​សមត្ថកិច្ច​ចំរុះ​រឹបអូស​យក​ឈើ​ភ្នំ​៨៨​ដុំ បន្ទាប់ពី​ក្រុម​អ្នកសារព័ត៌មាន​រកឃើញ​រាយការណ៍​ជូន​

0


ខេត្តកំពង់ឆ្នាំង​៖​ ​ឈើ​សុ​ក្រំ និង​ឈើ​រាជ​ថ្កុ​ល​ចំនួន​៨៨​ដុំ ដែល​ជនល្មើស​បាន​កាប់​ចេញពី​ដែន​អភិរក្ស​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ យកមក​លាក់ទុក​ក្នុងភូមិ ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន​រកឃើញ​រាយការណ៍​ជូន លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ហើយ​បាន​បញ្ជារ​អោយកម្លាំង​សមត្ថកិច្ច​ចំរុះ​ចុះបង្ក្រាប និង​ដកហូត​ឈើ​ទាំងអស់នោះ​យកទៅ​ទុក​នៅ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការ​។ ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ម៉ាក់ ភូមិ​មោង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ នៅក្នុង​ភូមិ​ម៉ាក់ ភូមិ​មោង​នេះ ក្រុម​អ្នកសារព័ត៌មាន​បាន​ប្រទះឃើញ​គំនរ​ឈើ​សុ​ក្រំ និង​ឈើ​រាជ​ថ្កុ​ល​ចំនួន​៣៣​កន្លែង ស្មើនឹង​៨៨​ដុំ ដែលមាន​ស្នាម​កាប់​ជ្រៀក​ថ្មីៗ ត្រូវ​ជនល្មើស​លួចលាក់​ទុក​នៅតាម​ភូមិ ដើម្បី​បញ្ចេញ​លក់​អោយ​ពួក​ឈ្មួញ​។​
​តាម​ប្រភពពី​អ្នកភូមិ​ជា​អ្នកស៊ីឈ្នួល​ដឹកឈើ និង​អ្នក​ឡើងទៅ​កាប់​ឈើ​នៅលើ​ភ្នំ​បានអោយដឹងថា​៖ បើ​ពួកគេ​ចង់​ឡើងទៅ​កាប់​ឈើ​នៅលើ​ភ្នំ​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ គេ​ត្រូវ​បង់លុយ​អោយ​មន្ត្រី​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នៅ​ចំណុច​នោះ ក្នុង​រណា​យន្ត​ត្រង់​ស៊ី​ន័​រ​១​គ្រឿង​២០​ម៉ឺន​រៀល និង​ប្រេងសាំង​ក្នុង​១​កាន​៣០​លីត្រ​បង់​២០​ម៉ឺន​រៀល តែបើ​អស់​ប្រេង​ចុះមក​យក​១​កាន​ទៀត​ត្រូវ​បង់​២០​ម៉ឺន​រៀល​បន្ថែមទៀត​។​ដោយឡែក​នៅពេល​ដឹកឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ត្រូវ​បង់​១​រទេះ ឬ​១​គោយន្ត​១០​ម៉ឺន​អោយ​មន្ត្រី​បរិស្ថាន និង​៨​ម៉ឺន​រៀល តៀត​អោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ទើប​ដឹកឈើ​យកមក​លក់​សិប្បកម្ម​ឬ​ឈ្មួញ​បាន​។ ពួកគេ​បាន​អោយដឹងទៀតថា ក្រោយពេល​កាប់​បាន​ឈើ​ហើយ ពួកគេ​បាន​អូស​ឈើ​ទាំង​នោះមក​ដាក់​នៅ​ចំណុច​ចិន​យំ ឬ​ចំណុច​រង្វង់​មូល​នៅលើ​ភ្នំ​ឱ​រ៉ា​ល់ ទើប​ហៅ​រទេះ​ដឹកឈើ​ចុះមក​ទុក​ក្នុងភូមិ​។​
​លោក បឿ ប៊ុនថន នាយក​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​បាន​បញ្ជាក់ថា​៖ ទាក់ទង​ការចោទប្រកាន់​របស់​អ្នក​ឡើងទៅ​កាប់​ឈើ​នេះ និង​អ្នកភូមិ លោក​មិន​បានដឹង​នោះឡើយ តែ​លោក​នឹងធ្វើ​ការស្រាវជ្រាវ​ទៅលើ​មន្ត្រី​ចា​កូនចៅ​របស់លោក ថា​តើ​បាន​ប្ត​ព្រឹ​ត្ត​ដូច​អ្វីដែល​គេ​បាន​ចោទប្រកាន់​ឬ​អត់​។ ដោយឡែក​ការ​ជ្រៀតចូល​លួចលាក់​ឡើងទៅ​កាប់​ឈើ​នៅលើ​ភ្នំ​វិញ​លោក​បានអោយដឹង​ដែរ​ថា វា​អាច​ជាការ​ចន្លោះប្រហោង​របស់​មន្ត្រី​ថ្នាក់ក្រោម​របស់លោក ព្រោះថា​ក្នុង​ដែនជម្រកសត្វព្រៃ​ជិត​៤​ម៉ឺន​ហិកតា លោក​មាន​មន្ត្រី​ការពារ​ដែនជម្រកសត្វព្រៃ​តែ​១៥​នាក់​ប៉ុណ្ណោះ​។ ពេលខ្លះ​កិច្ចការពារ​ពិត​ជាមាន​ចន្លោះប្រហោង គឺ​ការពារ​ខាងមុខ​លួច​ចូល​ខាងក្រោយ ការពារ​ខាងក្រោយ​លួច​ចូល​ខាងមុខ ព្រោះតែ​ផ្លូវ​ឡើង​ទៅលើ​ភ្នំ​ឱ​រ៉ា​ល់​ដែនជម្រកសត្វព្រៃ មាន​ច្រក​ឡើង​ច្រើន​។ ចំណែក​ឈើ​ដែល​រឹបអូស​បាន​ចំនួន​៨៨​ដុំ​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន​ទៅកាន់​តុលាការខេត្ត​កំពង់ឆ្នាំង​៕

DSC09418 DSC09417 DSC09416 DSC09415 DSC09412 DSC09411