ខេត្តប៉ៃលិន៖ អ្នកជំនួញជនជាតិថៃម្នាក់ដែលគេដឹងថាមានភាគហ៊ុនក្នុងកាស៊ីណូប៉ៃលិនFLAMINGO នៅខេត្តប៉ៃលិនបានបាត់ខ្លួនរយៈពេល៩ថ្ងៃមិនដឹងមូលហេតុហើយ ដែលជនជាតិថៃរូបនោះត្រូវបានគេប្រទះឃើញស្លាប់សាកសពត្រូវជនមិនស្គាល់មុខវាយនិងបាញ់សម្លាប់ហើយដឹកយកទៅកប់ចោលក្នុងព្រៃត្រែងមួយនៅខាងលិចជើងភ្នំកំពូលបី មានចម្ងាយពីច្រកអន្តរជាតិព្រំប្រហែលជិត៦ពាន់ម៉ែត្រ កាលពីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សកសពត្រូវបានសមត្ថកិច្ច យាមកាមមួយយប់នៅកន្លែងកើតហេតុ ។ទើបនៅព្រឹក មិញថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះនិងមានការចូលរួម ពីតំណាងអយ្យាការ នៃសាលាដំបូងខេត្ត នាយក ដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ គ្រូពេទ្យជំនាញខេត្តរួមនិងសមត្ថកិច្ចថៃផង នោះទៀតបានធ្វើការគាស់សាកសពចេញពីរណ្តៅដើម្បីត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យ។
សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យសពយ៉ាងម៉តចត់រកឃើញថាជនរងគ្រោះដែលមានឈ្មោះ សំនឹក ចារ៉ឺនចនសាក់ ភេទប្រុស អាយុ៥១ឆ្នាំ បច្ចុប្បន្នមានភាគហ៊ុនដ៏ធំមួយ នៅក្នុងកាស៊ីណូប៉ៃលិន មានទីតាំងនៅក្បែរច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវ បានឃាតករមិនស្គាល់មុខវាយខ្ទេចមុខនិងបាញ់កាំភ្លើង២គ្រាប់ត្រូវចំត្រង់ចំណុចខាងក្រោយបោះដៃផុតធ្លាយមកខាងមុខ១គ្រាប់ និង១គ្រាប់ទៀតជាប់ប៉ាល់ក្នុងខ្លួន ត្រូវបានអ្នកជំនាញ កំពុងតែ វះកាត់យកគ្រាប់កាំភ្លើង១គ្រាប់នោះចេញដើម្បីត្រួតពិនិត្យ សាកសពមានសភាព ហើមធំក្លិនស្អុយទំនងគេសម្លាប់ចាប់តាំងពីថ្ងៃបាត់ខ្លួនមកម្លេះ។
ជុំវិញនៃឃាតកម្មនោះសមត្ថកិច្ចជំនាញបានអះអាងថាគឺជាអំពើឃាតកម្មគិតទុកជាមុន ក៏ប៉ុន្តែការស្លាប់នោះសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានថា ជាប់ ពាក់ព័ន្ធរឿងគំនុំរឺរឿងជំពាក់ព័ន្ធ និងកាច់កុងគ្នាក្នុងមុខជំនួញរឺយ៉ាងណានោះទេ ដោយសមត្ថកិច្ចកំពុងតែធ្វើការតាមដាន ស្រាវ ជ្រាវស៊ើបអង្កេតយ៉ាងខ្លាំងក្លាបំផុត។នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញមានកំប៉ុកូកាកូឡាមួយកប៉ុងគាស់ចោលមិនផឹក ដបទឹកសុទ្ធ៤ដប ខោខ្លីពណ៌ខៀវមួយ និងប៉ែលជីកដី មួយ។ សាកសពគេកប់ក្នុងជម្រៅជាង១ម៉ែត្ររណ្តៅជារង្វង់ទំហំមុខកាត់ប្រហែល៧៥សង់ទីម៉ែត្រហើយសពគេកប់ដាំក្បាលទៅមុនជើងខាងលើជាលក្ខណៈអង្កុច។
ករណីធ្វើឃាតជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំគ្នានិយាយថាឃាតករគឺមានជំនាញច្បាស់លាស់មិនតែប៉ុណ្ណោះឃាតករបានបាញ់ឆ្កែ១ក្បាលងាប់ហើយយកទៅទម្លាក់ចោលនៅក្បែរកន្លែងកើតហេតុប្រហែលជាង១០០ម៉ែត្រឆ្កែមួយក្បាលនោះគឺមានក្លិនស្អុយទៅហើយ។ឃាតករបាញ់ឆ្កែសម្លាប់ត្រូវគេសនិ្នដ្ឋានថាដើម្បីឱ្យគេយល់ច្រឡំថាជាក្លិនស្អុយខ្មោចឆ្កែ កុំឱ្យ ចាប់អារម្មណ៍ក្លិចខ្មោចមនុស្ស។
ទន្ទឹមដែលសមត្ថកិច្ចត្រួតពនិត្យសពគេសង្កេតឃើញភរិយាសព និងបងប្អូនសាច់ញាតិ បាននាំគ្នាចុះមកដល់ទីកើតហេតុហើយក៏មានសារព័ត៌មានថៃចុះមកយកព័ត៌មានអំពើឃាតកម្មនោះផងដែរ។
ពាក់ព័ន្ធនិងការស្លាប់របស់អ្នកជំនួញជនជាតិថៃនោះដែរត្រូវបានបុគ្គលិកអ្នកបំរើការងារក្នុងកាស៊ីណូប៉ៃលិន FLAMINGO លួចបង្ហើបប្រាប់ឱ្យដឹងថាទំនង ជារឿងកាច់កុងក្នុងមុខរបរ និងបញ្ហាជំពាក់ប្រាក់គ្នា រវាងថៅកែថៃ និងថៅកែថៃ ហើយកាលពីខែមុនជនរងគ្រោះ និងថៅ កែថៃម្នាក់ដែលមានភាគហ៊ុនជាមួយគ្នាបានឈ្លោះប្រកែកគ្នាខ្លាំងផងដែរ។ក៏ទោះបីជាយ៉ាងណានោះគ្រាន់ជាការលើកឡើងក្រៅផ្លូវការរបស់មតិបុគ្គលិកមួយចំនួនប៉ុណ្ណោះ។រឿងនៃការពិតយ៉ាងណានោះ គឺជាជំនាញរបស់សមត្ថកិច្ច ក្នុងការតាមចាប់ខ្លួនជនល្មើសបាន ទើបដឹងពីការពិតពីក្រោយការស្លាប់ជនរងគ្រោះ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ សំនឹក ចារ៉ឺនចនសាក់ ត្រូវបានបាត់ខ្លួនខណៈដែលជនរងគ្រោះជិះម៉ូតូឌុបចេញពីកាស៊ីណូប៉ៃលិន FLAMINGO ហើយមកជួបបុរស២នាក់ ដែលគេស្គាល់ថាជាជនជាតិថៃដូចគ្នា ម្នាក់អាយុ នៅក្មេងនិងម្នាក់ទៀតរៀងចំណាស់ក៏ប៉ុន្តែអ្នកទាំងពីរនាក់ចេះ និយាយភាសារខ្មែរផងដែរ នៅភោជណីដ្ឋានមួយកន្លែងក្បែរច្រកអន្តរជាតិព្រំ ។បើតាមប្រភព ព័ត៌មានឱ្យដឹងថា នៅពេល ជួបគ្នានោះជនរងគ្រោះគ្រាន់តែបានផឹកទឹកផ្លែឈើមួយកំប៉ុណ្ណោះ ពួកគេទាំង៣ នាក់មិនបានញាំអាហារនោះទេគ្រាន់តែកំម៉ង់ម្ហូបមួយមុខរួចហើយក៏នាំគ្នាជិះរថយន្ត១គ្រឿងពណ៌សំបកឳឡឹកមិនស្គាល់ម៉ាកបើកយឺតៗសំទៅខាងច្រកអន្តរជាតិព្រំពីកើតទៅលិចបាត់ គេមិនដឹងថាពួកគេ ទៅទីណាទៀតនោះឡើយ។ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ នោះមក ជនរងគ្រោះបាត់ខ្លួនរហូត ភរិយាជនរងគ្រោះដាក់ពាក្យប្តឹងសមត្ថកិច្ចកម្ពុជា និងទៅអគ្គកុង ថៃប្រចាំប្រទេសកម្ពុជា ឱ្យស្វែងរកនោះដែរ ក៏ប៉ុន្តែនៅតែរកមិនឃើញ។ លុះនៅរសៀល ថ្ងៃទី២១ ខែកុម្ភៈ ទើបមាន ពីរនាក់ប្តីប្រពន្ធបាននាំគ្នាទៅបង់ត្រី និងបេះត្រកួននៅចំណុច ខាងលើដែលមានអូរ ទឹកនិង ស្រះមួយកន្លែង។នៅពេលនោះស្ត្រី ជាប្រពន្ធបានប្រទះឃើញ ប៉ែល១ដែលគេបន្សល់ទុកនៅកន្លែងកើតហេតុហើយមានធំក្លិនស្អុយនិងឃើញបំណះដីទើបគេជីកកប់ថ្មីៗ។ស្ត្រីរូបនោះមានការសង្ស័យហើយរត់ទៅប្រាប់ប្តីកំពុងបង់ត្រីនៅក្បែរនោះ។ប្តីមកមើលហាក់បីមានការសង្ស័យ។ពីរនាក់ប្តីប្រពន្ធនោះនាំគ្នារត់ទៅប្តឹងរាយការណ៍ប្រធានភូមិនិងប្រជាការពារ។ប្រធានភូមិនិងប្រជាការពារបានចុះមកដល់ចំណុចកើតហេតុហើយនាំគ្នាយកប៉ែលនោះជីកកកាយបំណះដីស្រាប់តែឃើញជើងមនុស្សក៏នាំគ្នាភ្ញាក់ផ្អើលរត់ទៅប្តឹងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យតែម្តង។សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចហើយនៅថ្ងៃដដែលនោះគេគ្រោងប្រគល់ឱ្យក្រុមគ្រួសារសពដើម្បីដឹកទៅធ្វើបុណ្យក្នុងប្រទេសថៃវិញ។
ពាក់ព័ន្ធនិងអំពើឃាតកម្មខាលើខាងសមត្ថកិច្ចថៃគេបានសុំសហការជាមួយ និងសមត្ថកិច្ចកម្ពុជាដើម្បីបើកការស្រាវជ្រាវស៊ើបអង្កេតស្វែងរកចាប់ជនល្មើសពីព្រោះភាគីថៃគេមានតម្រុយខ្លះនៃរឿងឃាតកម្មនោះផងដែរ ៕




































