វេហាស៍
សៀមរាប៖ វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មតាមបែបវិទ្យាសាស្ត្រ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៩ ខែកុម្ភៈ ឆ្នាំ ២០១៦ សិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺអ្នកជំនាញចំនួន
៣០រូប របស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។វគ្គសិក្សានេះ ស្ថិតក្រោមគម្រោងអភិរក្ស ចម្លាក់អប្សរា របស់ប្រទេសអាល្លឺម៉ង់ក្នុង
រមណីយដ្ឋានអង្គរ (GACP) និងអាជ្ញាធរជាតិអប្សរា ដែលឧទ្ទេសនាមដោយលោកសាស្ត្រាចារ្យ Han Leisen អ្នកជំនាញផ្នែកធម្មជាតិវិទ្យា មកពីប្រទេសអាល្លឺម៉ង់ដែលមាន បទពិសោធន៍ជាច្រើនឆ្នាំក្នុងការជួសជុលជុល និងអភិរក្សថ្មនៅអង្គរ។ ខ្លឹមសារសំខាន់នៅក្នុងវគ្គសិក្សានេះ ផ្តោតលើសិល្បៈនៃការតែងលម្អ លក្ខណៈថ្ម បច្ចេកទេសនៃការរៀបចំឯកសារ តម្រូវការសម្ភារៈសម្រាប់ការងារអភិរក្ស និងវិធីសាស្ត្រនៃការស្រាវជ្រាវជាដើម។
វគ្គសិក្សានេះមានទាំងទ្រឹស្តី និងការចុះទៅសិក្សាផ្ទាល់នៅតាមប្រាសាទគោលដៅដែលបានកំណត់ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាកែវ ប្រាសាទក្រវ៉ាន់ ប្រាសាទបាគង ប្រាសាទព្រះគោ និងប្រាសាទលលៃ ដើម្បីសិក្សាវិភាគអំពីលក្ខណៈនៃប្រភេទថ្មតាមប្រាសាទទាំងនោះ។
លោកស្រី ម៉ម វណ្ណរតន៍ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងផ្តល់ចំណេះដឹងមូលដ្ឋានដល់មន្ត្រីបច្ចេកទេសទាំង៣០នាក់ក្នុងការអភិរក្សថ្មតាមបែបបច្ចេកទេស ឱ្យបានត្រឹមត្រូវតាមបទដ្ឋាននៅក្នុងតំបន់អង្គរ។ វគ្គសិក្សានេះ ក៏មានបំណងឱ្យសិក្ខាកាមយល់ដឹងពីលក្ខណៈធម្មជាតិរបស់ថ្ម ដំណើរសឹករិចរិលរបស់ថ្មប្រាសាទ និងបច្ចេកទេសនៃការរៀបចំឯកសារ ព្រមទាំងវិធីសាស្ត្រនៃការអភិរក្សតាមបែបវិទ្យាសាស្ត្រផងដែរ ហើយការបណ្តុះបណ្តាលនេះ គឺជាវគ្គសិក្សាដំបូងនៃកិច្ចសហការរវាងគម្រោងអភិរក្សចម្លាក់អប្សរា របស់ប្រទេសអាល្លឺម៉ង់នៅរមណីយដ្ឋានអង្គរ (GACP) និងអាជ្ញាធរជាតិអប្សរា។កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានបើកវគ្គបណ្តុះបណ្តាលស្តីពីការងារអភិរក្ស ជួសជុល និងគ្រប់គ្រងរមណីយដ្ឋានដែលជាតំបន់បេតិកភណ្ឌពិភពលោក បានជាច្រើនមកហើយ។ ដោយឡែក វគ្គសិក្សាក្នុងពេលនេះ គឺជាការផ្តល់នូវជំនាញបន្ថែមទៀត ដល់អ្នកបច្ចេកទេសទាំងអស់ ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ យកទៅអនុវត្តលើការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕




































