ខេត្តសៀមរាប ការប្រកួត ( លីកហ្វុតសាល ) នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ(សាខាខេត្តសៀមរាប) សម្រាប់រដូវកាលទី២ ឆ្នាំ២០១៦ របស់ខ្លួន បានបង្ហាញអំពីគោលបំណងចំនួន៣សំខាន់ៗ គឺទី១ ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាកម្ពុជានៅក្នុងវិស័យអប់រំ ទី២ គឺការប្រមូលផ្តុំអប់រំយុវជន ឲ្យប្រើប្រាស់ពេលវេលាក្រៅម៉ោងសិក្សា លេងកីឡាដើម្បីសុខភាព និងចៀសឆ្ងាយពីគ្រឿងញៀន ហើយជាពិសេស គឺគោលបំណងដ៏សំខាន់ទី៣ ដែលការប្រកួត (លីកហ្វុតសាល) នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ(សាខាខេត្តសៀមរាប) រដូវកាលទី២នេះ បានជ្រើសរើសយក និងមានការយល់ព្រមដោយស្ម័គ្រចិត្តក្រុមកីឡាករ នោះ គឺ ( ការប្រកួតកីឡាបាល់ទាត់ដើម្បី សប្បុរសធម៌សង្គម ) ។
នៅក្នុងឱកាសបើកការប្រកួត នាល្ងាចថ្ងៃអាទិត្យទី២១ កុម្ភៈ ក្រោមវត្តមាន លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានចូលរួមនោះ អ្នកពាក់ព័ន្ធជាមួយការរៀបចំប្រកួតកីឡានេះ បានបង្ហាញឲ្យដឹងថា ៖ ប្រធានបទ ( ការប្រកួតបាល់ទាត់ ដើម្បីសប្បុរធម៌សង្គម ) គឺជាប្រធានបទថ្មីសម្រាប់រដូវកាលទី២នេះ ហើយអ្វីដែលជាសកម្មភាពមនុស្សធម៌ពិតប្រាកដនោះ គឺបន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ កីឡាករទាំងអស់ប្រហែលជា ២០០នាក់ នឹងត្រូវបានស្ម័គ្រចិត្ត បរិច្ចាគឈាម ជូនមន្ទីរពេទ្យកុមារគន្ធបុបា្ផទី៣ នៅខេត្តសៀមរាប ឬដូចដែលប្រជាពលរដ្ឋកម្ពុជាបានស្គាល់នោះ គឺមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ ។
គួរបញ្ជាក់ដែរថា រដូវកាលទី២នេះ ក្រុមកីឡាករដែលត្រូវបានចូលរួមប្រកួត មានចំនួនកើនឡើងដល់ ១០ក្រុម ដែលក្នុងរដូវកាលទី១កន្លងមក ( ឆ្នាំ២០១៥ )មានតែ ៧ក្រុមប៉ុណ្ណោះ ហើយជាមួយគ្នានេះដែរ អ្នកចូលរួមឧបត្ថម្ភគាំទ្រក្រុមកីឡាករទាំងនោះ ក៏មានចំនួនកើនឡើងផងដែរ សម្រាប់រដូវកាលទី២ ( ឆ្នាំ២០១៦ )នេះ ។ ការប្រកួតនេះ នឹងត្រូវបញ្ចប់រដូវកាលរបស់ខ្លួន នៅក្នុងអំឡុងខែមេសា ឆ្នាំ២០១៦ ខាងមុខ ហើយបន្ទាប់ពីការបិទរដូវកាលទី២របស់ខ្លួន រយៈពេល២ថ្ងៃនោះ គឺជាទិវាផ្តល់ឈាមដោយស្ម័គ្រចិត្ត នៃក្រុមកីឡាករបាល់ទាត់ ( លីកហ្វុតសាល )ទាំង២០០នាក់ ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតមាតានៃទារក និង កុមារកម្ពុជា ជាមួយមន្ទីរពេទ្យគន្ធបុប្ផា ៕