមរយៈ​ការដេញថ្លៃ​ត្រឹមត្រូវ​តាម​លទ្ធកម្ម​ផងដែរ​។​ប្រភព​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ថៃ ទ្រី ត្រូវបាន​មន្ត្រី​អាជ្ញាធរ​ឃុបឃិត​គ្នា​ប្រគល់​សិទ្ធិ​ឲ្យ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ នៅ​តំបន់​ទន្លេចតុមុខ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ទំហំ​ផ្ទៃដី ៣០​ហិកតា ក្រោមលេស​ជា​ថ្នូរ​ការ​បូម​ស្ដារ​ដី​ចុង​កោះ​ជ្រោយចង្វារ​។ តាម​ព័ត៌មាន​បាន​បន្ថែមថា តាមពិត​ផ្ទៃដី​ចុង​កោះ​ជ្រោយចង្វារ ដែល​តម្រូវ​ឲ្យ​បូម​ស្ដារ​ដើម្បី​បើកផ្លូវ​ទឹកទន្លេ​មេគង្គ និង​ត្រី​ហូរ​ចូលទៅ​ទន្លេសាប​នោះ គឺមាន​ទំហំ​ប្រមាណ​ជាង ២​ហិកតា​ប៉ុណ្ណោះ​។​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​អាជីវ​កម្មស​ណ្ឋា​គារ​សុខា នៅ​ជ្រោយចង្វារ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​អាជ្ញាធរ​យក​ដីដុះ​នៅ​ចុង​កោះ​ជ្រោយចង្វារ​ចេញ ដោយ​ឲ្យ​ប្រើ​ម៉ាស៊ីន​ចាប់យក (​ក្រចាប់​) ដោយ​មិន​ឲ្យ​ប្រើ​ម៉ាស៊ីន​បូម​នោះឡើយ ដើម្បី​សម្រួល​ដល់​ផ្លូវទឹក និង​មច្ឆជាតិ​ហូរ​ចូលទៅ​បឹង​ទន្លេសាប​។ ប៉ុន្តែ​បច្ចុប្បន្ន​បែរជា​គេ​ឃុបឃិត​គ្នា​ឲ្យ​ក្រុមហ៊ុន ថៃ ទ្រី ធ្វើ​អាជីវកម្ម​បូម​យក​ខ្សាច់​រហូតដល់​ទៅ​ទំហំ​៣០​ហិកតា គឺ​តាំងពី​ចុង​កោះ​ជ្រោយចង្វារ លាតសន្ធឹង​ហួស​ខាងក្រោយ​ផ្ទះ លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ​ទៅទៀត ខណៈ​ទន្លេ​នៅ​តំបន់​នោះ​មាន​ជម្រៅ ទឹក​ជ្រៅ​ស្រាប់​ទៅហើយ​។​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ទៅលើ​ការឃុបឃិត​គ្នា អនុញ្ញាត​ឲ្យ​ឈ្មួញ​បូម​ខ្សាច់​ខុស​ទីតាំង តម្រូវការ​ចាំបាច់​ក្នុង​ទំហំ​ធំ និង​គ្មាន​ការដាក់​ឲ្យ​ដេញថ្លៃ ដែល​នាំ​ឲ្យ​រដ្ឋ​ខាត​ថវិកា​ដែល​បានមកពី​ការបង់​សួយ​សារ​រាប់លាន​ដុល្លារ​នេះ គឺ​តាម​អ្នកបច្ចេកទេស​បាន​អះអាងថា ការ​បូម​យក​ដី​នៅ​ចុង​កោះ​ជ្រោយចង្វារ​ចេញ គេ​ប្រើ​រយៈពេល​តែ​ជាង​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​គឺ​បូម​អស់ហើយ តែ​នេះ​បែរជា​អាជ្ញាធរ​អនុញ្ញាត​ឲ្យ ក្រុមហ៊ុន ថៃ ទ្រី បូម​ដោយ​ប្រើ​រយៈពេល​រហូតដល់​ទៅ ៣​ឆ្នាំ មិន​ខុសពី​គេ​ឃុបឃិត​គ្នា​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​លក់​ដោយ​មិន​ដេញថ្លៃ មិន​បង់លុយ​ចូល​រដ្ឋ ហើយ​យកលុយ​មក​ចែកគ្នា​ធ្វើ​មានបាន​នោះទេ​។​ចំណែក​ក្រុម​អ្នករកស៊ី​បូម​ខ្សាច់​លក់ តាមរយៈ​ការដេញថ្លៃ​បង់លុយ​ចូល​រដ្ឋ​ត្រឹមត្រូវ​វិញ​បាន​លើកឡើងថា ពួកគេ​មិន​ជំទាស់​ការអនុញ្ញាត​នេះឡើយ តែ​សូម​ឲ្យ​មានការ​ដេញថ្លៃ​ជា​សាធារណៈ​តាម​លទ្ធកម្ម ប្រកួតប្រជែង​តាមបែប​ទីផ្សារសេរី ប្រកបដោយ​តម្លាភាព ព្រោះ​បើ​មិន​ដូច្នេះ​ទេ អ្នករកស៊ី​ត្រឹមត្រូវ​បង់ពន្ធ​ជូន​រដ្ឋ មិនអាច​ប្រកួតប្រជែង​ជាមួយ​ឈ្មួញ​រកស៊ី​តាមបែប​ទុច្ចរិត​បានឡើយ ព្រោះ​ទីតាំង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ដេញថ្លៃ គឺ​នៅ​ឆ្ងាយ ៤០​គីឡូម៉ែត្រ​ពី​ភ្នំពេញ​។ ចំណែក​ទីតាំង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មិន​ដេញថ្លៃ​នៅ​ជិត​ដូចនេះ គេ​អាច​លក់​តម្លៃថោក​ជាង​ដើម្បី​ផ្ដួល​ទីផ្សារ​បាន តែបើ​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​គឺ​ពួកគេ​មិន​ជំទាស់​ឡើយ​។​ពាក់ព័ន្ធ​ការ​ប្រតិកម្ម​ពី​មន្ត្រី និង​ក្រុមហ៊ុន​រកស៊ី​ត្រឹមត្រូវ​ខាងលើនេះ លោក ឌិ​ត ទីណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងប្រាប់ នៅ​រសៀល​ថ្ងៃនេះ​ថា ក្រសួង​គ្រាន់តែ​ជា​អ្នកចេញ​ច្បាប់​ឲ្យ​បូម​ខ្សាច់ និង​បូម​ភក់​រយៈពេល​៣​ឆ្នាំ បើ​បូម​មិនបាន​គឺ​ក្រុមហ៊ុន​ត្រូវ​ទទួលពិន័យ​មួយ​គុណ​នឹង​ពីរ និយាយ​រួម ក្រសួង​រ៉ែ និង​ថាមពល ពាក់ព័ន្ធ​តែ​រឿង​តម្លៃ និង​ការប្រកួតប្រជែង​ទីផ្សារ​ទេ​។ ចំណែកឯ​ការរក​ក្រុមហ៊ុន និង​ការ​បូម គឺជា​សមត្ថកិច្ច​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​ធនធានទឹក​ឯណោះ​៕​